ដោយ៖ បូ សាវី | ថ្ងៃសៅរ៍ ទី9 មករា 2016, 05:10 PM
http://vodhotnews.com
មន្ដ្រីសង្គមស៊ីវិលនៅខេត្ដកំពង់ធំឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍នេះ តុលាការខេត្ដនេះបាន សម្រេចឃុំខ្លួនបណ្តោះអាសន្ន យុវជនដែលរងការចោទថា ប៉ងសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ការឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទប្រមាថ និងគម្រាមសម្លាប់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន តាមមាត្រា៥០២ និង២០៣នៃច្បាប់ព្រហ្មទណ្ឌ កាលពីថ្ងៃទី៨ ខែមករាម្សិលមិញ។
យុវជនរូបនោះឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៨ឆ្នាំ រស់នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ។ យុវជននោះត្រូវមេភូមិ អះអាងថា ជាសមាជិកគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ ខេត្ដកំពង់ធំលោក ឈួម រុណ ឲ្យវីអូឌី(VOD)ដឹងនៅរសៀលថ្ងៃសៅរ៍នេះថា យុវជន ម៉ាន់ សំអ៊ាន់ ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការខេត្ដកំពង់ធំលោក សេត វណ្ណៈ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ដ ដោយចោទពីបទជេរប្រមាថ បន្ទាប់ពីតុលាការខេត្ដនេះ សាកសួរបន្ថែមទៀតនៅព្រឹកថ្ងៃទី៩ខែមករានេះ។ លោកបន្ដថា តាមការឃុំខ្លួនយុវជនរូបនេះ លោកថា ហាក់មានភាពមិនប្រក្រតី ដោយសារយុវជនរូបនោះត្រូវបានចាប់ខ្លួននៅខេត្ដកំពង់ធំ ប៉ុន្ដែបែជាបញ្ជូនទៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ហើយការចាប់ខ្លួនក៍មិនមានដីកាពីតុលាការណាមួយដែរ។ លោកបន្ថែមថា ជនជាប់ចោទបានឃុំខ្លួនលើសពី៤៨ម៉ោង។
VODមិនអាចសុំការសាកសួរពីចៅក្រមសាលាដំបូងខេត្ដកំពង់ធំ លោក សេត វណ្ណៈ បានទេ ដោយលោកប្រាប់ថា ជាប់រវល់។
ទោះជាយ៉ាងណា ជីតាជនសង្ស័យនិងត្រូវជាមេភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន លោក ពេជ្រ ជា អះអាងថា ចៅប្រុសរបស់គាត់ឈ្មោះ ម៉ាន់ សំអ៊ាន់នោះ មិនបានបង្ហោះសារពីការគម្រាមសម្លាប់លោកហ៊ុន សែន តាមបណ្ដាញសង្គម ដូចការចោទប្រកាន់របស់សមត្ថកិច្ចឡើយ ដោយលោកអះអាងថា សាច់ញាតិគាត់ទាំងអស់ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈលោកសង្ស័យហ្វេសប៊ុកចៅគាត់ មានអ្នកលួចបន្លំ។ លោកបន្ដថា កន្លងមកចៅប្រុសរបស់គាត់ធ្លាប់បានអតីតគូរដណ្ដឹងរបស់ជនជាប់ចោទនៅខេត្ដសៀមរាប ធ្លាប់បានគម្រាមតាមទូរស័ព្ទថា រយៈពេល៣ថ្ងៃទៀតយុវជនរូបនោះនឹងជាប់ពន្ធនាគារ។ លោកមានប្រសាស៍ថា៖សូមឲ្យសម្ដេចជួយចៅខ្ញុំនេះសមាជិកគណបក្សប្រជាជនដែរណា ខ្ញុំនៅប្រធានគណបក្សប្រជាជនសង្កាត់ហើយខ្ញុំក៍ធ្លាប់ដឹងចិត្ដដឹងគំនិតវា ពេលណាបោះឆ្នោតម្ដងៗវាឈឺចាប់ជាងគេទៀតដល់ទៅធ្វើចឹងវាអត់ត្រូវវា ដូចជាចិត្ដមិនប្រាថ្នាចឹងវាថាវាអត់គោលបំណងធ្វើអីទៅលើសម្ដេចចឹងខ្ញុំសួរផ្ទាល់ណា។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ ខេត្ដកំពង់ធំ លោក ឈួម រុណ ចាត់ទុកការឃុំខ្លួនយុវជនឈ្មោះ ម៉ាន់ សំអ៊ាន់នោះ ជារឿងអយុត្ដិធម៌ ដោយលើកឡើងថា និតិវិធីច្បាប់ការបង្ហោះសារតាមបណ្ដាញហ្វេសប៊ុកមិនទាន់មានច្បាប់ចែងនៅឡើយទេ។ ជាមួយគ្នានោះលោកថា បទល្មើសជេរប្រមាថក៍មិនអាចឃុំខ្លួនជនជាប់ចោទបានដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមករានេះ សមត្ថកិច្ចខេត្ដកំពងធំ បានចាប់ខ្លួនយុវជនម្នាក់ឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៨ឆ្នាំ រស់នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ខេត្ដកំពង់ធំ ដោយចោទថា គម្រាមសម្លាប់នាយករដ្ឋមន្ដ្រី លោក ហ៊ុន សែន តាមបណ្ដាញសង្គមហ្វេសប៊ុក៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com