​ចំណូល​ពី​អង្គរ​ក្នុង​ឆ្នាំ​២០១៥​បាន​ជាង​៦០​លាន​ដុល្លារ កើនឡើង​១​ភាគរយ​​

ដោយ៖​ ទូច សុខា​ | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យដឹងថា ចំណូល​ដុល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ក្នុង​ឆ្នាំ​២០១៥​បាន​ជាង​៦០​លាន​ដុល្លារ កើន​ឡើង​ជាង​១​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៤ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មាន​ជាង​២​លាន​នាក់​កើនឡើង​ឡើង​ជិត​២​ភាគរយ​។

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ចៅ​ស៊ុន កិរិយា ប្រាប់​វី​អូ​ឌី​(VOD)​នៅ​ព្រឹក​នេះ​ថា ចំណូល​ដុល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​មាន​ចំនួន​៦០ ០៥៣ ៧០០​ដុល្លារ កើន​១,២​ភាគរយ​បើ​ប្រៀបធៀប​ជា​មួយ​ឆ្នាំ​២០១៤​។ ដោយឡែក​ចំនួន​ភ្ញៀ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​មាន​ចំនួន ២ ១០០ ០១៨​នាក់ កើន​១,៩៦​ភាគរយ​បើ​ប្រៀបធៀប​ជា​មួយ​ឆ្នាំ​២០១៤​។​

​លោកស្រី​ឲ្យដឹងថា តួលេខ​ខាងលើនេះ​នៅ​តែ​បង្ហាញ​ថា សន្ទុះ​នៃ​កំណើន​ភ្ញៀវ​ទេសចរណ៍ និង​ចំណូល​បាន​ពី​ការលក់​សំបុត្រ​នៅ​តែ​កើនឡើង បើទោះបី​ការកើនឡើង​មាន​ចំនួន​តិច​តួចក្តី​។ លោកស្រី​បញ្ជាក់​ថា ចំនួន​ភ្ញៀវទេសច​រណ៍​មាន​ចំនួន​តិច​នៅ​ដើមឆ្នាំ និង​ចុងឆ្នាំ តែ​ចំនួន​ភ្ញៀវ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ច្រើន​មាន​នៅ​ខ្ទង់​ខែមិថុនា​។​

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ​កាលពី​ឆ្នាំ​២០១៤ ចំនួន​ភ្ញៀវ​ទស​ចរណ៍​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​មាន​ចំនួន ២ ០៥៩ ៧០២​នាក់ កើន​លើស​ឆ្នាំ​២០១៣ ១,៨៨​ភាគរយ​។ ដោយឡែក​ចំណូល​ដុល​ក្នុង​ឆ្នាំ​២០១៤​មាន​ចំនួន ៥៩ ៣៤២ ០០០​នាក់ កើន​២,៨​ភាគរយ​លើស​ឆ្នាំ​២០១៣​។

​គួរបញ្ជាក់​ថា រដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​ការផ្តល់​សិទ្ធិ​ទៅឲ្យ​ក្រុមហ៊ុន សុខ គង់ ក្នុងការ​ប្រមូល​ថវិកា​ពី​ការលក់​សំបុត្រ​អង្គរ​ចាប់ពី​ឆ្នាំ​២០១៦​នេះ​ទៅ ដោយ​រដ្ឋាភិបាល​បង្កើត​គ្រឹះស្ថាន​សាធារណៈ ដើម្បី​ធុរៈកិច្ច​គ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​អង្គរវត្ត ដែលមាន​ក្រសួង​ទេសចរណ៍​និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អន្តរក្រសួង​រៀបចំ​គណៈកម្មាធិការ​នេះ​៕

សូម​សរសេរ​មកកាន់​លោក ទូច សុខា តា​រយៈ sokha@vodhotnews.com

What Next?

Recent Articles