កូន​ខ្មែរ ១១ រូបសាង​ផ្នួស​បំបួស​នាគ​អន្ដរ​ជាតិ​នៅ​​វត្ត​ព្រះ​ធម្ម​កាយ​ប្រទេសថៃ

ព្រះសង្ឈ​ខ្មែរ ១១ អង្គ (ជួរមុខ) នា​ពេល​បួស ២ សប្តាហ៍​នៅ​វត្ត​ព្រះ​ធម្ម​កាយ​ប្រទេស​ថៃ។ រូប សហការី

ព្រះសង្ឈ​ខ្មែរ ១១ អង្គ (ជួរមុខ) នា​ពេល​បួស ២ សប្តាហ៍​នៅ​វត្ត​ព្រះ​ធម្ម​កាយ​ប្រទេស​ថៃ។ រូប សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ នេះ​ជា​លើក​ដំបូង​ហើយ ​ដែលមាន​កុល​បុត្រ​ខ្មែរ​​មួយ​ក្រុម​​មាន​ចំនួន ១១ រូបតាម​រយៈ​កម្ម​វិធី ​IDOP Cambodia ​ បាន​ចំណាយ​ពេល​ពីរ​​សប្តាហ៍​​ទៅ​​ចូល​រួម​ក្នុង​​ពិធី​សាង​ផ្នួស​ដើម្បីបំពេញ​កាតព្វ​​កិច្ច​តប​ស្នង​សង​គុណ​មាតាបិតា​ តាម​​គន្លង​​ទំនៀម​ទម្លាប់់​ព្រះ​ពុទ្ធសាសនា​ នៅ​​ឯ​វត្ត​​ព្រះធម្ម​កាយ​ ឬ Wat ​Phra Dhammakaya ដែល​ជា​មណ្ឌល​វិបស្សនា និង​​សមាធិ​ធំជាងគេ​បែប​ពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​ថៃ​ និង​​ល្បី​ល្បាញ​លើ​សកល​លោក។

កម្ម​វិធី ​IDOP Cambodia​ នេះ​ត្រូវបាន​ដឹក​នាំ​​ដោយ​​លោក ទឹម​ សុវណ្ណារ៉ា ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​នូទ្រី​លេតម៉ាស្ទ័រ​​ អិល​អឹម ខូអិលធីឌី​ ដែល​បាន​​នាំ​ចូល​នូវ​ផលិត​ផល​ម្សៅ​​ទឹក​ដោះគោ​មាន​​ម៉ាក ​Nutrilatt ពី​ប្រទេស​សិង្ហបុរី និង​ម៉ាក Bibere Gold ពី​ប្រទេស​​នូវែលសេឡង់​ ដើម្បី​ទៅ​​ចូលរួម​ពិធី​សាង​​ផ្នូស​ចំនួន​ពីរ​​សប្តាហ៍​ចាប់​តាំង​ពី​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ ២០១៥ ដល់​ថ្ងៃទី ៤ ​ខែ​មករា​ ឆ្នាំ ២០១៦ កន្លង​មក​។

លោក ទឹម សុវណ្ណារ៉ា បញ្ជាក់​ថា៖ «​កម្ម​វិធី​នេះ​គឺ​មាន​គោល​បំណងធំ​​ចង់​បង្ហាញ​ពី​ការ​លះ​បង់​របស់​កុល​បុត្រ​ខ្មែរ​​នៅ​ក្នុងពិធី​បំបួស ឬ​សាង​ផ្នួសដើម្បីជា​ការ​​ស​ង​​គុណ​ឪពុក​ម្តាយ​ ក្នុង​នាម​​យើង​ជាពុ​ទ្ធសាសនិក​ និង​ជា​ពិធី​មាន​តាម​គន្លង​ទំនៀម​ទម្លាប់​នៃ​ព្រះ​ពុទ្ធ​សាសនា​ បើ​ទោះ​​បី​ជា​ការ​បំបួស​នៅ​ក្នុង​រយៈពេល​​ខ្លី ឬវែង​ដូចជា​មួយ​ ឬពីរ​សប្តាហ៍ មួយ​ខែ ឬ​ក៏មួយ​វស្សា​ក៏​ដោយ​គឺ​សុទ្ធ​តែ​កើត​ចេញ​​ពី​ចិត្ត​ចង់​លះបង់​ដើម្បី​ហាត់​ពត់​លត់​ដំ​ អប់រំ​ផ្លូវ​ចិត្ត​ និង​រៀន​សូត្រ​នូវ​ព្រះធម៌វិន័យ​មួយ​​ចំនួន»។


ព្រះសង្ឈ​​កោរ​សក់​អ្នក​បួសនៅ​ក្នុង​ពិធីសាង​ផ្នួស​ ។ រូប សហការី

ព្រះសង្ឈ​​កោរ​សក់​អ្នក​បួសនៅ​ក្នុង​ពិធីសាង​ផ្នួស​ ។ រូប សហការី

លោក​បង្ហើប​ឲ្យ​ដឹង​​ថា៖ «នៅ​ក្នុង​​ចំណោម​​នាគបួស​ទាំង ១១ រូប​ នៃ​កម្ម​វិធី​ IDOP Cambodia ក៏​​មាន​បុគ្គលិក​នៃ​ក្រុម​ហ៊ុន​នូ​ទ្រីលេត​ម៉ាស្ទ័រ​​ អិល​អឹម ខូអិលធីឌី​ ចំនួន​ពីរ​រូប​ដែរ​គឺលោក លាង នរិន្ទ និង​លោក​ តាន់ ស៊ីវុទ្ធី។​ ចំពោះ​ការចូល​រួម​នៅ​​កម្មវិធី​​នេះ​គឺចាំ​បាច់​ត្រូវ​មាន​ឯកសារ​មួយ​ចំនួនដែរ​រួមមាន​​ ដូចជា​លិខិត​ជីវប្រវត្តិ​ លិខិត​បញ្ជាក់​ការ​សិក្សា​ និង​បុគ្គលិក​លក្ខណៈ​មួយ​ចំនួន​ទៀត​ទើបអាច​​ចុះឈ្មោះ​បាន»។

គួរ​បញ្ជាក់ថា ទីអារាម​វត្ត​​ព្រះ​ធម្មកាយ ​​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​​ស្រុក​ខ្លង​លួង ខេត្ត​ផាធុម ថានី នៅ​ក្នុង​ទី​ក្រុង​បាងកក ដែល​មាន​ចម្ងាយ​ប្រមាណ ៦ គីឡូម៉ែត្រ​ពី​ព្រលាន​យន្ដ​ហោះ ដន មឿង ខណៈ​ជា​ទីអារាម​សម្រាប់​​ធ្វើ​នូវ​ពិធិវិបស្សនា ឬ​​សមាធិ​ធំជាង​គេ​នៅ​ប្រទេស​ថៃ។

បើ​តា​ម​គេ​ហ​ទំព័រ​ dhammakayapost.org​​ បានឲ្យ​ដឹង​ថា សម្រាប់​​កម្មវិធី​បំបួស​ ឬ​សាង​ផ្នួសមាន​លក្ខណៈ​​​អធិក​​អធម​​មាន​ឈ្មោះ​ថា​ Mass Ordination Program នៅ​ឆ្នាំ ២០១៥ ដែលបាន​​ប្រារព្ធ​ធ្វើ​ប្រចាំ​ឆ្នាំ​លើកទី ៦ នេះ​ ដោយ​មាន​ព្រះ​សង្ឈ​ចំនួន ១០ ម៉ឺន​ អង្គមក​ពី​ទូទាំង​ប្រទេស​ថៃ​បាន​ចូល​រួម​​​ និង​ជា​លើក​ទី ១១ នៃ​កម្ម​​វិធីសាង​ផ្នួសជា​​អន្ដរ​ជាតិ​ឈ្មោះ​ថា Summer Mass Ordination Program ​កាល​ពី​ថ្ងៃ​ទី ១៤​ ខែមីនា ​ឆ្នាំ ២០១៥​ ដោយ​​មាន​អ្នក​បួស​ចំនួន ​១០ ​ម៉ឺន ​នាក់​មក​ពី​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក បាន​​ចូល​រួមនៅ​ក្នុង​​កម្ម​វិធី​ដ៏​ធំ​នៅ​ឯ​វត្ត​ព្រះ​ធម្ម​កាយ​នេះដែរ​៕​​


What Next?

Recent Articles