ដោយ ជិន ជេដ្ឋា
2016-01-06
RFA

អាជ្ញាធរឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គ្រោងបញ្ចេញថវិកាអភិវឌ្ឍឃុំឆ្នាំ២០១៦ ដើម្បីស្ថាបនាផ្លូវមួយខ្សែប្រវែងជាង ២គីឡូម៉ែត្រ ទៅតំបន់ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ។ តំណាងសហគមន៍ សាទរចំពោះគម្រោងនេះ ហើយសង្ឃឹមថា សេដ្ឋកិច្ចគ្រួសាររបស់អ្នកភូមិនៃឃុំក្បាលទឹក នឹងរីកចម្រើនជាងមុនតាមរយៈការបម្រើសេវាកម្មជូនភ្ញៀវទេសចរ។
មេឃុំក្បាលទឹក ឲ្យដឹងនៅថ្ងៃទី៥ ខែមករា ថា កញ្ចប់ថវិកាសម្រាប់អភិវឌ្ឍឃុំក្នុងមួយឆ្នាំៗមានចន្លោះពី ៥០លានរៀលទៅ ៦០លានរៀលនោះ នឹងបែងចែកទៅស្ថាបនាផ្លូវទៅកាន់តំបន់ទឹកធ្លាក់ក្នុងឆ្នាំ២០១៦ នេះ។
មេឃុំក្បាលទឹក ស្រុកទឹកផុស អ្នកស្រី ស៊ឹម រ៉ុន មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំបានព្រមព្រៀងគ្នារួចហើយថា នឹងស្ថាបនាផ្លូវនេះ ហើយអាជ្ញាធរស្រុក និងខេត្ត ក៏បានចុះវាស់កំណត់ប្រវែងផ្លូវដែលត្រូវធ្វើនោះរួចហើយដែរ កាលពីចុងឆ្នាំ២០១៥។ អ្នកស្រីថា គម្រោងស្ថាបនាផ្លូវនេះនៅមានដំណាក់កាលដេញថ្លៃទៀត ប៉ុន្តែក្នុងនាមអ្នកស្រីជាមេឃុំ អ្នកស្រីប្ដេជ្ញាថានឹងបញ្ចប់គម្រោងនេះក្នុងឆ្នាំ២០១៦៖ «កន្លែងហ្នឹង គឺជាអាទិភាព បានយើងជាក្រុមប្រឹក្សាឃុំអនុម័តទាំងអស់គ្នាថា ដាក់នៅកន្លែងហ្នឹង ហើយខាងសហគមន៍ថាកន្លែងហ្នឹងជាតំបន់ទឹកធ្លាក់ យើងអាចឲ្យប្រជាពលរដ្ឋមកកម្សាន្ត ដើម្បីឲ្យឃើញទេសភាពក្នុងឃុំយើងហ្នឹងមានទឹកធ្លាក់»។
អ្នកស្រី ស៊ឹម រ៉ុន បញ្ជាក់ថា ផ្លូវដែលត្រូវធ្វើនេះមិនមែនជាផ្លូវក្រាលកៅស៊ូ ឬក្រួសក្រហមនោះទេ ប៉ុន្តែជាប្រភេទផ្លូវធម្មជាតិ ដោយកន្លែងខ្លះត្រូវក្រាលដីក្រាលខ្សាច់ និងកន្លែងខ្លះក្រាលដីកណ្ដេង។ ផ្លូវនេះនឹងធ្វើចេញពីចំណុចភូមិដូង រហូតដល់កន្លែងទឹកធ្លាក់អន្លង់ស្វាយ ឋិតនៅភូមិដូង នៃឃុំក្បាលទឹក ដដែល។ ផ្លូវនេះអាចនឹងផ្ដល់សារប្រយោជន៍យ៉ាងសំខាន់សម្រាប់ពលរដ្ឋទូទៅក្នុងឃុំក្បាលទឹក។
ទាក់ទងបញ្ហានេះ ជំទប់ទី១ នៃឃុំក្បាលទឹក លោក ហួន ណារិទ្ធ កូតាមកពីគណបក្ស សម រង្ស៊ី ឲ្យដឹងថា ការចាយវាយថវិកាអភិវឌ្ឍន៍ឃុំកន្លងទៅមានប្រសិទ្ធភាព ដោយបើកឲ្យមានការដេញថ្លៃលើគម្រោងស្ថាបនាអ្វីមួយមានតម្លាភាព។ លោកសង្ឃឹមថា ពេលធ្វើផ្លូវនេះរួច ភ្ញៀវទេសចរនឹងលែងលំបាកផ្លូវឡើងទៅលេងទឹក ហើយពលរដ្ឋកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនកសិផលរបស់ពួកគេ។
តំណាងពលរដ្ឋម្នាក់ លោក ម៉ិល សារិទ្ធ ត្រេកអរនៅពេលទទួលបានដំណឹងនេះ ហើយថា ផ្លូវអាចជាជំហានមួយឆ្ពោះទៅកាន់ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ។ ក្រៅពីទស្សនា ឬលេងទឹកធ្លាក់ ៧ជាន់នៅលើភ្នំ ភ្ញៀវអាចរកទិញចេក ដូង ស្វាយ ខ្នុរ និងក្រូចថ្លុង ទៅតាមរដូវកាល។ លោកថា បច្ចុប្បន្នមិនសូវមានអ្នកទៅលេងទឹកធ្លាក់នោះប៉ុន្មានទេ ព្រោះផ្លូវលំបាកធ្វើដំណើរពេក៖ «រាល់ថ្ងៃមានបញ្ហាផ្លូវហ្នឹងហើយ បើបានផ្លូវមែននោះ គឺតំបន់ទេសចរណ៍អាចកើតមកលោកគ្រូ! ប្រជាពលរដ្ឋមានជីវភាពធូរធារ ហើយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើបានប្រហែល ៥០ភាគរយទៀត»។
ទាក់ទងរឿងនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី ធ្លាប់មានប្រសាសន៍ថា អាជ្ញាធរខេត្ត និងមន្ត្រីរបស់មន្ទីរ កំពុងស្វែងរកជំនួយ ឬប្រភពវិនិយោគតំបន់នេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិជាមួយសហគមន៍។ លោកថា នៅពេលតំបន់ទឹកធ្លាក់អន្លង់ស្វាយ ត្រៀមរៀបចំជាតំបន់ទេសចរណ៍ មានភ្ញៀវមួយចំនួននិយមទៅលេងនៅកន្លែងផ្សេងទៅវិញ គឺទឹកធ្លាក់ស្រែអម្ពិល។
តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ ឬសហគមន៍តំបន់ការពារធម្មជាតិអន្លង់ស្វាយ ឋិតនៅភាគខាងលិចទីរួមខេត្តកំពង់ឆ្នាំង ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ។ តំបន់នេះ ត្រូវបានអភិរក្សដោយសហគមន៍ក្នុងឃុំក្បាលទឹក ដែលមានផ្ទៃដីទំហំជាង ១ពាន់ហិកតារ (១.១៦៣ហិកតារ) និងទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន ប្រតិកម្មនឹងបក្សប្រឆាំងដែលរិះគន់ការដាក់ឈ្មោះស្ពានអាកាសថា៥មករា
- អ្នកវិភាគបញ្ហាសង្គមរិះគន់ការដាក់ឈ្មោះស្ពានអាកាសតិចណូថាជាស្ពានអាកាស៥មករា
- ភ្ញៀវទេសចរបរទេសមកកម្ពុជាក្នុងឆ្នាំ២០១៥កើនឡើង៥%ធៀបនឹងឆ្នាំ២០១៤
- ពលរដ្ឋស្រុកព្រែកប្រសព្វខេត្តក្រចេះត្អូញត្អែរអំពីផ្លូវលំដីហុយប៉ះពាល់សុខភាព
- អភិបាលខេត្តព្រះសីហនុរៀបចំកម្មវិធីប្រគំតន្ត្រី៣ថ្ងៃដើម្បីអបអរសាទរឆ្លងឆ្នាំសកល
- ពលរដ្ឋនៅខណ្ឌសែនសុខតវ៉ាទាមទារឲ្យឈ្មួញបើកផ្លូវសាធារណៈឡើងវិញ
- អាជ្ញាធរខេត្តព្រះសីហនុតម្រូវឲ្យអាជីវករកំណត់ថ្លៃម្ហូបនិងកន្លែងអង្គុយឲ្យបានច្បាស់លាស់
- ពលរដ្ឋនៅសង្កាត់ព្រែកប្រាសុំអន្តរាគមន៍ពីអាជ្ញាធរបញ្ឈប់ឡានដឹកដីធ្វើឲ្យខូចផ្លូវ
- អាជ្ញាធរជាតិព្រះវិហារទាក់ទាញភ្ញៀវទេសចរបរទេសឲ្យទៅទស្សនាប្រាសាទព្រះវិហារ