Fri, 8 January 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: បង្កភាពភ្ញាក់ផ្អើលពេញពិធីខួបកំណើតនៅក្នុងវេលាកាត់នំ កាយវិកាបុរសវ័យចំណាស់ដែលគេស្គាល់ថាជាមនុស្សមានឥទ្ធិពលម្នាក់ក្នុងចង្កោមអ្នកសិល្បៈលោក ឧកញ៉ា តូនី ថើបថ្ពាល់ម្ចាស់ខួបជាតារាម៉ូដែលកញ្ញា ពិន ទេពី ជាច្រើនខ្សឺតនៅចំពោះមុខភ្ញៀវជាមិត្តភក្តិជាច្រើននោះឧកញ៉ាម្នាក់នេះក៏បានណែនាំថា ទេពី នាងមានសង្សារហើយ ហើយក៏ជួនពរ ទេពី ជាកូនធម៌ និងសង្សារឲ្យស្រឡាញ់គ្នាលុះចាស់កោងខ្នងរៀងៗខ្លួន។
ស្ថិតនឹងរាត្រីស្រមោលពោរពេញដោយសំណើចក្អាកក្អាយសាទរនឹងពិធីខួបកំណើតតារាម៉ូដែលកញ្ញា ពិន ទេពី នោះលោក ឧកញ៉ាច្រមុះរវៀសនោះក៏បានបកស្រាយផងថា៖ «កាលដែលខ្ញុំថើប ទេពី នេះមិនមែនក្នុងន័យស្នេហាឡើយគឺក្នុងន័យរាប់អានឪពុកធម៌ជាមួយកូនធម៌តែប៉ុណ្ណោះ»។
លោកបានអះអាងទៀតថា៖ «ខ្ញុំបានរាប់អានកញ្ញា ពិន ទេពី ជាមួយសង្សាររបស់នាងជាច្រើនឆ្នាំមកហើយដោយនៅក្នុងនោះខ្ញុំបានចាត់ទុកអ្នកទាំង ២ ដូចជាកូនបង្កើតអ៊ីចឹង»។
បន្តពីសម្ដីអះអាងបង្ហាញហេតុផលបញ្ជៀសការភ័ណ្ឌច្រឡំពីភ្នែកមហាជននោះឧកញ៉ាដែលរមែងបង្ហាញខ្លួនក្រោមរាត្រីភ្លើងពណ៌ចូលរួមគ្រប់កម្មវិធីសិល្បៈរូបនេះ និងផ្តល់កិត្តិយសឡើងច្រៀងជូនពរដោយតម្រូវឲ្យ ពិន ទេពី និងសង្សាររបស់ខ្លួនរាំលេងអមផងនោះលោកក៏បានជួនពរកញ្ញា ពិន ទេពី និងសង្សារនាងផងដែរថា៖ « សូមជូនពរអ្នកទាំង ២ ស្រលាញ់គ្នារហូត និងជោគជ័យគ្រប់ភារកិច្ច»។
កញ្ញា ពិន ទេពី បានបោះជំហានចូលប្រឡូកក្នុងលើវិថីសិល្បៈនៅឆ្នាំ ២០១២ ដោយអាជីពដំបូងរបស់នាងគឺជាតារាម៉ូដែល។ ជាមួយនឹងការងារសិល្បៈនេះ ទេពី ធ្លាប់ថតបានថតស្ប៉តខារ៉ាអូខេនឹងការចេញទៅដើរម៉ូដនៅក្រៅប្រទេសញឹកញាប់ផងដែរ។
រំលេចពីពិធីខួបកំណើតនេះតារាម៉ូដែលរាងខ្ពស់ស្រឡះកញ្ញា ពិន ទេពី បានប្រាប់ថា៖ «ខួបនេះគម្រប់វ័យ ២៣ ឆ្នាំនាងបានអញ្ជើញភ្ញៀវប្រមាណជាង ១០ តុដោយនៅក្នុងនោះភាគច្រើនគឺជាអ្នកសិល្បៈទាំងអស់»។
ទោះជាឃើញហើយថានាងមានទំនាក់ទំនងជិតស្និទ្ធជាមួយឧកញ៉ា តូនី បែបណាក្ដីប៉ុន្តែ ទេពី អះអាងថាការចំណាយក្នុងពិធីខួបនាងមិនមានចំណែកនៃការឧបត្ថម្ភពីគាត់ទេហើយក៏គ្មានចំណែកឧបត្ថម្ភពីសង្សារនាងដែរ។
កញ្ញា ទេពី បញ្ជាក់ថា៖ « គឺក្រុមគ្រួសាររបស់ខ្ញុំជាអ្នកធានារ៉ាប់រងទាំងអស់»៕


