ដោយ ហ៊ុំ ចំរើន
2016-01-06
RFA

រោងនៃពិធីបុណ្យស្រូវនិងចំបើងនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។
ពិធីបុណ្យស្រូវ និងបុណ្យចំបើងចំនួន ៣យប់ ៣ថ្ងៃ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តច្រើនជាងឆ្នាំកន្លងទៅ។ អាជ្ញាធរខេត្តបន្ទាយមានជ័យ រំពឹងថា ពិធីបុណ្យឆ្នាំ២០១៦ នេះនឹងមានមនុស្សមកទីជិតទីឆ្ងាយទៅទស្សនាប្រមាណ ៥ម៉ឺន (៥០,០០០) នាក់ចូលទស្សនា។
នៅក្នុងទីលានបុណ្យស្រូវ និងបុណ្យចំបើងនៅខេត្តបន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធបានយកចំបើងរៀបចំធ្វើជារូបភាពផ្សេងៗ ដូចជាផ្ទះកូនកំលោះ និងកូនក្រមុំរបស់ជនជាតិដើមភាគតិច សួនកសិកម្មបណ្ដុះផ្សិត និងរូបកំផែងប្រាសាទអង្គរវត្តជាដើម រៀបយ៉ាងល្អប្រណិតដាក់តាំងឲ្យភ្ញៀវទេសចរចូលទស្សនាកម្សាន្តរៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋភាគច្រើននាំគ្នាដើរថតផ្ដិតយករូបភាពនៅក្នុងទីលានបុណ្យនោះ តាំងពីព្រឹករហូតដល់យប់ ជាពិសេសគឺផ្ទះរបស់ជនជាតិដើមភាគតិចតែម្ដង។
អ្នកទស្សនាពិធីបុណ្យស្រូវមកពីខេត្តសៀមរាប ម្នាក់ គឺយុវជន ហូ ប៊ុនឆៃ ថ្លែងក្នុងទឹកមុខញញឹមញញែមថា លោកមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានទស្សនាកម្សាន្តពិធីបុណ្យស្រូវ និងបុណ្យចំបើងនេះ ពីព្រោះពិធីបុណ្យនេះមានរូបភាពស្រស់ស្អាតបែបធម្មជាតិសម្រាប់ឲ្យទស្សនា។
យុវជនរូបនេះបន្តថា នេះជាលើកទី២ហើយ ដែលលោកបានចូលទស្សនាកម្សាន្តពិធីបុណ្យស្រូវនេះ បន្ទាប់ពីបានទស្សនាម្ដងកាលពីឆ្នាំ២០១៥ កន្លងទៅ៖ «បាទ! អាជ្ញាធរគួរតែរៀបចំពិធីនេះឡើងទៀត ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងអំពីអត្ថប្រយោជន៍របស់ស្រូវកាន់តែច្រើនបន្ថែមទៀត»។
ពិធីបុណ្យនេះ នៅពេលព្រឹកមានប្រជាពលរដ្ឋទៅទស្សនាមានចំនួនតិចតួច គឺអ្នកទេសចរណ៍និយមទៅលេងច្រើននៅពេលរសៀលចាប់ពីម៉ោង ៣ រហូតដល់ម៉ោង ៨យប់។
អ្នកទស្សនាកម្សាន្តម្នាក់ទៀត ឈ្មោះ សៅ លីឈិង ថ្លែងថា រូបគេក៏មានការរំភើបនៅក្នុងចិត្តដែរ ដែលបានចូលទស្សនាក្នុងពិធីបុណ្យស្រូវ និងបុណ្យចំបើងនេះ ប៉ុន្តែលោកសំណូមពរឲ្យអាជ្ញាធរគួរដាក់តាំងរូបភាពធ្វើអំពីចំបើងឲ្យបានច្រើនជាងនេះជាការប្រសើរ។
លោកបញ្ជាក់ថា នៅខ្វះរូបភាពសំខាន់ៗ រួមមានប្រាសាទបូរាណ រូបសត្វដែលមាននៅក្នុងប្រទេសកម្ពុជា មានជាអាទិសត្វខ្លា ដំរី និង គោ ក្របី ជាដើម៖ «បាទ! អាជ្ញាធររៀបចំពិធីបុណ្យស្រូវ និងបុណ្យចំបើងនេះជាការប្រសើរណាស់ ដើម្បីឲ្យប្រជាពលរដ្ឋយល់ពីប្រយោជន៍របស់ចំបើង។ អាជ្ញាធរគួរតែជំរុញរៀបចំពិធីបុណ្យនេះឲ្យបានល្អនៅឆ្នាំក្រោយៗទៀត»។
ពិធីបុណ្យដែលយកចំបើងធ្វើជារូបភាពឲ្យអ្នកទេសចរណ៍ចូលទស្សនានេះ គឺជាបុណ្យស្រូវថ្នាក់ជាតិលើកដំបូងនៅកម្ពុជា ក្រោមការដឹកនាំរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ សហការជាមួយក្រសួងទេសចរណ៍ និងការិយាល័យផ្នែកជំរុញវិនិយោគរបស់ជនជាតិកូរ៉េ ហៅកាត់ថា កត់ត្រា (KOTRA) នៃស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅប្រទេសកម្ពុជា។ ពិធីនេះ ធ្វើឡើងចំនួន ៣យប់ ៣ថ្ងៃ ប៉ុន្តែការប្រគំតន្ត្រីសម័យខ្នាតធំ និងការសម្ដែងល្ខោនបាសាក់ចែកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនារៀងរាល់រាត្រីរហូតដល់ថ្ងៃទី៧ មករា។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍ថា ការរៀបចំពិធីបុណ្យស្រូវ និងបុណ្យចំបើងនេះឡើង ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋយល់ដឹងអំពីអត្ថប្រយោជន៍របស់ស្រូវ និងចំបើង ហើយម្យ៉ាងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាខេត្តបន្ទាយមានជ័យ ឲ្យបាច្រើនកុះករ៖ «ព្រោះអីនៅទីលានរៀបចំបុណ្យស្រូវនេះ នៅជាប់ផ្លូវជាតិលេខ៦ ដែលមានភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរឆ្លងកាត់ច្រើន។ ដូច្នេះយ៉ាងហោចណាស់ក៏ពួកគាត់ឈប់រថយន្តចូលទស្សនាកម្សាន្តចន្លោះពី១០ ទៅ ១៥នាទីដែរ»។
មន្ត្រីការិយាល័យជំរុញផ្នែកវិនិយោគកត់ត្រា នៃស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា លោក លី ឆីហូ (Lee Chiho) បានប្រាប់វិទ្យុអាស៊ីសេរី នៅទីលានរៀបចំពិធីបុណ្យស្រូវនោះថា មូលហេតុដែលរៀបចំពិធីបុណ្យស្រូវនៅក្នុងខេត្តបន្ទាយមានជ័យ ដោយសារខេត្តនេះមានប្រជាកសិករធ្វើស្រែច្រើន ហើយម្យ៉ាងទៀត ពួកគាត់នៅតំបន់នោះជួបគ្រោះទឹកជំនន់ញឹកញាប់ជាងគេ៖ «ខ្ញុំសប្បាយចិត្តណាស់ដែលចូលរួមរៀបចំពិធីបុណ្យស្រូវនេះ ពីព្រោះវត្ថុដែលយើងយករៀបចំនោះវាជាចំបើងរបស់ប្រជាកសិករយកទៅកែច្នៃដាក់ឲ្យភ្ញៀវទេសចរមកទីជិត ទីឆ្ងាយទស្សនាកម្សាន្ត»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា សាទរនូវពិធីបុណ្យស្រូវ និងបុណ្យចំបើងនេះ ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋយល់ដឹងអំពីអត្ថប្រយោជន៍របស់ស្រូវ និងចំបើង។ ប៉ុន្តែលោកបញ្ជាក់ថា ប្រជាកសិករខេត្តបន្ទាយមានជ័យ ពុំបានទទួលផលប្រយោជន៍ពីធីបុណ្យនេះឡើយ ពីព្រោះពិធីបុណ្យនេះពុំបានជំរុញឲ្យតម្លៃកសិផលរបស់ប្រជាកសិករឡើងខ្ពស់នោះទេ៖ «អាជ្ញាធរគួរពិនិត្យមើលដែរ ថាតើរៀបចំពិធីបុណ្យស្រូវនេះផ្ដល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋដែល ឬទេ? មិនមែនធ្វើដើម្បីឲ្យតែល្អមើលហើយបានផលប្រយោជន៍ប្រជាកសិករនោះទេ»។
អាជ្ញាធរខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ពិធីបុណ្យស្រូវ និងបុណ្យចំបើងឆ្នាំ២០១៦ ចំណាយថវិកាអស់ប្រមាណ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះថវិកាមួយផ្នែកជារបស់សាលាខេត្តបន្ទាយមានជ័យ ថវិកាជំនួយការិយាល័យជំរុញវិនិយោគកត់ត្រារបស់កូរ៉េខាងត្បូង និងថវិការបស់ក្រសួងទេសចរណ៍។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋទៅទស្សនាក្នុងពិធីបុណ្យនេះប្រហែល ១ម៉ឺននាក់ក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

រោងនៃពិធីបុណ្យស្រូវនិងចំបើងនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។

ផ្ទះធ្វើពីចំបើងក្នុងពិធីបុណ្យស្រូវនិងចំបើងនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។

ទិដ្ឋភាពទីកន្លែងកម្សាន្តក្នុងពិធីបុណ្យស្រូវនិងចំបើងនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។

ទិដ្ឋភាពទីកន្លែងកម្សាន្តក្នុងពិធីបុណ្យស្រូវនិងចំបើងនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។

ទិដ្ឋភាពទីកន្លែងកម្សាន្តក្នុងពិធីបុណ្យស្រូវនិងចំបើងនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។

រូបចំបើងធ្វើជាឈ្មោះខេត្តបន្ទាយមានជ័យ ជាភាសាអង់គ្លេស។

ទិដ្ឋភាពទីកន្លែងកម្សាន្តក្នុងពិធីបុណ្យស្រូវនិងចំបើងនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។
អត្ថបទដែលទាក់ទង
- ពិធីបុណ្យស្រូវនិងចំបើងនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ
- អ្នកទេសចរជាង២០ម៉ឺននាក់ចូលរួមពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃនៅខេត្តកំពត
- ពលរដ្ឋបារម្ភខ្លាចបាត់បង់ទំនៀមទម្លាប់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក
- លោក ហ៊ុន សែន ព្រមានអ្នកវិភាគដែលថារដ្ឋាភិបាលលុបបុណ្យអុំទូកព្រោះខ្លាចមានបាតុកម្ម
- រដ្ឋាភិបាលសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ
- អាជ្ញាធរខេត្តបាត់ដំបងរៀបចំពិធីបុណ្យអុំទូកនៅស្ទឹងសង្កែរយៈពេល២ថ្ងៃ
- វត្តមួយក្នុងខេត្តកំពង់ឆ្នាំងមិនសូវមានពុទ្ធបរិស័ទទៅធ្វើបុណ្យក្នុងរដូវភ្ជុំបិណ្ឌ
- តើពលរដ្ឋខេត្តកំពង់ចាមបួងសួងចង់បានអ្វីខ្លះនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ?
- វត្តមួយក្នុងខេត្តព្រះវិហារខ្សត់ខ្សោយចង្ហាន់នៅរដូវកាន់បិណ្ឌ