Fri, 8 January 2016
ហុង រស្មី
ភ្នំពេញប៉ុស្តិ៍
កំពត: សកម្មភាពជិះទូកក្ដារចែវជុំវិញដែនកោះគយគន់ដើមជ្រែដុះត្រសងតាមដងព្រែក ការដាំដើមកោងកាង ការរចនាសួនច្បារបណ្ដែតទឹក ការសម្អាតផ្ទៃទឹកទន្លេ ព្រមទាំងការបង្រៀនកុមារហែលទឹក និងសុវត្ថិភាពផ្លូវទឹក គឺជាដំណើរកម្សាន្ដផ្សងព្រេងសង្គ្រោះបរិស្ថានលើទឹកដីកំពតដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ជាពិសេស យុវជនកម្ពុជា។
នៅលើទូកក្ដារ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាមិត្តភក្ដិ និងក្រុមគ្រួសារ អមដំណើរដោយគ្រូបង្វឹក ចាប់ច្រវាដងវែងស្រវាគាស់កាយទឹកបណ្ដែតខ្លួនពីដងព្រែកទឹកឈូឆ្លងកាត់ដងព្រែកទឹកវិលចម្ងាយប្រមាណ ៤ គីឡូម៉ែត្របោះពួយក្រោមម្លប់ត្រឈឹងត្រឈៃនៃព្រៃជ្រៃប្របមាត់ទឹកជុំវិញដែនកោះទឹកវិល ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។
អ្នកស្រី Annie Pizey ជានាយកសហគមន៍ I Love Kampot River និងជាស្ថាបនិក Supasia មជ្ឈមណ្ឌលផ្ដល់សេវាកម្មទូកក្ដារ ទូកកាយ៉ាក់បណ្ដុះបណ្ដាលជំនាញហែលទឹក និងផ្ទះស្នាក់ ហើយនៅក្នុងឆ្នាំ ២០១១ អ្នកស្រីបានដឹកនាំក្រុមអ្នកជិះទូកក្ដារចែវតាមដងទន្លេមេគង្គចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រ។
កិច្ចការរបស់អ្នកស្រី Annie ជាមួយ Supasia ពាក់ព័ន្ធនឹងការរៀបចំគម្រោងអ្នកស្ម័គ្រចិត្តសម្រាប់អ្នកជិះទូកក្ដារដូចជា ការដាំដើមកោងកាង ការរចនាសួនបណ្ដែតទឹក សម្អាតសំរាមតាមដងទន្លេ បង្រៀនហែលទឹក និងសុវត្ថិភាពផ្លូវទឹកចំពោះកុមារ។
ទូកក្ដារចែវ ឬ (Stand-Up Paddleboarding) គឺជាឧបករណ៍កីឡាល្បឿនលឿនមួយក្នុងលោក។ គោលបំណងចំពោះដំណើរកម្សាន្ដតាមផ្លូវទឹកនេះគឺផ្ដោតលើការផ្សងព្រេងសម្រាប់អ្នកស្នេហ៍ស្និទ្ធនឹងធម្មជាតិ។
ក្រៅពីដំណើរកម្សាន្ដជិះទូកក្ដារជុំវិញដែនកោះដែលពលរដ្ឋកម្ពុជាភាគច្រើនបំផុតមិនស្គាល់ឈ្មោះថា វាជាកោះអ្វីនោះ គេហទំព័រ Supasia បានឲ្យដឹងអំពីដំណើរកម្សាន្ដផ្លូវទឹកផ្សេងទៀតថា ភ្ញៀវនឹងជិះទូកក្ដារគយគន់ត្រីផ្សោតនៅតាមដងទន្លេមេគង្គ ជិះកាត់ព្រៃកោងកាងទៅទីអារាម ដំណើរទៅលេងដែនកោះនានា ឬជិះកាត់ភូមិបណ្ដែតទឹ។
ជាមួយនឹងសេវាកម្មទូកក្ដារចែវចំនួន ១២ និងទូកកាយ៉ាក់ចំនួន ៥ គ្រឿង អ្នកស្រី Annie ដែលមានបទពិសោធការងារអ្នកសារព័ត៌មាន បាននិយាយថា៖ «ទីតាំងរបស់យើងនៅលើកោះក្បែរទន្លេកំពតមានសេវាកម្មជិះទូកក្ដារតូចៗទៅកាន់ភូមិនេសាទ ទីអារាម ព្រៃកោងកាង ព្រមទាំងមានការបណ្ដុះបណ្ដាលការជិះទូកក្ដារ យោគៈលើទូកក្ដារ និងហាត់ប្រាណលើទូកក្ដារនេះផងដែរ»។
អ្នកស្រីបានរៀបរាប់ថា៖ «ដំណើរកម្សាន្ដរបស់យើងចង់ឲ្យភ្ញៀវមកលេងកម្ពុជាទទួលបាននូវបទពិសោធវប្បធម៌ដ៏សម្បូរបែបដោយមិនរំខានដល់បរិស្ថានដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចពលរដ្ឋក្នុងតំបន់»។
អ្នកស្រី បានបង្ហើបប្រាប់ថា លោក ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀង និងក្រុមគ្រួសារ ជាមួយក្រុមរាំរបស់លោកគឺជាភ្ញៀវពិសេសរបស់ Supasia ពីព្រោះលោកស្រឡាញ់សម្រស់ធម្មជាតិនៅទីនេះ។ ចំពោះដំណើរកម្សាន្ដរយៈពេល ២,៥ ម៉ោង មានចាប់ផ្ដើមពីម៉ោង ៨:៣០ ដល់ម៉ោង ៣:៣០ រសៀល ភ្ញៀវត្រូវចំណាយប្រាក់ ២៥ ដុល្លារក្នុងម្នាក់។
ដំណើរកម្សាន្ដនេះស្ថិតនៅក្នុងខេត្តកំពតដោយចេញដំណើរតាមដងទន្លេក្បែរពីទីក្រុង ទៅតាមភូមិនេសាទ និង ព្រែកហ៊ុមព័ទ្ធដោយព្រៃជ្រៃចម្ងាយជាង ៤ គីឡូម៉ែត្រ។
រីឯដំណើរកម្សាន្ដរយៈពេលកន្លះថ្ងៃ គឺជាការជិះទូកនេសាទឬជិះទូកក្ដារអូសខ្លួនតាមឆកសមុទ្រតូចតាមព្រែកគយគន់ព្រៃជ្រែ ឬព្រៃកោងកាង តំបន់វប្បធម៌ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។
ភ្ញៀវទេសចរដែលជ្រើសរើសដំណើរកម្សាន្ដ ៤ នេះ ត្រូវចំណាយប្រាក់ ៥៥ ដុល្លារក្នុងម្នាក់ រួមទាំងអាហារថ្ងៃត្រង់ ទឹកផ្លែឈើស្រស់ៗ និងទឹកដូង។
ថ្វីដ្បិតតែគម្រោងអេកូទេសចរណ៍នេះទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងណាក៏ដោយ ក៏អ្នកស្រីបានត្អូញត្អែរថា អ្នកជំនួញបរទេសមួយចំនួនកំពុងតែពង្វក់អារម្មណ៍ភ្ញៀវដែលស្រឡាញ់ភាពស្ងប់ស្ងាត់ក្រោមបរិស្ថានធម្មជាតិពិតៗទៅជាភាពអ៊ូអរក្ដុងក្ដាំង និងរំខានដល់បរិស្ថានហើយ។
អ្នកស្រី Annie Pizey បានលើកឡើងថា បុរសជាតិសិង្ហបុរីជាអ្នកបើករបរជួលម៉ូតូទឹកក្បែរខាងរបស់អ្នកស្រី បានអនុញ្ញាតឲ្យភ្ញៀវរបស់ខ្លួនជិះម៉ូតូទឹកយ៉ាងទ្រហឹង ដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវជិះទូកក្ដាររបស់អ្នកស្រី។
អ្នកស្រីថា៖ «ចក្ខុវិស័យវែងឆ្ងាយចំពោះឧស្សាហកម្មទេសចរណ៍ខេត្តកំពត គឺចីរភាព និងកិច្ចការពារសត្វស្លាបពីសំឡេងរំខាន។ កំពតមិនគួរដើរតាមក្រុងព្រះសីហនុឡើយ»៕




