ដោយ រដ្ឋា វិសាល
2016-01-09
RFA

ផែនទីខេត្តរតនគិរី។ Photo: RFA
តំណាងសហគមន៍ការពារព្រៃឈើភូមិតាំងលោម ស្រុកអណ្ដូងមាស ខេត្តរតនគិរី លោក ក្លាន ពេវ អះអាងថា បានរងការគំរាមសម្លាប់បន្ទាប់ពីលោកបានដាក់ពាក្យប្ដឹងមន្ត្រីប៉ូលិសប៉ុស្តិ៍ការពារព្រំដែនផាតាម ពីរនាក់ និងអ្នកភូមិម្នាក់ ក្នុងបទបណ្តែតបណ្តោយ និងឃុបឃិតឲ្យឈ្មួញវៀតណាម នាំកម្មករឆ្លងដែនមកកាប់ឈើក្នុងដីខ្មែរ។
លោកបញ្ជាក់ថា អ្នកភូមិម្នាក់ដែលរស់នៅជិតផ្ទះគ្នា កាន់កាំបិតមកផ្ទះលោក ហើយគំរាមសម្លាប់លោក ដោយសារតែលោកបានដាក់ពាក្យប្ដឹងអ្នកភូមិនោះថា ជាអ្នកនាំផ្លូវឈ្មួញវៀតណាម ឲ្យចូលកាប់ឈើក្នុងព្រៃអភិរក្ស៖ «គេកាន់កាំបិតទៅផ្ទះខ្ញុំ គេសួរថា ប៉ាឯងទៅណា?គេចង់រកអ្នកណាផុសហ្នឹង អ្នកណាហ្នឹងបើខ្ញុំដឹងគេផុសខ្ញុំកាប់ចោល។ ខ្ញុំទៅអាដហុក (ADHOC) ខ្ញុំចង់ឲ្យគេជួយទប់ស្កាត់ការពាររឿងឈើ ខ្ញុំព្រួយបារម្ភអស់ឈើហើយ»។
កាលពីថ្ងៃទី៦ ខែមករា តំណាងសហគមន៍តាំងលោម មានគ្នាបីនាក់ បាននាំយកពាក្យប្ដឹងចំនួនពីរច្បាប់ មានស្នាមមេដៃប្រជាពលរដ្ឋជាង ១០០នាក់ ដាក់ជូនការិយាល័យការពារសិទ្ធិមនុស្សមួយច្បាប់ និងសុំឲ្យមន្ត្រីសិទ្ធិមនុស្សនេះ អន្តរាគមន៍ពាក្យប្ដឹងមួយច្បាប់ទៀតទៅស្នងការប៉ូលិសខេត្ត ក្នុងរឿងចោទនាយនគរបាលប៉ុស្តិ៍ការពារព្រំដែនផាតាម គឺលោក ទូច ហ៊ីង និងតម្រួតការពារព្រំដែនជាមួយគ្នាម្នាក់ទៀតមានឈ្មោះ ថង ថាបានអនុញ្ញាតឲ្យឈ្មួញវៀតណាម ដឹកជញ្ជូនកម្មករឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្នុងដីខ្មែរ។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលព័ត៌មានស្ដីពីការគំរាមសម្លាប់សកម្មជនការពារព្រៃឈើនេះតាមទូរស័ព្ទ កាលពីថ្ងៃទី៩ ខែមករា។ នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ លោកនឹងអន្តរាគមន៍ពាក្យប្ដឹងពាក់ព័ន្ធករណីចោទប្រកាន់របស់អ្នកភូមិ និងករណីគំរាមសម្លាប់នេះទៅស្នងការប៉ូលិសខេត្ត ដើម្បីស៊ើបអង្កេត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កសិករមួយគ្រួសារនៅខេត្តឧត្ដរមានជ័យចោទមន្ត្រីបីនាក់ថាប្រើអាវុធបាញ់គំរាម
- មន្ត្រីការពារសិទ្ធិមនុស្សថ្កោលទោសមន្ត្រីប៉ូលិសខេត្តមណ្ឌលគិរីរឿងប្រើហិង្សាលើពលរដ្ឋ
- បញ្ហាតែងប៉ះទង្គិចគ្នារវាងប្រជានេសាទខ្មែរនិងវៀតណាមនៅដែនសមុទ្រខេត្តកំពត
- អ្នកនេសាទខ្មែរនៅបឹងទន្លេសាបខេត្តសៀមរាបភ័យខ្លាចការបង្កហិង្សាពីក្រុមជនជាតិវៀតណាម
- សមត្ថកិច្ចស្វែងរកចាប់អ្នកនេសាទវៀតណាមព្រួតគ្នាវាយអ្នកនេសាទខ្មែរនៅសៀមរាប
- មនុស្សជាង២ពាន់នាក់រាំចង្វាក់ម៉ាឌីហ្ស៊ុនដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី
- សមត្ថកិច្ចសន្និដ្ឋានថាបុរសស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាអ្នកកាប់សម្លាប់គ្រួសារខ្លួនឯង
- សង្គមស៊ីវិលថ្កោលទោសពលរដ្ឋវៀតណាមប្រើហិង្សាវាយប៉ូលិសការពារព្រំដែនខេត្តស្វាយរៀង
- ក្រសួងការបរទេស៖ មិនមានពលរដ្ឋខ្មែរស្លាប់ក្នុងហេតុការណ៍នៅភោជនីយដ្ឋានខ្មែរនៅបារាំង