ដោយ ម៉ែន សុធីរ
2016-01-09
RFA

ផែនទីខេត្តក្រចេះ។ Photo: RFA
ជនជាតិដើមភាគតិចព្នង ស្រុកចិត្របូរី ជាង ១០០នាក់ អះអាងថា អាជ្ញាធរស្រុកមិនទាន់ដោះស្រាយផលប៉ះពាល់ដីធ្លីប្រជាពលរដ្ឋ ដែលក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដៅទូ សៃហ្គន ប៊ិនភឿក (Dau Tu Saigon-Binh Phouc) បានឈូសឆាយលើដីសមូហភាពសហគមន៍កាលពីថ្ងៃទី៦ មករា។
ពលរដ្ឋរស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី នៅថ្ងៃទី៩ មករា អំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពន្លឿនដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់។ អ្នកភូមិចោទថា ក្រុមហ៊ុនបន្តឈូសឆាយកំណត់ព្រំដីសម្បទានសេដ្ឋកិច្ច បំពានទៅលើដីធ្លីប្រើប្រាស់សមូហភាពសហគមន៍ជាច្រើនហិកតារ។
តំណាងពលរដ្ឋ លោក ឃីន ឌឿន ចោទប្រកាន់ថា ក្រុមហ៊ុនបានឈូសឆាយដីក្នុងព្រៃសមូហភាពសហគមន៍អស់ទំហំទទឹង ១៥០ម៉ែត្រ និងបណ្ដោយជាង ៤.០២០ម៉ែត្រ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៥។ លោកថា ករណីនេះ គឺជាការរំលោភសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិច៖ «»។
អនុប្រធានសហគមន៍ការពារព្រៃភូមិប្អៀរ លោក ឈឿន ផន កត់សម្គាល់ដែរថា ក្រុមហ៊ុនវៀតណាម បង្កឧបសគ្គដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិចព្នង ដែលមានទម្លាប់អាស្រ័យអនុផលព្រៃឈើ និងការបាត់បង់ប្រពៃណីវប្បធម៌របស់ពួកគាត់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដៅទូ សៃហ្គន ប៊ិនភឿក លោក កែវ សាវ៉ាន់ ដើម្បីសុំការបញ្ជាក់ជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៩ មករា។ តែលោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា ក្រុមហ៊ុនពុំបានឈូសឆាយដីសហគមន៍ទេ។ លោកថា ក្រុមហ៊ុនទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាល មានផែនទីកំណត់ព្រំដីច្បាស់លាស់ ដោយមានអាជ្ញាធរមូលដ្ឋានដឹងឮ។
មេឃុំថ្មី លោក មុំ ខាំ ឲ្យដឹងថា អាជ្ញាធរធ្លាប់សម្របសម្រួលជាមួយតំណាងពលរដ្ឋ និងតំណាងក្រុមហ៊ុន ពីដំណោះស្រាយជម្លោះដីធ្លីនេះ តែនៅមិនអាចរកដំណោះស្រាយបាន។ លោកថា អាជ្ញាធរឃុំបានធ្វើសំណើឲ្យអាជ្ញាធរស្រុក និងខេត្ត ចុះសម្របសម្រួលករណីនេះហើយ ប៉ុន្តែមិនឃើញមានចំណាត់ការបែបណាឡើយ៖ «»។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដៅទូ សៃហ្គន ប៊ិនភឿក របស់វៀតណាម វិនិយោគដំណាំឧស្សាហកម្មកៅស៊ូ ទទួលសិទ្ធិវិនិយោគលើផ្ទៃដីចំនួន ១ម៉ឺនហិកតារ ឋិតនៅក្នុងឃុំចំនួនពីរ គឺឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
អភិបាលស្រុកចិត្របុរី លោក ហង់ ចាន់ឌី ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា អាជ្ញាធរស្រុក និងខេត្ត ស្នើឲ្យរដ្ឋាភិបាលកាត់ដីចេញពីក្រុមហ៊ុន ដើម្បីផ្ដល់ឲ្យសហគមន៍គ្រប់គ្រង។ លោកថា រដ្ឋាភិបាលបានឯកភាពសំណើនេះហើយ និងរង់ចាំក្រសួងពាក់ព័ន្ធអនុវត្តនីតិវិធីតែប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ កាលពីខែកញ្ញា ឆ្នាំ២០១៥ ពលរដ្ឋជាង ៩០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងខេត្តក្រចេះ បន្ទាប់ពីតំណាងអ្នកភូមិ ៥នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ កោះហៅមកបំភ្លឺក្នុងរឿងចោទប្រកាន់ពីបទញុះញង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីជំនាញខេត្តរតនគិរីបដិសេធថាមិនមានកងទ័ពវៀតណាមកាន់កាប់ដីសម្បទាន
- អ្នកភូមិឡពាងធ្វើពិធីតាមបែបសាសនារំឭកខួបនៃការឈូសកម្ទេចផ្ទះរបស់ពួកគាត់
- អាជ្ញាធរក្រុងបាត់ដំបងរុះរើផ្ទះពលរដ្ឋ៣ខ្នងដែលរស់នៅលើដីគម្រោងសួនសាធារណៈ
- តុលាការខេត្តព្រះវិហារកោះហៅតំណាងអ្នកភូមិ៤នាក់សាកសួរនៅថ្ងៃទី១៣មករា
- សហគមន៍ទំនាស់ដីធ្លីយកគោយន្តបិទផ្លូវចូលសាលាខេត្តព្រះវិហារជាច្រើនម៉ោង
- ពលរដ្ឋប្រមាណ១០០នាក់បន្តតវ៉ាមុខតុលាការខេត្តសៀមរាបទាមទារដោះលែងចៅសង្កាត់
- សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរបន្តដេកតវ៉ានៅមុខសាលាខេត្តព្រះវិហារ
- ពលរដ្ឋសហគមន៍បុរីកីឡាធ្វើពិធីរំឭកខួបលើកទី៤នៃការបណ្ដេញចេញដោយបង្ខំ
- ភ្ញៀវទេសចរស្នើលោក ហ៊ុន សែន ជួយដកហូតឆ្នេរសមុទ្រពីក្រុមហ៊ុនឲ្យពលរដ្ឋដើរឆ្លងកាត់