ដោយ៖ លី បេឡា | ថ្ងៃសៅរ៍ ទី9 មករា 2016
http://vodhotnews.com
កម្ពុជាបង្ហាញការព្រួយបារម្ភចំពោះការបាញ់សាកល្បងជាថ្មីម្ដងទៀតនូវអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ដោយកម្ពុជាចាត់ទុកថា ជាការរំលោភទៅលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី ៨ ខែមករា ម្សិលមិញចាត់ទុកថា ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីថ្ងៃទី ៦ ខែមករា ថាជាការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និង ស្ថេរភាពនៅក្នុងតំបន់។
សេចក្ដីថ្លែងការណ៍ដដែលក៏បានជំរុញឲ្យប្រទេសកូរ៉េខាងជើង គោរពតាមការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធទាំងអស់ និងកាតព្វកិច្ចអន្តរជាតិ និងការប្តេជ្ញាចិត្តដើម្បីលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
កាលពីថ្ងៃទី៧ ខែមករា មួយថ្ងៃបន្ទាប់ពីការបាញ់សាកល្បងអាវុធនេះ ពិភពលោកក៏ធ្វើការថ្កោលទោសចំពោះប្រទេសកូរ៉េខាងជើងនេះផងដែរ។ ប្រទេសដែលធ្វើការថ្កោលទោសចំពោះការបាញ់សាកល្បងនុយក្លេអ៊ែរនោះមានដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន បារាំង អង់គ្លេស អូស្ត្រាលី។
ចំណែកឯសហរដ្ឋអាមេរិក ព្រមានថា នឹងមិនអត់ឱនទីក្រុងព្យុយ៉ាងជាដាច់ខាត ហើយប្រកាសថា នឹងប្រឆាំងនឹងទីក្រុងព្យុងយ៉ាងគ្រប់រូបភាពទាំងអស់តាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ទៅតាមសំណើរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដោយបានប្រកាសចាត់វិធានការថ្មីៗ និងជាបន្ទាន់ប្រឆាំង ក្រុងព្យុងយ៉ាង។ ទីក្រុងព្យុងយ៉ាបានចាប់ផ្ដើមសាកល្បងអាវុធប្រល័យលោក គឺអាវុធនុយក្លែរអ៊ែរ ចំនួន៣លើកមកហើយនិងចុងក្រោយនេះគឺជាអាវុធប្រល័យលោកដែលគេហៅថាគ្រាប់បែកអ៊ីដ្រូហ្សែន ដែលមានស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សធ្ងន់ធ្ងរបំផុត៕
សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com