ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី6 មករា 2016, 07:48 AM
http://vodhotnews.com
តុលាការរាជធានីភ្នំពេញបានចេញដីកាមួយបង្គាប់ឲ្យកងកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ពាក់ព័ន្ធនឹងការចោទប្រកាន់សមគំនិតក្លែងបន្លំឯកសារ ក្នុងសំណុំរឿងរបស់អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី លោក ហុង សុខហួរ។
ដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៥ ចេញដោយលោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថាលោក សម រង្ស៊ី ត្រូវចោទពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ដីកាបន្តថាលោក សម រង្ស៊ី ត្រូវបានបង្គាប់ឲ្យចូលខ្លួននៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៥ តែលោកមិនបានបង្ហាញខ្លួន។ បើតាមដីកានោះ តុលាការបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី មកឃុំខ្លួននៅពន្ធនាគារ។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចាត់ទុកករណីនេះជារឿងនយោបាយ មិនមែនជាបទល្មើសជាក់ស្តែងនិងជាការសម្តែងមតិរបស់សមាជិកព្រឹទ្ធសភា។ លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ថាបានផ្តល់ទំព័រហ្វេសប៊ុករបស់លោកសម្រាប់ចែកចាយឯកសារទាំងនោះ។
ពីទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថាលោក សម រង្ស៊ី អាចនឹងជាប់ពន្ធនាគារ ដោយលោកថាប្រធានគណបក្សប្រឆាំងរូបនេះបានឲ្យទំព័រហ្វេសប៊ុករបស់លោកក្នុងការបង្ហោះឯកសាររបស់លោក ហុង សុខហួរ។ លោក ហ៊ុន សែន បានថ្លែងធ្ងន់ៗករណី លោក ហុង សុខហួរ ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារតែលោកបានធ្វើអត្ថាធិប្បាយភ្ជាប់ជាមួយឯកសារលើប្រព័ន្ធសង្គមហ្វេសប៊ុក។
លោកមានប្រសាសន៍ថា៖ “ហើយអាម្ចាស់Page(ទំព័រ)ជានរណា ជារង្ស៊ីហ្មង(សម រង្ស៊ី) អញ្ចឹងទេអាចដល់ អាចដល់ម្នាក់ហ្នឹង ហើយបើដល់ម្នាក់ហ្នឹង ម្តងនេះខ្ញុំឈប់លើកលែងទោសឲ្យហើយ ខ្ញុំលើកលែងទោសឲ្យម្នាក់នេះពីរដង រួចមកហើយ លើកនេះអត់ទេ លើកនេះអត់ទេ ព្រៃស អត់មានទទួលស្គាល់អ្នកណាថាស្អីនេះទេ"។
គួរបញ្ជាក់ថាលោក សម រង្ស៊ី កំពុងជាប់ពាក់ព័ន្ធនឹងរឿងបរិហាកេរ្តិ៍ តាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីលោក ហេង សំរិន ករណីបង្ហោះឯកសារតាមហ្វេសប៊ុក។ លោកក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ គណបក្សសង្រ្គោះជាតិចាត់ទុកថានេះជាដីកានយោបាយ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com