ដោយ អ៊ុំ រង្សី
2016-01-06
RFA

ក្រុមសហជីព បានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ឲ្យជួយអន្តរាគមន៍ជុំវិញករណីកូដកម្មទាមទារលក្ខខណ្ឌការងាររបស់កម្មករនៃរោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ខេមបូឌា (Agile Sweater Cambodia) នៅខេត្តកំពង់ស្ពឺ ជាបន្ទាន់ នៅថ្ងៃទី៦ មករា។ ការស្នើសុំនេះ បន្ទាប់ពីក្រុមកម្មកររោងចក្រនេះ បានផ្ទុះការតវ៉ាចាប់តាំងពីថ្ងៃទី២៥ ខែធ្នូ មក តែនៅមិនទាន់មានដំណោះស្រាយពីភាគីរោងចក្រនៅឡើយ។
ក្រុមសហជីពយល់ថា ថៅកែរោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ មិនបានគោរពច្បាប់ការងាររបស់កម្ពុជា ឡើយ ព្រោះថា កម្មករបានជួបជុំគ្នាតវ៉ាដោយអហិង្សាជិតពីរសប្ដាហ៍ទៅហើយ ប៉ុន្តែក្រុមហ៊ុននៅតែមិនចេញមុខដោះស្រាយ តែបែរជាជួលក្រុមជើងកាងឲ្យមកគំរាមកំហែងក្រុមកម្មករទៅវិញ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែមករា ថា មូលហេតុដែលសហជីពលោកដាក់លិខិតសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ គឺដើម្បីជំរុញឲ្យរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ដោះស្រាយលក្ខខណ្ឌការងារជូនកម្មករ ដើម្បីបញ្ចប់វិវាទ និងការរំលោភសិទ្ធិកម្មករ ដែលរោងចក្របានធ្វើកន្លងមក។
បន្ថែមពីនេះ តំណាងសហជីពរូបនេះបានឲ្យដឹងទៀតថា ទោះជាមានការសម្របសម្រួលពីមន្ទីរការងារខេត្ត និងអាជ្ញាធរខេត្តកំពង់ស្ពឺ ក៏ដោយ គិតត្រឹមថ្ងៃទី៦ មករា នេះ ក្រុមកម្មករដែលតវ៉ាដោយសន្តិវិធី នៅតែមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយពីភាគីរោងចក្រ។ ជាងនេះទៀត លោក ប៉ាវ ស៊ីណា អះអាងថា ក្រុមហ៊ុនបានជួលក្រុមជើងកាងមកគំរាមកំហែង និងបំផ្លាញសម្ភារៈរបស់កម្មករដែលប្រើសម្រាប់តវ៉ាទាមទារទៅវិញ៖ «អ្វីដែលសំខាន់ គឺនិយោជកអត់បានដោះស្រាយអ្វីដែលជាការស្នើសុំរបស់កម្មករ។ អាហ្នឹងវាចេតនាបំបាក់ស្មារតីកម្មករ ធ្វើឲ្យកម្មករភិតភ័យ លែងឲ្យកម្មករតវ៉ាបន្តទៀត។ ដូច្នេះមានតែការអន្តរាគមន៍ពីក្រសួងការងារ ប៉ុណ្ណោះ»។
ចំណែកឯតំណាងកម្មកររោងចក្រ អ៊ែដ្យាយល៍ ស្វែតថឺ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោក ឃិន ឧត្តម ឲ្យដឹងថា មូលហេតុដែលក្រុមកម្មករនៅតែបន្តតវ៉ា គឺដើម្បីទាមទារលក្ខខណ្ឌការងារ ៩ចំណុច ក្នុងនោះស្នើសុំឲ្យក្រុមហ៊ុនគិតតម្លៃឡូតាមស្តង់ដារ បន្ថែមលុយបាយថែមម៉ោង ២.០០០រៀល ដករដ្ឋបាលរោងចក្រឈ្មោះ សេន ឌី ស្នើឲ្យក្រុមហ៊ុនកុំបញ្ឈប់កម្មករ និងបញ្ឈប់ការតាមចាប់ខ្លួនតំណាងកម្មករ ព្រមទាំងស្នើលក្ខខណ្ឌការងារមួយចំនួនផ្សេងទៀត។
បញ្ហានេះ លោកអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងការងារ ត្រូវតែចាត់វិធានការជាបន្ទាន់៖ «ក្រុមហ៊ុនហ្នឹងបញ្ឈប់ពួកខ្ញុំអត់មានមូលហេតុ អាហ្នឹងជាអ្វីដែលចង់តវ៉ា និងស្នើឲ្យថែមលុយថ្លៃបាយ។ សូមឲ្យក្រុមហ៊ុនប្ដូរកិច្ចសន្យាពី ៣ខែទៅ ១ឆ្នាំវិញ និងសុំឲ្យក្រុមហ៊ុនគិតប្រាក់ឈ្នួលជូនកម្មករធ្វើការងារនៅក្នុងថ្ងៃបុណ្យ ហើយសូមឲ្យឆាប់ដោះស្រាយកុំអូសបន្លាយបន្តទៀត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីដឹងពីវិធានការយ៉ាងណាជុំវិញករណីកូដកម្មនេះបាននៅឡើយទេ នៅថ្ងៃទី៦ ខែមករា។
ប៉ុន្តែ លោក ប៉ាវ ស៊ីណា ឲ្យដឹងថា លិខិតសុំឲ្យអន្តរាគមន៍រឿងកូដកម្ម ដែលបានដាក់ជូនរដ្ឋមន្ត្រីក្រសួងការងារ ត្រូវបានគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក សយ សុជាតិ បានចេញមកទទួល ហើយសន្យាថានឹងដោះស្រាយក្នុងសប្ដាហ៍នេះ។
ករណីនេះដែរ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងភាគីរោងចក្រ អ៊ែដ្យាយល៍ ស្វែតថឺ ដើម្បីដឹងពីជំហររបស់ខ្លួនលើដំណោះស្រាយកូដកម្មនេះយ៉ាងណានៅឡើយ។
ប៉ុន្តែតំណាងភាគីរោងចក្រ លោក មួរ ផាន់នី ធ្លាប់អះអាងប្រាប់វិទ្យុអាស៊ីសេរី ថា កាលពីពេលកន្លងទៅ ក្រុមហ៊ុនធ្លាប់បានដោះស្រាយជូនកម្មករនៅមន្ទីរការងារខេត្តរួចហើយ ប៉ុន្តែមានសហជីពចំនួន៣ នៅតែញុះញង់ឲ្យកម្មករតវ៉ា។ លោកបញ្ជាក់ដែរថា ការទាមទាររបស់កម្មករ គឺលើសពីច្បាប់បានកំណត់។
យ៉ាងណាក៏ដោយ ក្រុមកម្មករ និងក្រុមសហជីពបញ្ជាក់ថា ពួកគេនឹងនៅតែបន្តតវ៉ាមិនចូលធ្វើការឡើយ បើមិនមានដំណោះស្រាយសមរម្យពីខាងរោងចក្រ ឬមិនមានអន្តរាគមន៍ណាមួយពីក្រសួងការងារ នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហជីព៖ កម្មករនៅបាវិត៤នាក់អាចនឹងត្រូវដោះលែងនៅពាក់កណ្ដាលខែនេះ
- កម្មកររោងចក្រមួយនៅខេត្តកំពង់ស្ពឺបន្តតវ៉ាទាមទារលក្ខខណ្ឌការងារ១១ចំណុច
- សហជីពចង់បានតុលាការការងារឯករាជ្យ
- អាជ្ញាធរនឹងទប់ស្កាត់ការធ្វើពិធីរំលឹកខួបអ្នកស្លាប់នៅផ្លូវវ៉េងស្រេង
- អតីតអ្នកបើកបរឡានកាពីតូលតវ៉ាធ្វើយុទ្ធនាការឲ្យពលរដ្ឋផ្អាកប្រើសេវាឡានក្រុងនេះ
- អតីតអ្នកបើកបរឡានក្រុងកាពីតូលជាង៥០នាក់ទាមទារឲ្យក្រុមហ៊ុនយកពួកគេចូលធ្វើការ
- បណ្ណាល័យកម្មករត្រូវដាក់ឲ្យប្រើផ្លូវការជាលើកទី១នៅកម្ពុជា
- កម្ពុជាផ្ញើកំណត់ទូតស្នើសុំទិដ្ឋាការជូនពលករជិត៧ម៉ឺននាក់ទៅធ្វើការនៅថៃ
- សង្គមស៊ីវិលជំរុញឲ្យក្រសួងការងារដោះស្រាយបញ្ហាជូនកម្មករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
