ដោយ រដ្ឋា វិសាល
2016-01-07
RFA

សហគមន៍ភូមិឃ្វែង ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចុះល្បាតព្រៃនៅចំណុចអូរតាង៉ត ជិតប៉ុស្តិ៍តម្រួតការពារព្រំដែនខ្មែរ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥។ Photo ADHOC
មន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែនផាតាម ឋិតក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ចំនួនពីរនាក់ ត្រូវបានប្រជាពលរដ្ឋសហគមន៍នៅមូលដ្ឋាន ចោទប្រកាន់ថាបណ្តែតបណ្តោយ និងឃុបឃិតឲ្យឈ្មួញវៀតណាម ឆ្លងដែនចូលកាប់ឈើក្នុងដីខ្មែរ។ តំណាងសហគមន៍ ស្នើសុំឲ្យស្នងការប៉ូលិសចាត់វិធានការផ្លូវច្បាប់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឆ្លងដែននេះ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី អះអាងថា នឹងអន្តរាគមន៍ពាក្យបណ្ដឹងរបស់សហគមន៍ ទៅស្នងការប៉ូលិស និងស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី៨ ខែមករា ដើម្បីស៊ើបអង្កេតករណីនេះ។
កាលពីថ្ងៃទី៦ ខែមករា តំណាងសហគមន៍តាំងលោម មានគ្នាបីនាក់ បាននាំយកពាក្យប្ដឹងចំនួនពីរច្បាប់ មានស្នាមមេដៃប្រជាពលរដ្ឋជាង ១០០នាក់ ដាក់ជូនការិយាល័យការពារសិទ្ធិមនុស្សមួយច្បាប់ និងសុំឲ្យមន្ត្រីសិទ្ធិមនុស្ស អន្តរាគមន៍ពាក្យប្ដឹងមួយច្បាប់ទៀតទៅស្នងការប៉ូលិសខេត្ត ក្នុងរឿងចោទនាយនគរបាលប៉ុស្តិ៍ការពារព្រំដែនផាតាម គឺលោក ទូច ហ៊ីង និងតម្រួតការពារព្រំដែនជាមួយគ្នាម្នាក់ទៀតឈ្មោះ ថង ថាបានអនុញ្ញាតឲ្យឈ្មួញវៀតណាម ដឹកជញ្ជូនកម្មករឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្នុងដីខ្មែរ។
ទាក់ទិនពាក្យប្ដឹងនេះ លោក ឆាយ ធី មានប្រសាសន៍ថា នេះជាករណីថ្មីមួយទៀតដែលសហគមន៍បានដាក់ពាក្យប្ដឹងពាក់ព័ន្ធបទល្មើសព្រៃឈើឆ្លងដែន។ លោកអំពាវនាវសុំឲ្យស្នងការប៉ូលិស ស៊ើបអង្កេតករណីនេះឲ្យបានជាក់លាក់ ហើយចាត់វិធានការផ្លូវច្បាប់ ដើម្បីបញ្ឈប់អំពើរំលោភច្បាប់នេះ៖ «តំបន់ហ្នឹងយើងទៅអត់ដល់ទេ ព្រោះនៅជាយដែន ហើយទៅពេលថ្ងៃក៏អត់ឃើញដែរ ព្រោះពួកគាត់ច្រើនអារនៅពេលយប់។ បើសហគមន៍ប្រមូលកម្លាំងមានសហគមន៍ផ្ទៃក្នុងរបស់ថៅកែវៀតណាម ទូរស័ព្ទរាយការណ៍ទៅ គឺអ្នកកាប់គេចខ្លួនចេញពីព្រៃអស់ហើយ»។
យោងពាក្យប្ដឹងរបស់តំណាងសហគមន៍ភូមិតាំងលោម ឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅ មន្ត្រីប៉ូលិសប៉ុស្តិ៍ការពារព្រំដែនផាតាម ទាំងពីរនាក់ រួមជាមួយសមាជិកសហគមន៍ម្នាក់ឈ្មោះ រចំ ហ្យែល ជាអ្នកនាំផ្លូវ បានឃុបឃិតជាមួយឈ្មួញវៀតណាម ម្នាក់ឈ្មោះ ទុង ដឹកនាំកម្មករវៀតណាម មួយក្រុមឆ្លងដែនតាមប៉ុស្តិ៍ផាតាម ចូលអារឈើក្នុងព្រៃនៅរៀងរាល់យប់ ទើបអ្នកភូមិសម្រេចផ្ដិតមេដៃសុំអន្តរាគមន៍ពីស្នងការប៉ូលិស និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ជួយទប់ស្កាត់ការធ្វើអាជីវកម្មឈើដោយខុសច្បាប់នេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនគរបាលប៉ុស្តិ៍ផាតាម ទាំងពីរនាក់ សុំបំភ្លឺការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៧ ខែមករា។
ចំណែកស្នងការរងប៉ូលិសខេត្តរតនគិរី ទទួលបន្ទុកកិច្ចការព្រំដែន លោក ហេង រតនា ថ្លែងបញ្ជាក់ថា ស្នងការប៉ូលិសនឹងចាត់មន្ត្រីស៊ើបអង្កេតករណីនេះ ប៉ុន្តែលោកមិនទាន់ប្រាកដថា ពាក្យប្ដឹងនោះមានមូលដ្ឋានជាក់លាក់ ឬយ៉ាងណានៅឡើយ៖ «កំពុងតែហៅមេប៉ុស្តិ៍បានសាកសួរ និងឲ្យកម្លាំងយើងចុះទៅមើល តើមានដូចពាក្យសហគមន៍និយាយ ឬអត់? ពីព្រោះគាត់ចេះតែនិយាយ មិនទាន់មានភស្តុតាងច្បាស់ យើងកំពុងចាត់ចែងទៅមើល»។
កាលពីខែតុលា ឆ្នាំ២០១៥ ក្រុមល្បាតសហគមន៍ភូមិតាំងលោម មានគ្នា ១៥នាក់ បានរឹបអូសសម្ភារៈប្រព្រឹត្តបទល្មើសព្រៃឈើ រួមមាន រថយន្តកែច្នៃដឹកឈើមួយគ្រឿង ម៉ូតូពីរគ្រឿង និងត្រើយទាញឈើមួយពីឈ្មួញជនជាតិវៀតណាម ឈ្មោះ ថិញ ដែលបាននាំគ្រឿងចក្រចូលមកនៅក្នុងភូមិ ហើយចូលព្រៃកាប់ឈើនៅវេលាយប់។ ករណីនេះ សហគមន៍បានដាក់ពាក្យប្ដឹងទៅមន្ត្រីព្រៃឈើចុះស៊ើបអង្កេត និងបិទប្រកាសស្វែងរកម្ចាស់សម្ភារៈ ឲ្យមកទទួលខុសត្រូវបញ្ហានេះ ក៏ប៉ុន្តែជនជាតិវៀតណាម ឈ្មោះ ថិញ បានគេចខ្លួនទៅប្រទេសវៀតណាម វិញ។
ទោះជាយ៉ាងនេះក្តី តំណាងសហគមន៍អះអាងថា ករណីទាំងពីរនេះមានជាប់ទាក់ទិនទៅនឹងមន្ត្រីប៉ូលិសប៉ុស្តិ៍ការពារព្រំដែនផាតាម ដែលសហគមន៍បានប្ដឹងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីការពារព្រៃឈើខេត្តមណ្ឌលគិរី៤រូបរងការប្ដឹងរឿងវៀតណាមចូលកាប់ឈើ
- អ្នកភូមិនៅស្ទឹងត្រែងចោទអាជ្ញាធរថានៅពីក្រោយការកាប់ឆ្ការព្រៃសហគមន៍
- សហគមន៍ព្រៃឈើនៅស្ទឹងត្រែងចាប់ម៉ាស៊ីនអារឈើកម្មកររបស់ឈ្មួញ
- ជនជាតិវៀតណាមបន្តលួចចូលកាប់ឈើក្នុងព្រៃនៅខេត្តមណ្ឌលគិរី
- ពលរដ្ឋស្រុកសណ្ដាន់អះអាងថាបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់គ្មានថយចុះ
- សហគមន៍ការពារព្រៃឈើខេត្តព្រះវិហារព្រួយបារម្ភខ្លាចបាត់បង់ដើមឈើធំៗក្នុងព្រៃព្រះរកា
- ពលរដ្ឋខេត្តបាត់ដំបងបារម្ភបាត់បង់ព្រៃសហគមន៍ដោយសារការទន្ទ្រានយកដីធ្វើកម្មសិទ្ធិ
- ដើមឈើផលិតជ័រទឹករបស់ជនជាតិព្នងនៅខេត្តមណ្ឌលគិរីត្រូវគេលួចកាប់
- សហគមន៍ថាវៀតណាមបន្តលួចចូលកាប់ឈើក្នុងដីខេត្តមណ្ឌលគិរី