ដោយ៖ ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃពុធ ទី6 មករា 2016
http://vodhotnews.com
ស្នងការនគរបាលខេត្តបាត់ដំបង លោក ស ថេត ច្រានចោលការចោទប្រកាន់ថាមានការរីករាលដាលល្បែងស៊ីសងខ្នាតធំនៅក្នុងខេត្ត តែលោកទទួលស្គាល់ថា បញ្ហាល្បែងស៊ីសងនៅតែបន្តកើតមានក្នុងទ្រង់ទ្រាយតូច ហើយអាជ្ញាធរបានចុះបង្ក្រាបជាបន្តបន្ទាប់។
លោក ស ថេត បានធ្វើការបដិសេធបែបនេះតាមរយៈលិខិតឆ្លើយបំភ្លឺរបស់លោកទៅកាន់អង្គភាពប្រឆាំងអំពើរលួយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារម្សិលមិញ។ បើតាមលិខិតនោះ អង្គភាពប្រឆាំងបានទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងការរីករាលដាលការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងខេត្តនេះរួមមានបៀរ អាប៉ោង កន្ទុយលេខ (ឆ្នោត) និងល្បែងផ្នល់ទឹកភ្លៀង ដោយមានបញ្ជាក់ពីទីកន្លែង និងឈ្មោះម្ចាស់កន្លែងផងដែរ។
នៅក្នុងលិខិតឆ្លើយបំភ្លឺនោះ ស្នងការនគរបាលខេត្តបាត់ដំបងលោក ស ថេត បានបដិសេធថាមិនមានល្បែងស៊ីសងដែលមានទ្រង់ទ្រាយធំដូចការចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងរបស់ពលរដ្ឋនោះទេ។ ទោះយ៉ាងណា លោកបានទទួលស្គាល់ថា តាមការកត់សម្គាល់នៅមូលដ្ឋានភូមិឃុំមួយចំនួន បញ្ហាល្បែងស៊ីសងនៅតែបន្តកើតមាន តែក្នុងទ្រង់ទ្រាយតូចៗ និងមានការលួចលាក់បិទបាំងតាមកន្លែងលក់ទំនិញ និងនៅតាមស្រុកស្រែជនបទសម្រាប់ល្បែងបៀរ និងអាប៉ោង។ លោកបន្តថា ចំណែកឯល្បែងទឹកភ្លៀងគឺមានសកម្មភាពលួចលាក់ ពុំមានទីកន្លែងពិតប្រាកដ ដោយទំនាក់ទំនងគ្នាតាមរយៈទូរស័ព្ទ និងវិទ្យុទាក់ទង រួចទូរទាត់តាមកន្លែងប្តូរប្រាក់ ។
លោក ស ថេត បញ្ជាក់ទៀតថា ដោយសារការលេងល្បែងស៊ីសងខ្លះទំនាក់ទំនងគ្នាតាមទូរស័ព្ទ វិទ្យុទាក់ទង និងមានការចល័តកន្លែងលេង ធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការស្វែងរកភស្ភុតាង ដើម្បីចាប់ខ្លួនបញ្ជូនទៅសាលាដំបូងផ្តន្ទាទោស ប៉ុន្តែព្រះរាជអាជ្ញាបានអនុញ្ញាតឲ្យសមត្ថកិច្ចហៅអ្នកទាំងនោះមកធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាឲ្យឈប់លេងល្បែងស៊ីសងជាបន្តទៀត។
លោក ស ថេត បានឲ្យវីអូឌីដឹងបន្ថែមថា ពាក់ព័ន្ធនឹងករណីលែងល្បែងស៊ីសងនៅក្នុងឃុំជ្រៃដែលបានបញ្ជាក់នៅក្នុងពាក្យបណ្ដឹងនោះគឺជាការលេងល្បែងស៊ីសងខ្នាតតូច ហើយសមត្ថកិច្ចបានចុះទៅបង្ក្រាបជាច្រើនលើកច្រើនសារមកហើយ។ លោកថា ការដែលនាំឲ្យមានពាក្យបណ្តឹងនោះគឺដោយសារតែមានជម្លោះរវាងអ្នកលេងល្បែង និងអ្នកលេងល្បែងគ្នា។
លោកមានប្រសាសន៍ថា៖ “អាហ្នុងហើយវាឈ្លោះគ្នាហ្នឹង អាកន្លែងហ្នឹងណា ត្រង់ឃុំជ្រៃហ្នឹងណា រឿងប្រដាល់រឿងអីថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងណា ដល់យើងទៅសិក្សាទៅអីទៅ យើងមើលទៅគាត់ឈ្លោះគ្នា …. មិនតិចដងទេប៉ុន្តែយើងឃើញថាឃើញគ្នាអ៊ីចឹងអើ ពោះធំ ពិការ ស្អីៗហ្នឹងគាត់ទៅឈរមើលមិនដឹងថាគាត់អ៊ីចឹង[ភ្នាល់គ្នា] មែនឬក៏អត់? យើងក៏សហការជាមួយតុលាការអប់រំវិធានការណ៍អប់រំអ៊ីចឹងទៅណា យើងមិនចង់កំប៉ិកកំប៉ុកយកទៅដាក់គុកដាក់ច្រវាក់ទេ កូនខ្មែរដូចតែគ្នាយើងវាមានវិធានការណ៍ដោះស្រាយ ក្រៅប្រព័ន្ធតុលាការបានយើងអប់រំដោះស្រាយទៅ”។
គួរបញ្ជាក់ថា កាលពីចុងខែធ្នូ ឆ្នាំ២០១៥ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ប៉ោ វណ្ណៈ បានរងការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ ករណីយកប្រាក់ពីឈ្មួញបើកបនល្បែងស៊ីសងខុសច្បាប់និងជម្រិតទារប្រាក់ពីក្មេងៗដែលកងរាជអាវុធហត្ថចោទប្រកាន់ថាបានប្រើប្រាស់គ្រឿងញៀន។ ទោះយ៉ាងណា លោក ប៉ោ វណ្ណៈ បានច្រានចោលការចោទប្រកាន់នេះ និងអះអាងថា លោកបានខិតខំបង្ក្រាបបទល្មើសគ្រប់ប្រភេទ៕
សរសេមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com
