Fri, 8 January 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ផ្ទុយពីប្រជាប្រិយភាពការងារលើវិថីសិល្បៈដ៏ហ៊ឺហា ស៊ីវីល័យ គ្រងតំណែងជាតារាសម្តែង និងម៉ូដែលលំដាប់កំពូល ចំណូលក៏ទំនងជាហូរចូលវាល់សែនដុល្លារក្នុងមួយឆ្នាំៗ តារាសម្តែងរាងស្វែលឆ្វាក់ស្នេហ៍បុរសបរទេស កញ្ញា ទឹម រដ្ឋា បែរជាធ្វើឲ្យមហាជនងឿងឆ្ងល់ចំពោះការធ្វើខួបកំណើត បែបលាក់លៀមដែលមានអ្នកចូលរួមតែពីរបីនាក់។ ប៉ុន្តែពេលសុំបញ្ជាក់ពីពិធីខួបនោះ នាងបែរជាពោលថា វ័យចាស់ហើយ មិនហ៊ានធ្វើធំដុំទេខ្មាសក្មេងៗ។
កញ្ញា ទឹម រដ្ឋា បានប្រាប់ថា៖ «ក្រុមការងារសិល្បៈរៀបចំខួបកំណើតឲ្យខ្ញុំស្ងាត់នេះ តាំងពីថ្ងៃទី ២ ខែមករា។ ពួកគេធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលណាស់ ដែលធ្វើឲ្យខ្ញុំឈប់គិតចង់ធ្វើវាឲ្យធំដែរ»។
តារារូបនេះបន្ដថា៖ «ការពិត ខ្ញុំមិនបានដឹងថា គេធ្វើអ្វីឲ្យខ្ញុំទេ ស្រាប់តែគេជូនផ្កា និងធ្វើពិធីជួបជុំមួយសម្រាប់ខ្ញុំទាំងនៅមិនទាន់ដល់ថ្ងៃខួបខ្ញុំពិតប្រាកដផង។ ខ្ញុំសប្បាយចិត្តដែរ ដែលក្រុមការងារសិល្បៈធ្វើឲ្យខ្ញុំមានភាពភ្ញាក់បើជាមិនទាន់ដល់ថ្ងៃខួបក៏ដោយ»។
ជាតារាដែលរមែងប្រាថ្នាជំនួបស្នេហាជាមួយបុរសជនជាតិបរទេស បើទោះជាកន្លងមកធ្លាប់ខកចិត្តស្នេហ៍ច្រើនក្ដី រដ្ឋា បានបញ្ជាក់ថា៖ «ឆ្នាំនេះជាខួបគម្រប់វ័យ ៣០ ឆ្នាំ ដែលការពិតខួបខ្ញុំចំថ្ងៃទី ៧ មករានេះទេ តែដោយសារមានមិត្តភក្ដិនាំគ្នាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលតាំងពីបីបួនថ្ងៃមុន ខ្ញុំមិនធ្វើវានៅថ្ងៃនេះទៀតទេ»។
កញ្ញា ទឹម រដ្ឋា ជាតារាមានកេរ្តិ៍ឈ្មោះលើវិថីសិល្បៈ និងភាពស៊ីវីល័យ បែរជាលេចឡើងពិធីខួបស្ងាត់ៗនេះ ដែលនាំឲ្យមានជាសំណួរជាច្រើនលើកឡើងថា ហេតុអ្វីបានជានាងមិនធ្វើខួបកំណើតធំដុំសមនឹងកេរ្តិ៍ឈ្មោះនាង បើកន្លងមកនាងក៏ដើរកម្មវិធីអ្នកសិល្បៈច្រើនដែរ?
ឆ្លើយសំណួរនោះ តារាសម្តែងដែលកំពុងព្យាយាមលាក់បាំងចំណងស្នេហ៍ថ្មីជាមួយបុរសជនជាតិ ប្រេស៊ីល ឈ្មោះ ស៊ាំបា កញ្ញា ទឹម រដ្ឋា ប្រាប់ថា៖ «ខ្ញុំក៏ចង់ធ្វើធំដែរ តែបូករួមនឹងខ្ចិលផង ហើយណាមួយ មិត្តភក្កិធ្វើឲ្យភ្ញាក់ផ្អើលមុននេះអស់ហើយក៏លែងចង់ធ្វើខួបធំទៅ»។
នាងបន្ថែមថា៖ «រហូតដល់វ័យ ៣០ ឆ្នាំ និងតាំងពីឈរជើងលើវិថីសិល្បៈមក ខ្ញុំទើបធ្វើខួបធំបានពីរដង។ តែខ្ញុំធ្វើតូចៗរាល់ឆ្នាំ ជាលក្ខណៈគ្រួសារ មិនសូវចង់ធ្វើធំទេ»។
នាងអះអាងថា នាងទទួលបានកាដូពីបុរសតាមស្រឡាញ់នាងច្រើនជិតដប់កាដូ។ នាងថា៖ «បានឆ្នាំនេះមិនធ្វើខួបធំនេះ ព្រោះខ្លួនកាន់តែចាស់ ពេលនេះក៏មានចិត្តខ្មាសក្មេងៗ ក៏សម្ងំធ្វើលក្ខណៈគ្រួសារទៅ»៕

