ដោយ ខែ សុណង
2016-01-09
RFA

តុលាការខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនយុវជនដែលគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ពន្ធនាគារខេត្ត បន្ទាប់ពីសាកសួរអស់ជាច្រើនម៉ោងនៅព្រឹកថ្ងៃទី៩ មករា។ យុវជនម្នាក់ដែលជាជនសង្ស័យគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមហ្វេសប៊ុក (Facebook) ត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួន ២ករណី គឺករណីគំរាមសម្លាប់ និងការប្រមាថ។
ក្រុមគ្រួសារយុវជនដែលគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី អន្តរាគមន៍ដោះលែងយុវជនរូបនោះឲ្យមានសេរីភាពវិញ។
ម្ដាយរបស់ជនសង្ស័យ លោកស្រី ចេង លី មានប្រសាសន៍ថា លោកស្រីជឿថា កូនរបស់គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ លោកស្រីស្នើឲ្យលោកនាយករដ្ឋមន្ត្រី អន្តរាគមន៍ដោះលែងកូនគាត់មកវិញ៖ «ខ្ញុំមិនជឿថា កូនខ្ញុំធ្វើទេ។ ខ្ញុំនៅគណបក្សប្រជាជន។ ពុកខ្ញុំក៏គាត់ជាប្រធានភូមិកាន់កាប់ប្រជាជនទាំងអស់ បក្សប្រជាជន តាំងពីដើមមក។ សរសេរហ្នឹងខ្ញុំខ្លាចតែគេបង្ខូចកូនខ្ញុំទេ ព្រោះកូនខ្ញុំវាអត់មានចរិតអ៊ីចឹង។ ខ្ញុំដឹងចិត្តវា»។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីតុលាការខេត្តកំពង់ធំ សម្រេចឃុំខ្លួនយុវជនឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ ២៨ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចោទប្រកាន់ចំនួន ២ករណី គឺករណីគំរាមសម្លាប់ និងការប្រមាថ ដោយសារយុវជនរូបនោះបានគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមហ្វេសប៊ុក។ កាលពីថ្ងៃទី៦ មករា សមត្ថកិច្ចចាប់ខ្លួនយុវជនរូបនេះ រួចបញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរអស់ជាច្រើនម៉ោង កាលពីថ្ងៃទី៨ មករា។
ស្នងការរងនគរបាលខេត្តកំពង់ធំ លោក ខៀវ ចាន់នី ថ្លែងថា សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តវិញហើយ។ រីឯសេចក្ដីសម្រេចរបស់តុលាការយ៉ាងណានោះ លោកមិនបានដឹងនៅឡើយ៖ «លោកចៅក្រម និងព្រះរាជអាជ្ញាគាត់យកទៅផ្ញើនៅពន្ធនាគារខេត្តហើយ។ ខ្ញុំអត់ទាន់បានទទួលដីកាបង្គាប់ទេ»។
នេះជាលើកទី១ ហើយ ដែលមានអ្នកគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានតុលាការចាត់វិធានការតាមច្បាប់។ ការចាប់ខ្លួននេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកាលពីថ្ងៃទី៥ មករា ក្នុងពិធីសម្ពោធស្ពានក្បែរសាលាតិចណូថា អ្នកដែលជេរលោក គឺគ្មានវាសនាល្អនោះទេ ហើយថា បើលោកចង់ចាត់ការតែ ៧ម៉ោងប៉ុណ្ណោះ លោកក៏មិនបាច់ប្រើកម្លាំងពីភ្នំពេញទេ គឺប្រើកម្លាំងនៅមូលដ្ឋានប៉ុណ្ណោះ។
ទាក់ទងនឹងករណីគំរាមសម្លាប់តាមបណ្ដាញសង្គមហ្វេសប៊ុកនេះ តុលាការបានចាត់ការលើករណីមួយចំនួន ដូចជា ករណីគំរាមសម្លាប់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណីគំរាមសម្លាប់ លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែន និងករណីយុវជន គង់ រ៉ៃយ៉ា ដែលបង្ហោះពីការអំពាវនាវចូលរួមបដិវត្តន៍ពណ៌កាលពីខែសីហា ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការចោទប្រកាន់យុវជនគំរាមសម្លាប់នាយករដ្ឋមន្ត្រីចំនួន២ករណី
- អ្នកជំនាញថាការលុបចោលប័ណ្ណបើកបរម៉ូតូជាឧបសគ្គក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍
- លោក ហ៊ុន សែន ប្រែចិត្តពីការកំណត់សញ្ជាតិមួយរបស់បក្សនយោបាយទៅសញ្ជាតិច្រើន
- មន្ត្រីការពារព្រៃឈើខេត្តមណ្ឌលគិរី៤រូបរងការប្ដឹងរឿងវៀតណាមចូលកាប់ឈើ
- តុលាការខេត្តព្រះវិហារកោះហៅតំណាងអ្នកភូមិ៤នាក់សាកសួរនៅថ្ងៃទី១៣មករា
- ពលរដ្ឋគាំទ្រនាយករដ្ឋមន្ត្រីបញ្ជាឲ្យបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូ
- សង្គមស៊ីវិលស្នើផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ដល់ពលរដ្ឋឲ្យបានទូលំទូលាយ
- គណៈកម្មការចំពោះកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពជាលើកដំបូង
- ពលរដ្ឋប្រមាណ១០០នាក់បន្តតវ៉ាមុខតុលាការខេត្តសៀមរាបទាមទារដោះលែងចៅសង្កាត់