ច្បាប់ស្ថិតិដាក់ពន្ធនាគារពី១ទៅ៦ខែចំពោះ​ម្ចាស់ក្រុមហ៊ុនដែលមិនសហការផ្តល់ទិន្នន័យ​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃពុធ ទី6 មករា 2016
http://vodhotnews.com

ព្រះមហាក្សត្របានប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីស្ថិតិកាលពីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៥ ដោយច្បាប់នេះនឹងដាក់ទោសទណ្ឌម្ចាស់ក្រុមហ៊ុនដែលមិនសហការផ្តល់ទិន្នន័យ ដោយដាក់ពន្ធនាគារចាប់ពី១ទៅ៦ខែនិង​ពិន័យជាប្រាក់​រហូត​ដល់​១០ លានរៀល។​

បើតាមឯកសារ ច្បាប់ស្តីពីស្ថិតិនេះមានគោលដីគាំទ្រសេចក្តីត្រូវការទិន្នន័យស្ថិតិរបស់អ្នកធ្វើគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការរៀបចំ វាយតម្លៃគោលនយោបាយនិងកម្មវិធីសេដ្ឋកិច្ច សង្គមកិច្ច ដែលផ្តោតលើកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងសុខុមាលភាពរបស់ប្រជាជាតិ ក៏ដូចជាសេចក្តីត្រូវការសម្រាប់អ្នកធ្វើសេចក្តីសម្រេចនិងអ្នកស្រាវជ្រាវក្នុងសហគមន៍ជាតិនិងអន្តរជាតិដ៏ទូលំទូលាយ។ ច្បាប់នេះក៏សម្រួលកិច្ចអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិឲ្យមានសមត្ថភាពនិងប្រសិទ្ធភាព បង្កើនការយល់ដឹងជាសាធារណៈនូវសារៈសំខាន់មុខងារនិងតួនាទីរបស់ស្ថិតិនៅក្នុងកម្មវិធីអភិវឌ្ឍន៍ជាតិ ។

មាត្រា៣០នៃច្បាប់នេះចែងថាមន្រ្តីរាជការបុគ្គលិកធ្វើការនៅវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការនិងអង្គភាពស្ថិតិក្នុងក្រសួងស្ថាប័នរដ្ឋាភិបាលក៏ដូចជាមន្រ្តីស្ថិតិដែលត្រូវបានចាត់តាំង នៅពេលបម្រើការងារឬបំពេញភារកិច្ចក្រោមច្បាប់នេះ ត្រូវធានារក្សាការសម្ងាត់នូវរាល់ព័ត៌មានបុគ្គលទាំងឡាយដែលបានមកពីអ្នកឆ្លើយ។ ព័ត៌មានដែលប្រមូលបានក្រោមច្បាប់នេះ ត្រូវយកមកប្រើប្រាស់តែក្នុងគោលដៅស្ថិតិប៉ុណ្ណោះ។ មាត្រា៣១នៃច្បាប់នេះចែងថាមន្រ្តីរាជការនិងស្ថិតិដែលត្រូវបានចាត់តាំងដោយក្រសួងផែនការនិងមន្រ្តីស្ថិតិដែលត្រូវបានចាត់តាំងដោយក្រសួង ស្ថាប័នរដ្ឋាភិបាលមានសិទ្ធិចេញចូលក្នុងទីកន្លែងដោយមានវត្តមានអ្នកកាន់កាប់ទីកន្លែងក្នុងគោលដៅប្រមូលទិន្នន័យស្ថិតិ។ ទីកន្លែងនោះរួមមានផ្ទះសម្បែងឬផ្នែកនៃទីបរិវេណផ្សេងទៀតដែលមានមនុស្សស្នាក់នៅដាច់ដោយឡែកនិងទីកន្លែងផ្សេងទៀត។

មាត្រា៣៣ចែងថាអ្នកឆ្លើយទាំងឡាយត្រូវផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់គ្រាន់និងទាន់ពេលវេលាជូនមន្រ្តីស្ថិតិដែលត្រូវបានចាត់តាំងដោយក្រសួងផែនការនិងបណ្តាក្រសួង ស្ថាប័នរដ្ឋាភិបាល។ ចំណែកមាត្រា៣២ចែងថាមន្រ្តីរាជការនិងស្ថិតិត្រូវបង្ហាញលិខិតបញ្ជាបេសកកម្មនិងអត្តសញ្ញាណបណ្ណផ្លូវការជូនអ្នកឆ្លើយ ហើយត្រុវប្រកាន់អាកប្បកិរិយាសុភាពរាបសានិងវិជ្ជាជីវៈ ក្នុងការសាកសួរព័ត៌មានឲ្យបានសមស្របទៅតាមទំនៀមទម្លាប់មូលដ្ឋាននិងសណ្តាប់ធ្នាប់សាធារណៈ។

បើតាមច្បាប់នេះ ក្នុងករណីមន្រ្តីរាជការនិងមន្រ្តីស្ថិតិល្មើសនឹងមាត្រា៣០ មាត្រា៣១ឬមាត្រា៣២នៃច្បាប់នេះត្រូវទទួលទណ្ឌកម្មរដ្ឋបាល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។ ចំណែកមាត្រា៣៥ចែងថាក្នុងករណីបុគ្គលឬមេគ្រួសារដែលប្រព្រឹត្តល្មើសនឹងមាត្រា៣៣ ត្រូវទទួលការព្រមានជាលាយលក្ខណ៍អក្សរដោយវិទ្យាស្ថានស្ថិតិ ហើយក្នុងករណីទទួលការព្រមាននិងនៅប្រព្រឹត្តល្មើសម្តងទៀត នឹងត្រូវពិន័យជាប្រាក់ពី១ម៉ឺនរៀលទៅ៥ម៉ឺនរៀល។

ចំណែកនិយោជកឬអ្នកទទួលខុសត្រូវក្នុងក្រុមហ៊ុនឬសហគ្រាសឬអង្គការផ្សេងទៀតដែលប្រព្រឹត្តល្មើសនឹងមាត្រា៣៣ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀល។ មាត្រា៣៦ចែងថាបុគ្គលរារាំងដោយចេតនានូវដំណើរការប្រមូលទិន្នន័យស្ថិតិដោយមន្រ្តីស្ថិតិដែលត្រូវបានចាត់តាំងដោយវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការឬមន្រ្តីស្ថិតិដែលត្រូវបានចាត់តាំង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ថ្ងៃទី១ខែនិងពិន័យជាប្រាក់ពី១ម៉ឺនរៀលទៅ១០ម៉ឺនរៀល។

អគ្គនាយិកាវិទ្យាស្ថានជាតិសិ្ថតិនៃក្រសួងផែនការ លោកស្រី ហង់ លីណា ធ្លាប់ប្រាប់វីអូឌីថាការប្រមូលទិន្នន័យនេះ ក្រសួងមិនធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនឬសហគ្រាសនោះទេ។ លោកស្រីមានប្រសាសន៍ថា៖ “ខ្ញុំអត់គិតថាមានបញ្ហាអីទេ សូមឲ្យគាត់ឆ្លើយមក ព័ត៌មានដែលយើងទទួលបានមកយើងអត់មានទៅផ្សព្វផ្សាយអីណាទេ យើងយកមកវិភាគជារួមបានយើងផ្សព្វផ្សាយ យើងអត់មានយករបស់សហគ្រាសហ្នឹងមួយ សិប្បកម្មហ្នឹងមួយមក ផ្សាយថាសិប្បកម្មហ្នឹងចេសចុះ។ យើងលាក់ឈ្មោះ លាក់ទិន្នន័យបុគ្គល ប៉ុន្តែយើងចេញជាស្ថិតិជាតិជារួម

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles