ក្រសួងទុកពេល៣ខែឲ្យពលរដ្ឋទៅទទួលប្រាក់ដែលបានបង់ធ្វើប័ណ្ណបើកបរម៉ូតូមកវិញ

ដោយ៖​ អុិត សូធឿត​ | ថ្ងៃសុក្រ ទី8 មករា 2016
http://vodhotnews.com

ក្រសួងពាក់ព័ន្ធឲ្យដឹងថា ប្រជាពលរដ្ឋដែលបានបង់ប្រាក់ក់ធ្វើ ឬអ្នកដែលមានប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ប្រភេទក១ ដែលមានកម្លាំង១២៥សេសេចុះក្រោម អាចទៅបើកប្រាក់វិញបានចាប់ពីថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។

សេចក្ដីជូនដំណឹងរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី៧ ខែមករា ឲ្យដឹងថា ពលរដ្ឋអាចទៅទទួលថវិកាបង្វិលសងសម្រាប់ធ្វើប័ណ្ណបើកបរប្រភេទក១នេះ នៅតាមបណ្ដាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្តរៀងរាល់ថ្ងៃ ក្នុងម៉ោងធ្វើការ។

សេចក្ដីជូនដំណឹងឲ្យដឹងដែរថា ចំពោះអ្នកបានកក់ប្រាក់ធ្វើប័ណ្ណបើកបរត្រូវយកបង្កាន់ដៃទទួលប្រាក់កក់ (ច្បាប់ដើម) ទៅប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីទទួលបានថវិកាបង្វិលសង វិញ។ 

សេចក្ដីជូនដំណឹងដដែលឲ្យដឹងទៀតថា ចំណែកការបង្វិលសងសម្រាប់អ្នកដែលមានប័ណ្ណបើកបររួចហើយគឺសម្រាប់តែប័ណ្ណបើកបរដែលនៅមានសុពលភាពប៉ុណ្ណោះ ហើយត្រូវបានបែងចែកជាពីរប្រភេទ។ អ្នកដែលប័ណ្ណបើកបរមុនការអនុវត្តប្រកាសរួមចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ដីពីការកែប្រែកម្រងសេវាសាធារណៈ ចំនួនទឹកប្រាក់ដេលត្រូវបង្វិលសងវិញសរុបមានចំនួន ៨៩ ០០០រៀល ដែលក្នុងនោះ ការប្រឡងយកប័ណ្ណបើកបរចំនួន៧៥ ០០០រៀល និងថ្លៃពិនិត្យសុខភាពចំនួន១៤ ០០០រៀល ស្របតាមតម្លៃតារាងតម្លៃនៃរួមលេខ៩៨៩ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ចំណែកអ្នកដែលមានប័ណ្ណបើកបរក្រោយការអនុវត្តប្រកាសរួមចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ចំនួនទឹកប្រាក់ដែលត្រូវបង្វិលសងវិញសរុបមានចំនួន៧៤ ០០០រៀល ក្នុងនោះការប្រឡងយកប័ណ្ណបើកបរចំនួន៦០ ០០០រៀល និងថ្លៃពិនិត្យសុខភាពចំនួន១៤ ០០០រៀល។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនគឺបច្ចុប្បន្នកម្ពុជាមានម៉ូតូមានជាង២លាន៧សែនគ្រឿង ចំណែកអ្នកដែលមានប័ណ្ណបើកបរមានប្រមាណ១សែន៥ម៉ឺននាក់៕

សរសេរមកលោគ អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles