សង្គម​ស៊ីវិល​ថា​ពលរដ្ឋ​នៅ​តែ​បារម្ភ​ពី​បញ្ហា​អសន្តិសុខ

ដោយ អ៊ុំ រង្សី
2016-01-05
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អំ សំអាត នី ចរិយា ៦២០
អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត (ស្ដាំ) និង​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី ចរិយា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥។ Photo: RFA

អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​របាយការណ៍​ប្រចាំ​ឆ្នាំ​សម្រាប់​នៅ​រាជធានី​ភ្នំពេញ​ថា បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង​នៅ​ឆ្នាំ​២០១៥ មាន​ការ​ថយ​ចុះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ថយ​ចុះ​នេះ​នៅ​តែ​ជា​ចំនួន​តិចតួច​នៅ​ឡើយ ដោយ​គេ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ត្រូវ​តែ​ចាត់​វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត។

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​លើក​ឡើង​ថា ការ​ថយ​ចុះ​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ភ្នំពេញ ឆ្នាំ​២០១៥ នៅ​តែ​ថយ​ចុះ​តិចតួច​នៅ​ឡើយ​នេះ នៅ​តែ​ជា​ក្ដី​បារម្ភ​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​អសន្តិសុខ។

មន្ត្រី​សង្គម​ស៊ីវិល ទទូច​ឲ្យ​សមត្ថកិច្ច​ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កុំ​ឲ្យ​មាន​អំពើ​អយុត្តិធម៌ និង​បញ្ហា​អសន្តិសុខ​កើត​ឡើង​នៅ​ក្នុង​សង្គម​បន្ត​ទៀត។

មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា បទល្មើស​នៅ​តែ​កើត​ឡើង​ច្រើន​ដដែល​នេះ បណ្ដាល​មក​ពី​កត្តា​គ្រឿងញៀន កម្លាំង​សមត្ថកិច្ច​មាន​ចំនួន​តិច កត្តា​អត់​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ និង​ការ​អនុវត្ត​គោ​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព មិន​ទាន់​មាន​ប្រសិទ្ធភាព​ជាដើម។

ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជូន សុវណ្ណ បាន​បង្ហាញ​របាយការណ៍​ថា នៅ​ភ្នំពេញ មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង​មាន​ចំនួន ៧៦៥​លើក ថយ​ចុះ ៧៩​លើក បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤។ ក្នុង​ចំណោម​បទល្មើស​ព្រហ្មទណ្ឌ​ដែល​កើត​មាន​ចំនួន ៧៦៥​លើក​នោះ មាន​បទល្មើស​ឧក្រិដ្ឋ​កើត​ឡើង​ចំនួន ១៨១​លើក ថយ​ចុះ ៨​លើក ហើយ​បទល្មើស​មជ្ឈិម ៥៨៤​លើក ថយ​ចុះ​បាន ៧១​លើក។

ការ​បង្ហាញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​ដក​បទពិសោធន៍ សភាពការណ៍ លទ្ធផល​ប្រតិបត្តិការ​បង្ការ​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន និង​សណ្ដាប់ធ្នាប់​ចរាចរណ៍ ប្រចាំ​ឆ្នាំ​២០១៥ របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា។

​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ទៀត​ថា តួលេខ​នេះ​នៅ​តែ​ថយ​ចុះ​តិចតួច។ ជាក់ស្ដែង​បទល្មើស​ព្រហ្មទណ្ឌ ដូចជា​ករណី​ប្លន់ ករណី​ចោរកម្ម​ជាដើម នៅតែ​ជា​ក្ដី​បារម្ភ​នៅ​ឡើយ។ លោក​ថា កន្លង​មក ទោះ​ជា​រដ្ឋាភិបាល​អះអាង​ថា បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង​ដោយសារ​តែ​មាន​ការ​ដោះលែង​ទណ្ឌិត​ក្ដី ប៉ុន្តែ​លោក​ថា នៅ​មាន​កត្តា​ជា​ច្រើន​ទៀត ដែល​បណ្ដាល​ឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង។

​លោក អំ សំអាត យល់​ថា ដើម្បី​ឲ្យ​ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​មាន​ប្រសិទ្ធភាព លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ទីផ្សារ​ការងារ​របស់​ពលរដ្ឋ ព្រមទាំង​ពង្រឹង​សមត្ថភាព​របស់​កងកម្លាំង​សមត្ថកិច្ច​ក្នុង​ការងារ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន និង​បំបាត់​អំពើ​ពុករលួយ​នៅ​ប្រព័ន្ធ​តុលាការ៖ «ត្រូវ​តែ​បន្ថែម​នៅ​កងកម្លាំង​សមត្ថកិច្ច​តាម​ប៉ុស្តិ៍​ឲ្យ​បាន​ច្រើន។ មធ្យោបាយ​ធ្វើ​ដំណើរ​របស់​សមត្ថកិច្ច​ពង្រឹង​សមត្ថភាព​របស់​គាត់​ឲ្យ​បាន​ប្រសើរ ព្រម​ទាំង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព»

​ចំណែក​ឯ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី ចរិយា មាន​ប្រសាសន៍​ថា ទោះ​ជា​ការ​ថយ​ចុះ​នៃ​បទល្មើស​ព្រហ្មទណ្ឌ​បង្ហាញ​ថា ជា​សញ្ញា​វិជ្ជមាន​ក្ដី ប៉ុន្តែ​ចំនួន​នេះ​គ្រាន់តែ​នៅ​ភ្នំពេញ ប៉ុណ្ណោះ ដោយ​ឡែក​ថ្មីៗ​នេះ ករណី​ប្លន់​បាន​រីក​រាលដាល​ទៅ​បណ្ដា​ខេត្ត​ជា​ច្រើន​ទូទាំង​ប្រទេស​កម្ពុជា។

លោក​យល់​ថា មាន​តែ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​ឲ្យ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ ទើប​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ថយ​ចុះ​ទាំង​ស្រុង​បាន៖ «ប្រសិនបើ​តុលាការ​យើង​នៅ​តែ​មិន​ទាន់​មាន​ឯករាជ្យភាព ហើយ​នៅ​តែ​ទទួល​រង​ការ​រិះគន់​ថា អត់​តម្លាភាព នឹង​មិន​អាច​រួម​ចំណែក​អី​ជួយ​ទប់ស្កាត់​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ឡើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ដើម្បី​សុំ​បំភ្លឺ​បន្ថែម​ជុំវិញ​ករណី​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៥ ខែ​មករា។ ប៉ុន្តែ​ក្នុង​ពិធី​ប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១៥ លោក ជួន សុវណ្ណ បាន​បញ្ជាក់​ទៀត​ថា សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន ៥៧០​ករណី ស្មើ​នឹង ៧៤,៥០% នៃ​បទល្មើស​រួម។ ឃាត់​ជនល្មើស​បាន​ចំនួន ៨១៦​នាក់ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ ១១២​ករណី ឃាត់​ខ្លួន ២០៦​នាក់ និង​បទល្មើស​មជ្ឈិម​មាន ៤៥៨​ករណី ឃាត់​ខ្លួន​បាន ៦១០​នាក់។

​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​ទប់ស្កាត់​ការ​ចរាចរ​អាវុធ​ខុស​ច្បាប់ និង​ការ​ដាក់​ទោស​ចំពោះ​ជនល្មើស​ដែល​ប្រើប្រាស់​អាវុធ​បាញ់​សម្លាប់ មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ឲ្យ​បាន បើ​ពុំ​នោះ​ទេ សកម្មភាព​ប្លន់ ឬ​ការ​ប្រមាថ​អាយុ​ជីវិត​មនុស្ស​នៅ​តែ​ប្រឈម​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles