ដោយ៖ ណាត សុភាព | ថ្ងៃសុក្រ ទី8 មករា 2016, 03:47 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រសួងមហាផ្ទៃប្រកាសផ្អាកការផាកពិន័យបណ្តោះអាសន្នលើរថយន្តដែលមិនទាន់មានឯកសារគ្រប់គ្រាន់ដោយអះអាងថា ទុកពេលមួយរយៈឲ្យម្ចាស់រថយន្តទៅធ្វើការត្រួតពិនិត្យបច្ចេកទេសនិងបំពេញឯកសារបន្ថែមទៀតដើម្បីឲ្យស្របតាមច្បាប់កំណត់។
ការប្រកាសឲ្យផ្អាកការផាកពិន័យរថយន្តនេះដោយសារប្រជាពលរដ្ឋរាប់ពាន់នាក់យករថយន្តទៅត្រួតពិនិត្យបច្ចេកទេសនៅមន្ទីរសាធារណការនិងដឹកជញ្ជូននៅតាមរាជធានី/ខេត្តបណ្តាលឲ្យមានការកកស្ទះ។
ក្រោយកិច្ចប្រជុំរបស់គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លួវគោកបូកសរុបលទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល៦ថ្ងៃកាលពីម្សិលមិញអគ្គស្នងការរងនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ ថ្លែងថាក្រោយពីសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅដើមឆ្នាំ២០១៦នេះគឺម្ចាស់រថយន្តខ្លះមិនគោរពច្បាប់និងខ្លះទៀតមិនមានឯកសារគ្រប់គ្រាន់។ លោកថាដោយសារមើលឃើញពីភាពខ្វះចន្លោះនោះក្រសួងសម្រេចផ្អាកធ្វើការផាកពិន័យបណ្តោះអាសន្នដើម្បីទុកពេលឲ្យម្ចាស់រថយន្តទៅត្រួតពិនិត្យបច្ចេកទេសនិងបំពេញឯកសារបន្ថែមឲ្យស្របតាមច្បាប់។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ថ្លែងថាមូលហេតុដែលម្ចាស់រថយន្តមួយចំនួនធំមិនបានទៅត្រួតពិនិត្យរថយន្តដោយសារកន្លងទៅទីតំាងត្រួតពិនិត្យមានតិចតួចនៅឡើយខណៈរថយន្តនៅកម្ពុជាមានជាង១លាន៥សែនគ្រឿង។ លោកថាដើម្បីដោះស្រាយបញ្ហានេះស្ថាប័នរដ្ឋត្រូវពង្រីកទីតំាងត្រួតពិនិត្យរថយន្តឲ្យបានទូទំាងរាជធានី/ខេត្ត។
អនុក្រឹត្យថ្មីមួយរបស់រដ្ឋាភិបាលបានបន្ថែមលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មីគឺផ្តល់អំណាចឲ្យសមត្ថកិច្ចអាចពិន័យអ្នកបើកបរយានយន្តដែលមិនបានភ្ជាប់តាមខ្លួននូវឯកសារដើមរួមមានប័ណ្ណ បើកបរយានយន្ត ប័ណ្ណសម្គាល់យានយន្ត វិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឬលិខិតអនុញ្ញាតធ្វើអាជីវកម្មចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូន។
មាត្រា៧៥នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមានខ្លឹមសារថាជនណាបើកយានយន្តដោយគ្មានប័ណ្ណបើកបរឬក្នុងរយៈពេលដែលប័ណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែនិងពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ៨០ម៉ឺនរៀល។
តាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ស្ថាប័ននេះបានត្រួតពិនិត្យយានយន្តបាន១៥២,០៥៣គ្រឿង។ ក្នុងនោះយានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួន៤១,៥៦១គ្រឿង។ ដែលក្នុងនោះមានរថយន្ត១៩,៤៣៧គ្រឿងនិងម៉ូតូ២២,១២៤គ្រឿងល្មើសច្បាប់ចរាចរណ៍៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com