ដោយ ហង្ស សាវយុត
2016-01-06
RFA

សាលាដំបូងខេត្តព្រះវិហារ។ Photo: RFA
ជម្លោះដីធ្លីរវាងអ្នកភូមិឈ្នួន ឃុំរួសរាន់ នៃស្រុករវៀង ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឈ្មោះ ភី.អិន.ធី (PNT) បានកើតមានតាំងតែពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ រហូតមកដល់ពេលនេះ។ ក្រុមអ្នកភូមិ និងក្រុមហ៊ុន បានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តព្រះវិហារ ដោយចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការរំលោភបំពានលើដីកម្មសិទ្ធិ និងទ្រព្យសម្បត្តិ។
ក៏ប៉ុន្តែ គេសម្គាល់ឃើញថា តុលាការខេត្តព្រះវិហារ ហាក់មិនយកចិត្តទុកដាក់ពិនិត្យទៅលើបណ្ដឹងរបស់ប្រជាពលរដ្ឋទេ ហើយនៅថ្ងៃទី១៣ ខែមករា ខាងមុខ គឺតុលាការនឹងកោះហៅតំណាងអ្នកភូមិចំនួន ៤នាក់ទៅសាកសួរពីសំណុំរឿងព្រហ្មទណ្ឌ យោងតាមបណ្ដឹងរបស់ក្រុមហ៊ុនវិញ។
តំណាងប្រជាពលរដ្ឋនៅភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ចំនួន ៤នាក់ កំពុងភ័យខ្លាចក្រែងតុលាការខេត្តព្រះវិហារ ចាប់ខ្លួនពួកគេដាក់ពន្ធនាគារ។
ការព្រួយបារម្ភនេះ កើតមានបន្ទាប់ពីតុលាការបានចេញដីកាកោះហៅពួកគេ ឲ្យចូលទៅឆ្លើយបំភ្លឺជុំវិញករណីព្រហ្មទណ្ឌ នៅថ្ងៃទី១៣ ខែមករា ខាងមុខ យោងទៅតាមបណ្ដឹងរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឈ្មោះ ភី.អិន.ធី (PNT)។
តំណាងអ្នកភូមិឈ្នួន ម្នាក់ក្នុងចំណោម ៣នាក់ផ្សេងទៀតដែលមានដីកាកោះហៅរបស់តុលាការនោះ គឺលោក វង្ស សុខេងលី។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី៦ ខែមករា ថា រូបលោក និងតំណាងអ្នកភូមិ ៣នាក់ទៀត កំពុងភ័យខ្លាចចំពោះការចាប់ខ្លួនដាក់ពន្ធនាគារ។ បុរសដដែលបញ្ជាក់ថា តុលាការខេត្តព្រះវិហារ បានកោះហៅរូបគាត់ និងអ្នកភូមិឈ្មោះ សាន រ៉េត សូ ថាល់ និងថេត សុភី ទៅសាកសួរពីករណីព្រហ្មទណ្ឌក្នុងបទឧក្រិដ្ឋ នៅថ្ងៃទី១៣ ខែមករា។ លោក វង្ស សុខេងលី អះអាងថា លោកមិនដឹងថាបានធ្វើអ្វីខុសទេ គឺធ្លាប់តែតវ៉ាប្រឆាំងនឹងក្រុមហ៊ុន ភី.អិន.ធី មិនឲ្យឈូសឆាយរំលោភយកដីចម្ការរបស់លោកទំហំ ៥ហិកតារប៉ុណ្ណោះ៖ «គេចោទប្រកាន់ខ្ញុំនៅក្នុងតុលាការហ្នឹង គេថាខ្ញុំហ្នឹងញុះញង់ប្រជាពលរដ្ឋឲ្យធ្វើបទឧក្រិដ្ឋជាអាទិ៍ តែខ្ញុំមិនដែលប្រព្រឹត្តអ្វីខុសផង»។
តំណាងសហគមន៍ទំនាស់ដីធ្លីរូបនេះធ្លាប់បានក្រុមប៉ូលិស លួចឆ្មក់ចាប់ខ្លួនម្ដងមកហើយកាលពីថ្ងៃទី៤ ខែមករា កន្លងទៅ ក្នុងពេលដែលគាត់ទៅចូលរួមដេកតវ៉ាបញ្ហាទំនាស់ដីធ្លីជាមួយសហគមន៍ជនជាតិដើមភាគតិចកួយ នៅមុខសាលាខេត្តព្រះវិហារ ប៉ុន្តែសមត្ថកិច្ចបានដោះលែងវិញ ដោយសារតែអ្នកភូមិតវ៉ាខ្លាំង ដោយយកគោយន្តបិទផ្លូវមិនឲ្យមន្ត្រីសាលាខេត្តចេញចូលធ្វើការបាន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីតុលាការខេត្តព្រះវិហារ ដើម្បីសុំការអធិប្បាយជុំវិញរឿងនេះបានថាយ៉ាងណានៅឡើយ នៅថ្ងៃពុធ ទី៦ ខែមករា។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា លោកកំពុងព្រួយបារម្ភជុំវិញរឿងដែលតុលាការកោះហៅតំណាងអ្នកភូមិ ៤នាក់ទៅសាកសួរនេះ៖ «ព្រួយបារម្ភត្រង់ថា បើសិនជាក្រុមហ៊ុននៅតែមានចេតនាឲ្យតុលាការបន្តនីតិវិធី គឺតុលាការអាចប្រើឆន្ទានុសិទ្ធិឃុំខ្លួនបាន»។
ទោះយ៉ាងណា តំណាងអ្នកភូមិឈ្នួន ឃុំរួសរាន់ ទាំង ៤រូប ប្ដេជ្ញាថានឹងចូលខ្លួនទៅបំភ្លឺនៅចំពោះមុខតុលាការខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែមករា ខាងមុខ ដោយមិនគេចវេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីការពារព្រៃឈើខេត្តមណ្ឌលគិរី៤រូបរងការប្ដឹងរឿងវៀតណាមចូលកាប់ឈើ
- អាជ្ញាធរក្រុងបាត់ដំបងរុះរើផ្ទះពលរដ្ឋ៣ខ្នងដែលរស់នៅលើដីគម្រោងសួនសាធារណៈ
- សហគមន៍ទំនាស់ដីធ្លីយកគោយន្តបិទផ្លូវចូលសាលាខេត្តព្រះវិហារជាច្រើនម៉ោង
- ពលរដ្ឋប្រមាណ១០០នាក់បន្តតវ៉ាមុខតុលាការខេត្តសៀមរាបទាមទារដោះលែងចៅសង្កាត់
- សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរបន្តដេកតវ៉ានៅមុខសាលាខេត្តព្រះវិហារ
- ពលរដ្ឋសហគមន៍បុរីកីឡាធ្វើពិធីរំឭកខួបលើកទី៤នៃការបណ្ដេញចេញដោយបង្ខំ
- សហជីពចង់បានតុលាការការងារឯករាជ្យ
- តុលាការបដិសេធសំណើសុំឆ្លើយបំភ្លឺរបស់លោក សម រង្ស៊ី
- មន្ត្រីបក្សប្រឆាំងនៅកំពង់ចាមគេចខ្លួនបន្ទាប់ពីមានដីកាកោះហៅពីតុលាការ