ដោយ ជិន ជេដ្ឋា
2016-01-08
RFA

ប្រជាកសិករធ្វើស្រែនៅតំបន់ទួលអំពិល ខេត្តកំពង់ឆ្នាំង លោក គៀត ភារម្យ បូមទឹកចេញពីក្នុងស្រែប្រាំងរបស់គាត់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Chin Chetha
ស្រូវប្រាំងប្រមាណ៥ពាន់ហិកតារ នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំងប្រឈមស្វិតងាប់ដោយសារគ្មានទឹកស្រោចស្រព។ អាជ្ញាធរអះអាងថាកំពុងរកវិធីសាស្ត្រសង្គ្រោះស្រូវទាំងនេះ។
អ្នកគ្រប់គ្រងប្រភពទឹកទំនប់តាកុយ និងប្រជាកសិករ នៅស្រុកជលគីរីឲ្យដឹងនៅថ្ងៃទី៨ ខែមករា ថា ផ្ទៃដីកសិកម្ម ឬស្រែប្រាំងរបស់កសិករក្នុងស្រុកបាធាយ ខេត្តកំពង់ចាម និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងជាច្រើនហិកតារ កំពុងស្វិតខ្លោចបណ្ដើរៗ ខណៈប្រភពទឹកនៅទំនប់តាកុយរីងស្ងួត។ ពួកគេថា នៅក្នុងដំណាក់កាលនេះ បើទោះបីជាអាជ្ញាធរបូមទឹកពីទន្លេមកសង្គ្រោះ ក៏លំបាកនឹងធ្វើទៅរួចដែរ។
អនុប្រធានគណៈកម្មការគ្រប់គ្រងទំនប់ទឹកតាកុយលោក អួន គន មានប្រសាសន៍ថា ស្រូវកំពុងមូរដើម និងខ្លះទៀតអោនដាក់គ្រាប់អាចស្កកកាន់តែច្រើនក្នុងរយៈពេលដ៏ខ្លីខាងមុខ។ លោកថា បើអាជ្ញាធរមានវិធានការសង្គ្រោះស្រូវទាំងនេះតាមរយៈការបូមទឹកពីទន្លេ គឺត្រូវបូមតគ្នាជាបីដំណាក់ទើបចូលដល់អាងទឹកតាកុយ ទើបអាចបែងចែកដល់ក្នុងស្រែ ព្រោះទឹកទន្លេកាន់តែរីងរាក់។ «»
ចំណែកកសិករម្នាក់នៅភូមិព្រៃគ្រីត្បូង នៃស្រុកជលគីរី ដែលព្រោះស្រូវប្រាំងទំហំ៤០អា ដោយពឹងលើប្រភពទឹកនៅទំនប់តាកុយ គឺលោក ឆែម ឆឺន ឲ្យដឹងថា រូបលោក និងកសិករជាច្រើនទៀត ព្រោះ មិនអស់ផ្ទៃដីដែលខ្លួនមាន ដោយសារឆ្នាំ២០១៥កម្រិតទឹកទន្លេទាបមិនហូរចូលអាងទឹកតាកុយ ទើបកសិករខ្វះខាតទឹកតាំងពីដើមរដូវ។ ជាក់ស្ដែងលោកមានដីជាង១ហិកតារ ប៉ុន្តែធ្វើបានតែ៤០អាប៉ុណ្ណោះ។ «»
ឆ្លើយតបបញ្ហានេះប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បញ្ជាក់ថា ស្រូវប្រាំងរបស់កសិករមិនទាន់មានស្វិតងាប់នោះទេ ប៉ុន្តែអាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធកំពុងមានវិធានការបន្ទាន់មួយ ដើម្បីសង្គ្រោះស្រូវទាំងនេះ ដោយកាយប្រឡាយនាំទឹកពីបឹងដំរាំងក្របី។ ប៉ុន្តែលោកថា ស្រូវប្រាំងប្រមាណ៥០០ហិកតារនោះ មិនប្រឈមខ្វះទឹកទាំងអស់នោះទេ។«»
លោក ងិន ហ៊ុន ឲ្យដឹងថា ការបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៥–២០១៦ របស់កសិករខេត្តកំពង់ឆ្នាំង នៅសល់ផ្ទៃដីចន្លោះពី២ពាន់ ទៅ៣ពាន់ហិកតារ ក្នុងចំណោមផ្ទៃដីស្រែប្រាំងក្នុងផែនការសរុបជិត៣ម៉ឺនហិកតារ(២៩,៧០០)។ ការបង្កបង្កើនមិនអស់ផ្ទៃដីកសិកម្មនេះ គឺដោយសារបញ្ហាកម្ពស់ទឹកទន្លេទាបកាលពីឆ្នាំ២០១៥ ដែលធ្វើឲ្យស្រែប្រាំងរបស់កសិករនៅប៉ែកលើៗ មិនអាចទទួលទឹកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅខេត្តកំពង់ចាមស្នើឱ្យអាជ្ញាធរដោះស្រាយជម្លោះទឹកដាក់ស្រែ
- កម្ពុជាអាចនឹងខ្វះទឹកប្រើប្រាស់រយៈពេល៦ខែនៅឆ្នាំ២០១៦ដោយសារបញ្ហារាំងស្ងួត
- លោក ហ៊ុន សែន ស្នើអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់គ្រោះមហន្តរាយ
- ម្នាក់ស្លាប់២នាក់របួសដោយសារបើកម៉ាស៊ីនច្រូតស្រូវជាន់មីនតោននៅបាត់ដំបង
- មន្ត្រី៖ កម្ពុជាអាចដោះស្រាយបញ្ហាប្រឈមដោយសារគ្រោះមហន្តរាយធម្មជាតិបាន
- ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ៧២ខ្នងនៅក្រុងសំរោងខេត្តឧត្តរមានជ័យ
- ទឹកជន់ឡើងខ្ពស់នៅឃុំចំនួន៤ក្នុងស្រុកបវេលខេត្តបាត់ដំបង
- ក្រសួងធនធានទឹក៖ កម្ពុជានឹងថយចុះបរិមាណភ្លៀងក្នុងមួយសប្ដាហ៍ខាងមុខ
- ភ្លើងឆេះក្លឹបកម្សាន្តស្កាយផតនៅផ្លូវ២០០៤រាជធានីភ្នំពេញ