ដោយ៖ ទូច សុខា | ថ្ងៃព្រហស្បតិ៍ ទី7 មករា 2016, 05:32 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ប្រជាពលរដ្ឋគ្រប់រូបដែលបញ្ជាយានយន្តត្រូវតែមានប័ណ្ណបើកបរ ក្នុងនោះរួមទាំងពលរដ្ឋដែលបញ្ជាទោចក្រយានយន្ត ឬម៉ូតូក៏ត្រូវមានប័ណ្ណបើកបរដូចគ្នា។ ក្នុងច្បាប់ចរារចរណ៍ផ្លូវគោកត្រង់មាត្រា៤០ ចែងថាអ្នកបើកបរម៉ូតូដែលមានកម្លាំងម៉ាស៊ីនត្រឹម១២៥សេសេចុះក្រោមត្រូវប្រើប្រាស់ប័ណ្ណបើកបរប្រភេទក១។
អនុក្រឹត្យរដ្ឋាភិបាលចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៩ចែងថា អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តដោយគ្មានប័ណ្ណបើកបរ ត្រូវទទួលការផាកពិន័យជាប្រាក់ចំនួន៣ម៉ឺនរៀល។
ទោះយ៉ាងណាអ្វីដែលមានចែងក្នុងអនុក្រឹត្យ និងច្បាប់នេះ ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចឲ្យលុបចោលវិញ។ នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ក្រោយពីលោកបានតាមដានស្តាប់នូវមតិយោបល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ និងបានពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធ លោកបានសម្រេចបញ្ឈប់មិនចាំបាច់ឲ្យមានប័ណ្ណបើកបរចំពោះម៉ូតូចាប់ពីកម្លាំង១២៥សេសេចុះក្រោមនោះទេ។
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានសម្ដែងការអបអរចំពោះការសម្រេចនេះ ដោយពួកគេអះអាងការធ្វើប័ណ្ណបើកបរមានភាពស្មុគ្រស្មាញ។ អង្គុយលើកៅអីក្បែរម៉ូតូគុបជ្រុងរបស់គាត់ និងកំពុងរង់ចាំដឹកម៉ូយនៅម្ដុំផ្សារបឹងកេងកង លោក ឃួន សុផល ដែលជាអ្នករត់ម៉ូតូឌុបម្នាក់បានគាំទ្រចំពោះការលុបចោលនេះ “គេមិនឲ្យធ្វើអ៊ីចឹងស្រួលដែរខ្ញុំ ព្រោះវាពិបាកធ្វើដែរ កាលពីមុនធ្លាប់ទៅធ្វើនៅអីនៅកន្លែងដីជា សុផារ៉ា ធ្វើឡើងមួយថ្ងៃពិបាកចង់ងាប់ ទៅទិញក្រដាសនេះផងនោះផងទម្រាំបាន ដ៏គេមិនឲ្យធ្វើអ៊ីចឹងវាស្រួលដែរ មិនសោះពិបាក…ចំណេញ ចំណេញដែរ អ្នកខ្លះបើសិនជាមានកូនបួនប្រាំនាក់មានម៉ូតូតែមួយមិនត្រូវទៅរៀនទាំងអស់ បើគេអ្នកមានមិនអីទេបួនដប់ម៉ឺន តែអ្នកក្រជាងដប់ម៉ឺនអីមិនច្រើន”។
ទោះយ៉ាងណា លោកបានរិះគន់ចំពោះការបង្កើតឲ្យមានច្បាប់ និងលុបចោលទៅវិញដែលលោកថាមានលក្ខណៈលឿន ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការអនុវត្តតាម។ លោកបន្ថែមថា៖ “ដូចតាមនឹកឃើញ ដូចថានឹងឃើញ អ្នកខ្លះគ្នារៀបចំទៅធ្វើឲ្យមិនអស់លុយ ដល់ឥឡូវថា បិទវិញអ្នកធ្វើហើយយ៉ាងម៉េចទៅចុះ ខ្ញុំឆ្ងល់ដែរ”។
ពលរដ្ឋម្នាក់ទៀត លោក មឿង ខេមរា ដែលជាអ្នករត់រ៉ឺម៉កសណ្ដោងក៏បានបង្ហាញការគាំទ្រវិធានការលុបបំបាត់ប័ណ្ណបើបបរប្រភេទក១ ដោយលោកថា អាចជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ព្រោះមនុស្សច្រើនដែលបើកបរម៉ូតូមានកម្លាំងត្រឹម១២៥សេសេចុះក្រោម។ លោក មឿង ខេមរា បន្តថា ការយល់ដឹង និងគោរពច្បាប់ច្បាប់ចរាចរណ៍គឺមានសារៈសំខាន់ជាងប័ណ្ណបើកបរ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំគិតថាសំខាន់ឲ្យតែអ្នកបើកបរយល់ពីច្បាប់ចរាចរណ៍ ហើយពេលបើកបរកុំសេពគ្រឿងស្រវឹង តែប៉ុណ្ណឹងវាអត់មានបញ្ហាអីទេបង”។
ស្រដៀងគ្នាដែរ យុវជនអាយុ២២ឆ្នាំម្នាក់លោក ឆន ស័ក្ករ៉ា ដែលមានម៉ូតូកម្លាំង១១០សេសេប្រើប្រាស់ប្រចាំថ្ងៃ លើកឡើងថា ការបញ្ឈប់ឲ្យមានប័ណ្ណបើកបរម៉ូតូប្រភេទក១នេះអាចជួយសម្រួលដល់ប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកា។
លោកបន្ថែមថា៖ “ជាយោបល់របស់ខ្ញុំគឺអត់អីទេ(បើ)គាត់(នាយករដ្ឋមន្ត្រី)ប្រកាសមិនឲ្យធ្វើក៏មិនអីដែរ ណាមួយបើសិនជាធ្វើ(ចំនួនម៉ូតូ)ច្រើនមែនទែនដែលសម្រុកធ្វើ អ៊ីចឹងរយៈពេល១ខែ ២ខែ ៣ខែ យើងធ្វើអត់ទាន់ទេនៅកន្លែងធ្វើបណ្ណបើកបរ បើគាត់ប្រកាសថាម៉ូតូក្រោម១២៥សេសេមិនបាច់ធ្វើប័ណ្ណបើកបរ នឹងធ្វើឲ្យប្រជាពលរដ្ឋចំណេញពេលវេលា និងមិនខាតថវិកាផង”។
ទាក់ទងនឹងការលុបចោលប័ណ្ណបើកបរម៉ូតូប្រភេទកម្លាំងម៉ាស៊ីន១២៥សេសេ(ក១)ចុះក្រោមននេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចាន់ តារា លើកឡើងថា ដោយសារប្រជាពលរដ្ឋដែលមានម៉ូតូប្រភេទនេះមានចំនួនច្រើន និងប្រជាពលរដ្ឋដែលនៅតាមទីជនបទមានការពិបាកក្នុងការទៅប្រឡងយកប័ណ្ណបើកបរ ទើបរដ្ឋាភិបាលសម្រេចលុបចោល។
លោកបន្ថែមថា៖ “ពិសេសនៅតាមជនបទឆ្ងាយៗលោក(ប្រជាបលរដ្ឋ)ពិបាកណាស់ក្នុងការមកទទួលយកប័ណ្ណយកអីហ្នឹង…ដោយសារឃើញការពិបាកហ្នឹងហើយបានជាលោក(នាយករដ្ឋមន្ត្រី)សម្រេចថាមិនចាំបាច់មានទេ ប៉ុន្តែផ្ទុយទៅវិញសុំឲ្យសមត្ថកិច្ចទាំងអស់ខិតខំអប់រំច្បាប់ចរាចរណ៍ធ្វើយ៉ាងម៉េចឲ្យលោក(ប្រជាពលរដ្ឋ)យល់"។
លោកបញ្ជាក់ថា ដោយឡែកប្រជាពលរដ្ឋដែលមានម៉ូតូកម្លាំងលើសពី១២៥សេសេត្រូវទៅធ្វើប័ណ្ណបើកបរ។ លោកថា ចំពោះម៉ូតូធំនេះ ទោះជាអ្នកបើកបរមានប័ណ្ណបើកបររថយន្តក៏ច្បាប់មិនអនុញ្ញាតឲ្យបើបបរបានដែរ។ លោកបន្តថា ម៉ូតូធំមានកម្លាំងខ្លាំង និងមានល្បឿនលឿនប្រហាក់ប្រហែលនឹងរថយន្ត។ លោកបន្ថែមថា ការរៀនយកប័ណ្ណបើបបរម៉ូតូធំនេះក៏មានកម្រិតប្រហាក់ប្រហែលនឹងការបើកបររថយន្តដែរ។
លោកបញ្ជាក់ថា៖ “ការរៀនម៉ូតូមានកម្រិតក្នុងរឿងម៉ូតូធំនេះ ម៉ូតូធំនេះមែនទែនគឺ ដាច់ដោយឡែកតែឯងតែម្តង មានអាហ្នឹងមិនអាចកបរឡានបាន មានប័ណ្ណបើកបរឡានក៏មិនអាចបើកបរម៉ូតូធំនេះបាន”។
លោក ចាន់ តារា ឲ្យដឹងដែរថា ក្រសួងកំពុងរៀបចំក្រុមការងារសហការជាមួយមន្ត្រីនគរបាលនៅតាមមូលដ្ឋាន ដើម្បីរៀបចំចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ។ លោកបន្ថែមថា កម្មវិធីអប់រំពីច្បាប់ចរាចរណ៍ក៏នឹងមានចាក់ផ្សាយតាមទូរទស្សន៍ផងដែរ។
ទោះយ៉ាងណា សម្រាប់នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា យល់ថា ការលុបបំបាត់មិនចាំបាច់មានប័ណ្ណបើកបរប្រភេទម៉ូតូខ្នាតតូចនេះនឹងធ្វើឲ្យប្រជាពលរដ្ឋអាក់ខានមិនបានរៀនសូត្រពីច្បាប់ចរាចរណ៍ផ្លូវគោក។ លោកថា ដោយសារតែប្រជាពលរដ្ឋប្រើប្រាស់ម៉ូតូមិនសូវមានចំណេះដឹងខាងចរាចរណ៍នេះហើយដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានប្រហែលជា៧០ភាគរយជាអ្នកបើកបរម៉ូតូ។
ទោះយ៉ាងណា លោកគាំទ្រទៅនឹងវិធានការចុះអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ក្រសួង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ លោកថា បើសិនជាវិធានការនេះអនុវត្តបានល្អ និងមានប្រសិទ្ធិភាពនឹងអាចជួយប្រជាពលរដ្ឋបានយលល់ដឹងពីច្បាប់ចរាចរណ៍បានកាន់តែប្រសើរ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍បានច្រើន។
លោកបន្ថែមថា៖ "ទាល់តែគាត់ប្រកាសធ្វើយុទ្ធនាការមួយបន្ទាន់ហើយនៅទូទាំងប្រទេស ដើម្បីធ្វើម៉េចបញ្ជ្របច្បាប់ចរាចរណ៍ សុវត្ថិភាពចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ហ្នឹងឲ្យបានប្រជាពលរដ្ឋមានការយល់ដឹងមុននឹងបញ្ឈប់ទៅនឹងការឲ្យប្រជាពលរដ្ឋទៅរៀនយកប័ណ្ណបើបបរហ្នឹង”។
ចំណែកប្រធានសមាគមអាដហុក លោក ធន សារ៉ាយ មានប្រសាសន៍ រដ្ឋាភិបាលមិនគួរលើកយកចំណុចមួយម្តងៗរបស់ច្បាប់ចរាចរណ៍មកធ្វើការកែប្រែនោះទេ។ លោកថា រដ្ឋាភិបាលគួរតែបើកឲ្យមានការពិភាក្សា និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងសង្គមស៊ីវិលឡើងវិញ ចំពោះចំណុចណាដែលអនុវត្តទៅប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ “ប៉ុន្តែមុននឹងធ្វើវិសោធនកម្មត្រូវតែប្រមូលមតិឲ្យអស់សិន…តែមួយចំណុចអ៊ីចឹងថាមិនទាន់គ្រប់គ្រាន់ទេ ក្រែងនៅមានចំណុចខ្វះខាតអីទៀត អាហ្នឹងគំនិតរបស់ខ្ញុំ។ កុំឲ្យចេះតែធ្វើរួចហើយកែពីរបីអាទិត្យក្រោយ មួយខែក្រោយពីរខែក្រោយ ឃើញកន្លែងណាទៀតទៅកែទៀតទៅ ឥឡូវយើងពិគ្រោះយោបល់ទៅបានប្រមូលមតិឲ្យគ្រប់ជ្រុងជ្រោយទៅ កុំឲ្យយកតែមតិមួយទៅ ក្រោយមកទៀតកែទៀត ជួនកាលចំណុចហ្នឹងអនុវត្តអត់បានទៀត”។
តាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមានម៉ូតូជាង២លាន៧សែនគ្រឿង ប៉ុន្តែអ្នកមានប័ណ្ណបើកបរមានតែប្រមាណ១សែន៥ម៉ឺននាក់តែប៉ុណ្ណោះ។ ការប្រកាសមិនតម្រូវឲ្យអ្នកបើកបរម៉ូតូមានប័ណ្ណបើកបរនេះ បន្ទាប់ពីច្បាប់ចរាចរណ៍ថ្មីត្រៀមផាកពិន័យលើអ្នកបើកបរម៉ូតូគ្រប់ប្រភេទ ដែលមិនមានប័ណ្ណ បើកបរនៅឆ្នាំ២០១៦នេះ តែគម្រោងមានការរិះគន់ច្រើនពីប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំពី២០១៥ មានជាង២២០០នាក់ កើនឡើង៥ភាគរយធៀបនឹងឆ្នាំ២០១៤ ទោះបីចំនួននៃករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។ របាយការណ៍បញ្ជាក់ថា កត្តាដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺមកពីការបើកបរមិនគោរព សិទ្ធិអាទិភាព បើកជែងគ្នា បើកបរដោយមានជាតិស្រវឹង បើកបរលើសល្បឿនកំណត់ និងកត្តាយានយន្តមិនត្រូវតាមលក្ខណៈបច្ចេកទេសជាដើម។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ការអនុវត្តច្បាប់ចរាចរណ៍ថ្មីនឹងត្រូវបន្តធ្វើ ដោយលោកបានស្នើឲ្យប្រជាពលរដ្ឋមានការអត់ធ្មត់ចំពោះការរឹតបន្តឹងនេះ ដោយលោកបានទទួលស្គាល់ថា ការអនុវត្តច្បាប់នេះនៅមានបញ្ហាមួយចំនួនកើតឡើងនៅឡើយ៕
សូមសរសេរមកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com