ដោយ សាន សែល
2016-01-08
RFA

ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចូលទៅទស្សនាអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥។ RFA/Hang Savyouth
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកដាក់ចំណងជើងថា «ទស្សនវិស័យសេដ្ឋកិច្ចសកល» កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កើនឡើងជិត៧ភាគរយ ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នាទៅមុខ។ កំណើនសម្រាប់ឆ្នាំ២០១៦ នឹងមានចំនួន៦.៩ ភាគរយ ហើយសម្រាប់ឆ្នាំ២០១៧ និង២០១៨ មាន៦.៨ ភាគរយដូចគ្នា។
របាយការណ៍ចេញផ្សាយនៅដើមខែមករា ឆ្នាំ២០១៦ បញ្ជាក់ថា ការនៅត្រឹង និងកើនឡើងតិចតួចរបស់កម្ពុជានេះ ជាឥទ្ធិពលនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ពោលដោយសារសេដ្ឋកិច្ចមហាយក្សចិនរង្គោះរង្គើ។
ចិនដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចធំមួយនៅក្នុងតំបន់ មានឱនភាពសេដ្ឋកិច្ច ដោយថយចុះពី៧.៣ ភាគរយ ក្នុងឆ្នាំ២០១៤ មកត្រឹម៦.៩ភាគរយ នៅឆ្នាំ២០១៥។ ការដើរថយក្រោយរបស់ចិននេះ ដោយសារវិស័យអចលនទ្រព្យ និងផលិតកម្ម ដែលជាសសរទ្រូងសេដ្ឋកិច្ចចិនឲ្យរឹងមាំ គ្មានលំនឹង ហើយទីផ្សារហិរញ្ញវត្ថុមានអស្ថិរភាព។
ការថយចុះនៃកំណើនសេដ្ឋកិច្ចរបស់ចិន នឹងប៉ះពាល់ដល់ប្រទេសក្នុងតំបន់មួយចំនួន ដែលពឹងផ្អែកលើចិន។
ទោះយ៉ាងណា ប្រទេសដែលនៅទើបងើបឡើង ដូចជាមីយ៉ាន់ម៉ា (Myanmar) នឹងបន្តកើនឡើង ពី៧.៨ភាគរយ សម្រាប់ឆ្នាំ២០១៦ ដល់៨.៥ ភាគរយ សម្រាប់ឆ្នាំ២០១៧ និង២០១៨។ ចំណែកប្រទេសអែបខាងកម្ពុជា ដូចជាថៃ រំពឹងថានឹងកើន ចំនួន២ភាគរយ នៅឆ្នាំ២០១៦ ហើយរំពឹងថានឹងកើនឡើងចំនួន២.៧ ភាគរយ នៅឆ្នាំ២០១៨។ ប្រទេសវៀតណាមវិញ ត្រូវព្យាករណ៍ថា នឹងកើន៦.៦ ភាគរយ នៅឆ្នាំ២០១៦ តែនឹងធ្លាក់មកត្រឹម៦.៣ នៅឆ្នាំ២០១៧ និង៦ ភាគរយ នៅឆ្នាំ២០១៨។
របាយការណ៍ជាភាសាអង់គ្លេសកម្រាស់២៨៦ បង្ហាញថា សេដ្ឋកិច្ចកម្ពុជា អាចប៉ះពាល់ដោយសារតម្លៃផលិតផលកសិកម្មធ្លាក់ចុះ អត្រាប្តូរប្រាក់ប្រែប្រួល ហើយវិស័យទេសចរណ៍មិនសូវមានសន្ទុះខ្លាំង។ ធនាគារពិភពលោកឲ្យដឹងថា ទិន្នផលកសិកម្មកម្ពុជា ធ្លាក់ចុះ ព្រោះលក្ខខណ្ឌអាកាសធាតុមិនល្អ។
តែប្រទេសកម្ពុជា អាចកែខៃការទស្សន៍ទាយនេះបាន ប្រសិនបើរដ្ឋាភិបាល បង្កើនគុណភាពកម្មវិធីសាធារណៈ ដូចជាពង្រឹងគុណភាពគ្រាប់ពូជ និងបង្កើតជាគោលនយោបាយកសិកម្មដែលអំណោយផលដល់វិស័យឯកជនជាដើម។
បន្ថែមពីលើនេះ លោកមីហ្គល អែដូ សានឆេហ្ស ម៉ាទីន (Miguel Eduardo Sanchez Martin) សេដ្ឋវិទូជាន់ខ្ពស់នៃ ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឲ្យអនុសាសន៍ថា បណ្តាប្រទេសក្រីក្រ គួរបង្កើតនូវភាពធន់ ទៅចរន្តនៃការប្រែប្រួលសេដ្ឋកិច្ចសកល ដើម្បីជួយការពារប្រជាជនក្រីក្រដែលងាយរងគ្រោះ។ លោកថា ប្រទេសក្រីក្រ គួរមានជាយុទ្ធសាស្ត្រកំណែទម្រង់លើវិស័យអភិបាលកិច្ច និងលក្ខខ័ណ្ឌពាណិជ្ជកម្ម។
វិស័យទេសចរណ៍ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចសំខាន់មួយរបស់សេដ្ឋកិច្ចកម្ពុជា គួរត្រូវពង្រឹងបន្ថែម។ នេះបើតាមការលើកឡើងរបស់ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច លោក តេង ដឺលុច។ លោក ដឺលុច បញ្ជាក់ថា ការផ្សព្វផ្សាយពីទិសដៅទេសចរណ៍ មានសារសំខាន់សម្រាប់កម្ពុជា ដើម្បីពង្រឹងសេដ្ឋកិច្ច។ «»
របាយការណ៍របស់ធនាគារពិភពលោក រំលេចឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសដែលទើបចូលជាសមាជិកអង្គការដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership) នឹងមានសន្ទុះសេដ្ឋកិច្ចទៅមុខ។ ធនាគារពិភពលោក លើកយកប្រទេសវៀតណាមមកធ្វើជាឧទាហរណ៍។ ប្រទេសវៀតណាម តាមរយៈ អង្គការដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក និងមានកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ទទួលបានប្រយោជន៍ច្រើនពីការបណ្ដាក់ទុនបរទេសដោយផ្ទាល់ ខណៈពេលដែលប្រទេសចិនថយចុះ។
ទោះជាបែបនេះក្តី លោក តេង ដឺលុច ក្រើករំឮកថា ប្រទេសកម្ពុជា ពុំគួរទាន់ត្រេកត្រអាល នឹងការចូលរួមជាសមាជិកអង្គការដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកអី តែកម្ពុជាគួរខិតខំពង្រឹងសមត្ថភាព ដើម្បីប្រកួតប្រជែងជាមួយបណ្តាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ពិសេសធ្វើការងារនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានឲ្យបានល្អ។ «»
សេដ្ឋកិច្ចកម្ពុជា ពេញមួយឆ្នាំ២០១៥ មានកំណើន៧ភាគរយជាមធ្យម ដែលធ្វើឲ្យប្រទេសកម្ពុជា បន្តស្ថិតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចឆាប់រហ័សបំផុតក្នុងតំបន់អាស៊ាន។ ធនាគារពិភពលោកកាលពីខែមេសា ឆ្នាំ២០១៥ បានព្យាករណ៍ថា កម្ពុជាអាចរក្សាបានកំណើននេះ កម្ពុជាអាចចាកចេញពីតំណែងជាប្រទេសមានការអភិវឌ្ឍតិចតួចបំផុត ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងសេដ្ឋកិច្ចប្រាប់ពីនីតិវិធីបង្វិលសងថ្លៃធ្វើប័ណ្ណបើកបរជូនពលរដ្ឋវិញ
- លោក ហ៊ុន សែន ប្រកាសថាម្ចាស់រថយន្តនៅអមផ្លូវជាតិលេខ៤មិនត្រូវបង់ថ្លៃទៀតទេ
- រដ្ឋាភិបាលសម្រេចបន្តឲ្យប្រើប្រាស់រថយន្តចង្កូតស្ដាំតែហាមនាំចូល
- ស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៥និងការប្រមើលមើលទៅឆ្នាំ២០១៦
- ពលរដ្ឋនិងសង្គមស៊ីវិលសាទរនឹងការប្រកាសពន្យារពេលធ្វើប័ណ្ណបើកបរ
- រដ្ឋមន្ត្រីក្រសួងអប់រំសម្ពោធសៀវភៅមួយក្បាលដែលលោកសរសេរស្ដីពីសេដ្ឋកិច្ចកម្ពុជា
- សហជីពស្នើឲ្យអាស៊ានបង្កើតបទដ្ឋានការងារសម្រាប់កម្មករក្នុងតំបន់ទាំងមូល
- លោក ហ៊ុន សែន ប្រកាសបញ្ឈប់ក្រុមហ៊ុនយកប្រាក់ពីពលរដ្ឋជិះឆ្លងកាត់ផ្លូវវ៉េងស្រេង
- ចិននឹងផ្ដល់សម្ភារៈការិយាល័យមួយចំនួនដល់អាជ្ញាធរមីនកម្ពុជា