ដោយ៖ ញឹម សុខន | ថ្ងៃសុក្រ ទី8 មករា 2016
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
រដ្ឋាភិបាលប្រកាសឲ្យអ្នកមានសមាជិកច្រើនអាចប្រើប្រាស់ម៉ូតូរួមគ្នាបានដោយមិនចាំបាច់ឆ្លងកាត់អាជ្ញាធរមូលដ្ឋាននិងម្ចាស់រថយន្តគ្រប់ប្រភេទអាចប្រើប្រាស់ឯកសារថតចម្លងបានសម្រាប់បង្ហាញដល់សមត្ថកិច្ចដែលចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ ឲ្យដឹងថាតបតាមការត្អូញត្អែររបស់ម្ចាស់យានយន្តគ្រប់ប្រភេទដែលព្រួយបារម្ភពីការដាក់ឯកសាដើមតាមខ្លួនសម្រាប់បង្ហាញដល់ការត្រួតពិនិត្យពេលត្រួតពិនិត្យច្បាប់ចរាចរណ៍ថ្មីនេះថ្នាក់ដឹកនាំនិងមន្ត្រីជំនាញសម្រេចកាលពីថ្ងៃទី៧ខែមករាថាម្ចាស់យានយន្តទាំងនោះអាចប្រើប្រាស់ឯកសារថតចម្លងបាន។ លោកបន្តថា៖ “សម្តេចលោកបានសម្រេចដោះស្រាយថាប័ណ្ណសម្គាល់យានយន្តនេះអាចឲ្យប្រជាពលរដ្ឋលោកធ្វើការថតចម្លងហើយដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចបានដែលយើងហៅថាធ្វើនីស្យានុកូលភាពបញ្ជាក់ពីភាពត្រឹមត្រូវពីច្បាប់ដើមអាចយកអាហ្នឹងតាមខ្លួនបាន។ ប៉ុន្តែជាមួយនោះខ្ញុំក៏សូមជម្រាបជូនសាធារណជនដែរថាទាក់ទិននឹងការថតចម្លងបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចនេះតាមការកំណត់គឺថាពលរដ្ឋត្រូវបង់សេវាប៉ុន្តែសេវានោះ(ម្ចាស់យានយន្ត)បង់តែ១០០០រៀលទេ”។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ បានសាទរទៅនឹងការសម្រេចនេះដោយលោកអះអាងថាការតម្រូវឲ្យដាក់ឯកសារដើមតាមខ្លួនជាការព្រួយបារម្ភមួយរបស់ម្ចាស់យានយន្តគ្រប់ប្រភេទដែលលោកថានៅពេលដែលរដ្ឋាភិបាលមិនទាន់អាចទប់ស្កាត់បានអំពើចោរកម្មប្លន់ប្រដាប់អាវុធបាននៅឡើយនោះ។ លោកបន្ថែមថា៖ “ដោយសង្គមខ្មែរមានបញ្ហាអន្តិសុខរឿងលួចឆក់ប្លន់ជាបញ្ហាដ៏សំខាន់ដែលប្រជាជនកំពុងតែប្រឈមហើយនៅពេលដែលលក្ខខណ្ឌច្បាប់តម្រូវអញ្ចឹងវាធ្វើឲ្យប្រជាពលរដ្ឋនឹងមានការភ័យខ្លាច”។
ជាងនេះទៅទៀតនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរនៅលើបណ្តាញសង្គមផ្ទាល់របស់លោកកាលពីថ្ងៃទី៧ខែមករាដោយអះអាងថាសម្រាប់អ្នកមានម៉ូតូមានកម្លាំងម៉ាស៊ីនត្រឹម១២៥CCមិនចាំបាច់ទៅធ្វើប័ណ្ណបើកបរទេហើយក៏អាចប្រើប្រាស់រួមគ្នាបានដែរដោយលោកថាមិនចាំឆ្លងកាត់ការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋានទេ។ លោកមានប្រសាសន៍ថា៖ “ម៉ាផ្ទះចង់ជិះ១០នាក់ក៏បានដែរហើយក៏គ្មានតម្រូវការឲ្យទៅបញ្ជាក់ពីអាជ្ញាធរឬស្ថាប័នមានសមត្ថកិច្ចណាទេ? សំខាន់ម្ចាស់ម៉ូតូដែលជាបង អនុញាតិឲ្យប្អូនជិះឬអត់? ម្ចាស់ម៉ូតូដែលជាឱពុកអនុញាតិឲ្យកូនជិះឬអត់? ម្ចាស់ម៉ូតូដែលជាមិត្តភ័ក្តអនុញាតិឲ្យមិត្តភ័ត្តខ្ចីឬអត់? មិនចាំបាច់មានការស្នើសុំពីប្រធានភូមិឬសមត្ថកិច្ចណាទាំងអស់សំខាន់លើការស្រុះស្រួលគ្នាម៉ូតូមួយគ្រឿងចង់ជិះ១០០០នាក់ក៏បានដែរ”។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង លើកឡើងថារដ្ឋាភិបាលគួរលុបបំបាត់សេវាសាំញ៉ាំបង្កការលំបាកដល់ប្រជាពលរដ្ឋឲ្យប្រសើរទើបការជំរុញការអនុវត្តច្បាប់នេះមានប្រសិទ្ធិភាពហើយមិនបង្កការលំបាកដល់ជីវភាពរស់នៅរបស់អ្នកមានយានយន្ត។
លោក យង់ គិមអេង អះអាងថាកត្តាមួយដែលរដ្ឋាភិបាលមិនទាន់ធ្វើបានហើយបង្កការលំបាកដល់ប្រជាពលរដ្ឋនោះគឺរដ្ឋត្រូវធានាថាយានយន្តគ្រប់ប្រភេទដែលទិញចេញពីឃ្លាំងត្រូវបំពាក់ផ្លាកលេខជាស្រេច។ លោកបន្តថា៖ “ហេតុអីដោះស្រាយប៉ុណ្ណឹងអត់ចេញ! ខ្ញុំឆ្ងល់ម៉ង! រដ្ឋយើងគឺអសមត្ថភាពកន្លែងហ្នឹងម៉ងហើយបើឲ្យគ្នាទៅធ្វើស្លាកលេខស្លាកអីវិញ! ត្រូវដើរកាន់ហើយដើរកាន់ឯកសាហ្នឹងពីកន្លែងមួយទៅកន្លែងមួយៗពីកន្លែងមួយទៅកន្លែងមួយទៀត! រដ្ឋហ្នឹងអសមត្ថភាពម៉ងបាទ! គ្រាន់តែបញ្ជូនឯកសារពីមួយទៅតុមួយហ្នឹងក៏អត់មានលទ្ធភាពបញ្ជូន?”។
លោក យង់ គិមអេង ឲ្យដឹងទៀតថាម៉្យាងវិញទៀតការធ្វើប័ណ្ណបើកបររដ្ឋត្រូវសម្រួលឲ្យទៅធ្វើនៅថ្នាក់ភូមិឃុំឬសង្កាត់កាន់តែប្រសើរដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលនៅតំបន់ដាច់ស្រយាល។
បើតាមលោកនាយករដ្ឋមន្ត្រីអ្នកប្រើប្រាស់ម៉ូតូនៅទូទាំងប្រទេសមានប្រមាណជិត៣លាននាក់ប៉ុន្តែលោកថាអ្នកមានប័ណ្ណបើកបរមានតែ១៥ម៉ឺននាក់តែប៉ុណ្ណោះ។ ចំណែកឯនៅក្នុងរាជធានីភ្នំពេញវិញអ្នកប្រើប្រាស់ម៉ូតូមានប្រមាណ១លាន២ម៉ឺននាក់ហើយអ្នកមានប័ណ្ណបើកបរវិញមានតែ១១ម៉ឺននាក់។
ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីអះអាងថាម្ចាស់ម៉ូតូដែលមានកម្លាំង១២៥CCចុះអាចទៅដកយកលុយវិញពីស្ថាប័នជំនាញវិញបាននៅគ្រប់ទីតាំងដែលពួកគេបានបំពេញបែបបទធ្វើប័ណ្ណបើកបររួចហើយនោះ៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com