ដោយ អ៊ុំ រង្សី
2016-01-08
RFA

រថយន្តដឹកកម្មករដែលរងគ្រោះថ្នាក់នៅខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។ Licadho Photo
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ លើកឡើងថា បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានដាក់ឲ្យអនុវត្ត អត្រាគ្រោះថ្នាក់ចរាចរ បានថយចុះប្រមាណ ១៩ភាគរយ បើប្រៀបធៀបទិន្នន័យក្នុងរយៈពេល ៦ថ្ងៃមុន និងក្រោយ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ ចំណែកឯមន្ត្រីសង្គមស៊ីវិលធ្វើការទាក់ទងចរាចរណ៍លើកឡើងថា ការថយចុះនេះនៅតែជាចំនួនតិចតួចនៅឡើយ និងជម្រុញឲ្យសមត្ថកិច្ចត្រូវរឹតបន្តឹងមូលហេតុសំខាន់ៗនៃគ្រោះថ្នាក់ចរាចរណ៍បន្តទៀត។
អ្នកនាំពាក្យ និងជាអគ្គស្នងការរងនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ អះអាងថា ៦ថ្ងៃមុនអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧២លើក តែក្រោយពេលអនុវត្តរយៈពេល ៦ថ្ងៃមក អត្រាគ្រោះថ្នាក់ចរាចរធ្លាក់ចុះ មកនៅត្រឹម៥៨លើក ហើយថយចុះបានចំនួន១៤លើក។
លោកថា ក្នុងនោះអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ក៏បានថយចុះផងដែរ ដោយថយពី ៣៧នាក់ មកនៅត្រឹម ៣០នាក់។
ការអះអាងនេះ ត្រូវបានបង្ហាញឡើង នៅក្នុងសន្និសីទព័ត៌មាន នៃការបង្ហាញលទ្ធផលប្រតិបត្តិការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ៧ថ្ងៃ និងលទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែ មករា។
ទាក់ទិននឹងករណីនេះ ប្រធានអង្គការសម្ព័ន្ធអន្តរជាតិ ទប់ស្កាត់ផលប៉ះពាល់គ្រឿងស្រវឹង (IARD) លោក គង់ សុវណ្ណ មានប្រសាសន៍ថា លោកគាំទ្រចំពោះលទ្ធផលនៃការថយចុះនេះ ព្រោះដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានជោគជ័យ គឺផ្តើមសំខាន់បំផុតពីអាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវតែពលរដ្ឋឲ្យគោរពច្បាប់ និងរឹតបន្តឹងច្បាប់ឲ្យមានតម្លាភាព។
ប៉ុន្តែលោកអះអាងថា ពើទោះជាមានការថយចុះនេះ ក៏គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីបារម្ភ និងមិនទាន់ឆ្លើយតបទៅនឹងផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅឡើយ។
អ្នកជំនាញខាងចរាចរណ៍រូបនេះបន្តថា កត្តាចំបងដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួសជាង ៩០ភាគរយ កើតឡើងមកពីកត្តាមនុស្សបើកបរមិនគោរពច្បាប់ និងខ្វះការប្រុងប្រយ័ត្ន ដូចជាការបើកក្នុងល្បឿនលឿន និងបើកក្នុងឥទ្ធិពលគ្រឿងស្រវឹងជាដើម ទាំងនេះ ជាអ្វីដែលលោកចង់ឃើញសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តន៍បន្ថែមទៀត។«»
ក្រៅពីអះអាងថា គ្រោះថ្នាក់ចរាចរណ៍បានថយចុះ ១៩ ភាគរយ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងទៀតថា ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី០១-០៦ ខែមករា ឆ្នាំ២០១៦នេះ មានយានយន្តជាង ១៥ម៉ឺនគ្រឿង ( ១៥២.០៥៣ គ្រឿង) ត្រូវបានពិនិត្យ។ ជាងនេះទៀត ក្នុងចំណោមយានយន្ត ដែលបានពិនិត្យជាង ១៥ម៉ឺនគ្រឿងនេះ មានយានយន្តប្រមាណ ២៧,៣៣ភាគរយ ដែលស្មើជាង៤ម៉ឺនគ្រឿង (៤១.៥៦១គ្រឿង) បានល្មើសច្បាប់។
ចំពោះយានយន្ត ដែលល្មើសច្បាប់នេះ មានយានយន្ត ជាង២ម៉ឺនគ្រឿង (២២.២៤២គ្រឿង ) ស្មើនឹងជាង៥៣(៥៣,៥១ភាគរយ) ត្រូវបានធ្វើការអប់រំ។ រីឯយានយន្តជិត ២ម៉ឺនគ្រឿង ត្រូវបានពិន័យ។ ប្រាក់ទទួលបានពីការផាកពិន័យយានយន្តល្មើសច្បាប់នេះ មានចំនួនជាង ៤០០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកជំនាញថាការលុបចោលប័ណ្ណបើកបរម៉ូតូជាឧបសគ្គក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍
- ពលរដ្ឋគាំទ្រនាយករដ្ឋមន្ត្រីបញ្ជាឲ្យបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូ
- កម្មករសំណង់២នាក់ស្លាប់និង១៦នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកោះកុង
- មនុស្ស៣៤នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេលបីថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
- គ្រាប់បែកដៃ១គ្រាប់ត្រូវគេប្រទះឃើញនៅជិតកន្លែងលក់សំបុត្រឲ្យភ្ញៀវចូលទស្សនាអង្គរ
- សាលាក្រុងពិចារណាចេញច្បាប់បិទហាងកម្សាន្តត្រឹមម៉ោង១២យប់
- គ្រោះថ្នាក់ចរាចរណ៍៦ខែដើមឆ្នាំ២០១៥នៅខេត្តព្រះសីហនុសម្លាប់មនុស្សជាង៣០នាក់
- រថយន្តអង្គរក្សលោក សម រង្ស៊ី ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាននៅវាលរេញ
- រថយន្តក្រុងកាពីតូលក្រឡាប់បណ្ដាលឲ្យមនុស្សពីរនាក់របួសធ្ងន់និងរបួសស្រាលច្រើននាក់