ដោយ៖ លី បេឡា | ថ្ងៃសៅរ៍ ទី9 មករា 2016
http://vodhotnews.com
ក្រុមហ៊ុន អេហ្សិតអ៊ិនវេសមេន ដែលធ្វើការវិនិយោគលើបញ្ជារបង់ប្រាក់នៅតាមបណ្ដោយផ្លូវជាតិ លេខ ៤ បានសម្រេចធ្វើការអនុវត្តនូវគោលការណ៍មិនយកប្រាក់ចំពោះរថយន្តពលរដ្ឋដែលរស់នៅតាម បណ្ដោយផ្លូវនោះតាមការបញ្ជារបស់នាយករដ្ឋមន្ត្រី។
ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសតិចណូ កាលពីថ្ងៃទី៥ ខែមករា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសឲ្យបញ្ឈប់ការយកប្រាក់ពីរថយន្តរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៤។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមេន ចុះថ្ងៃទី៨ ខែមករានេះឲ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្ដើមអនុវត្តនូវគោលការណ៍មិនយកប្រាក់ចំពោះប្រជាពលរដ្ឋ និង មន្ត្រីរាជការ ដែលរស់នៅលើផ្លូវជាតិលេខ៤នេះចាប់ពីយប់ម៉ោងសូន្យ និង សូន្យនាទី ថ្ងៃទី ០៧ ខែ មករាតទៅ។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា ការមិនយកលុយនេះ អនុវត្តចំពោះរថយន្ត ប្រជាពលរដ្ឋ និង មន្ត្រីរាជការណាដែលធ្វើដំណើរជាញឹកញាប់ពីតំបន់ផ្លូវជាតិលេខ៤ទៅធ្វើការនៅភ្នំពេញ ឬពីភ្នំពេញទៅតំបន់ចម្ការក្បែរនោះ។ តែចំពោះរថយន្តដែលធ្វើដំណើរយូរៗម្ដងពីចោមចៅទៅ ស្រែអំបិល ឬ កំពង់សោមត្រូវបង់ប្រាក់ជាធម្មតា។
តាមសេចក្ដីប្រកាសព័ត៌មានក្រុមហ៊ុន អេហ្សិត ក៏អំពាវនាវឲ្យម្ចាស់រថយន្តគ្រួសារ និង មន្ត្រីរាជការរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ដែលមិនទាន់ទទួលបានការអនុគ្រោះសម្រាប់ការបង់ប្រាក់ទាំងអស់ ឲ្យចុះឈ្មោះសុំការមិនបង់ប្រាក់នៅតាមបណ្ដារបញ្ជារបង់ប្រាក់របស់ក្រុមហ៊ុនដែលនៅជិតបំផុត។
គួរបញ្ជាក់ថា ការបង់ថ្លៃធ្វើដំណើរសម្រាប់រថយន្តគ្រួសារ និង រថយន្តមមន្ត្រីរាជនៅតាមផ្លូវជាតិលេខ៤នោះ កន្លងមកត្រូវបង់ថ្លៃ ១៨០០រៀល រាល់ការធ្វើដំណើរឆ្លងកាត់ម្ដង។ យ៉ាងណាបើតាមប្រសាសន៍នាយករដ្ឋមន្ត្រីហ៊ុន សែន រថយន្តប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនោះចំនួន ៣២៩០៧គ្រឿងមិនត្រូវបង់ប្រាក់ទៀតទេចាប់ពីថ្ងៃទី៧ ខែមករាតទៅ៕

សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com