ដោយ៖ ខាន់ លក្ខិណា | ថ្ងៃសៅរ៍ ទី9 មករា 2016, 03:50 PM
http://vodhotnews.com
កសិករនៅខេត្តមណ្ឌលគិរីនិង ខេត្តក្រចេះ ត្អូញត្អែរពីតម្លៃដំឡូងមីធ្លាក់ថ្លៃ និងពិបាករកទីផ្សារសម្រាប់លក់ ដែលពួកគាត់អះអាងថា ការធ្លាក់ថ្លៃនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាព ព្រោះដើមទុនសម្រាប់ធ្វើកសិកម្មនេះខ្ចីពីធនាគារ។
ពលរដ្ឋម្នាក់រស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោក ភត្រា លើកឡើងថា ជារៀងរាល់ឆ្នាំ តម្លៃដំឡូងមិនបានធ្លាក់ថ្លៃ ហើយក៏មានឈ្មួញចូលទិញដល់កន្លែងដាំមិនពិបាកឡើយ ប៉ុន្តែលោកថា រយៈពេលប៉ុន្មានថ្ងៃនេះ ដំឡូងបានចុះថោកខ្លាំង ពិបាករកទីផ្សារ ហើយគ្មានឈ្នួញចូលទិញ។ លោកបន្តថា ពេលដំឡូងមីធ្លាក់ថ្លៃបែបនេះ ធ្វើឲ្យពួកគាត់ជួបទុកលំបាក ដោយត្រូវជំពាក់បំណុលធនាគា។
កសិករម្នាក់ទៀតនៅស្រុកស្នួល ខេត្តក្រចេះ លោក កួន ឡង់ឌី រៀបរាប់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃដំឡូងបានធ្លាប់ចុះជាលំដាប់។ លោកបារម្ភថា ការប្រមូលផលដំឡូង និង មិនអាចយកទៅសងប្រាក់នៅធនាគារពេលខ្ចីយកមកដាំដុះបានទេ។
ឈ្មួញកណ្ដាលដែលជាអ្នកទិញដំឡូងមីដឹកទៅលក់នៅប្រទេសវៀតមណាម លោក គង់ គីម លើកឡើងថា កាលពីឆ្នាំមុនថ្លៃដំបូងស្ងួតបានប្រមាណ៧០០រៀល ងាយស្រួលទិញនិងលក់ ចំណែកនៅឆ្នាំនេះ ដំឡូងស្ងួតថ្លៃប្រមាណ៥០០រៀលពិបាកទិញ និង ពិបាកលក់។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ក្រសួងកំពុងតែធ្វើការដោះស្រាយបញ្ហានេះ ដោយពិភាក្សាជាមួយភាគីដែលទិញកសិផលកម្ពុជានោះ។ ទាក់ទងនិងដំឡូងមីនេះដែរ លោកបញ្ជាក់ថា កន្លងមកដំឡូងមីដែលនាំចេញពីកម្ពុជា គឺយកទៅប្រទេសចិនច្រើនជាងគេ ឆ្លងកាត់ប្រទេសវៀតណាម និងប្រទេសថៃ។
ដំឡូងមីនៅក្នុងខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តរតនៈគិរី និង ខេត្តកំពង់ចាមជាដើម គឺកសិករតែងប្រមូលផលចន្លោះពីដើមខែធ្នូរហូតដល់ចុងខែកុម្ភះ។ លោក គង់ គីម ថ្លែងថា រាល់ឆ្នាំលោកទិញដំឡូងលក់ឲ្យវៀតណាមបានតម្លៃខ្ពស់គួរសម ប៉ុន្តែនៅឆ្នាំនេះវៀតណាមទម្លាក់ថ្លៃបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុនោះទេ៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com