​នគរបាល​នឹង​ធ្វើការ​ផាកពិន័យ​រថ​យន្ត​គ្រប់​ប្រភេទ​ឡើងវិញ​នៅ​ដើមខែ​មីនា​​

ដោយ៖​ លី បេឡា​ | ថ្ងៃសៅរ៍ ទី9 មករា 2016
http://vodhotnews.com

​ក្រសួង​សាធារណការ​នឹង​ធ្វើការ​ផាកពិន័យ​ឡើងវិញ​នៅ​ដើមខែ​មីនា ឆ្នាំ​២០១៦​ខាងមុខនេះ ចំពោះ​រថយន្ត​គ្រប់​ប្រភេទ​ណា​ដែល​មិន​មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ត្រឹមត្រូវ​។​

សេចក្ដីប្រកាស​របស់​ក្រសួង​សាធារណៈការ​និង ដឹកជញ្ជូន ចុះ​ថ្ងៃ​ទី ៨ ខែ​មករា​ឲ្យដឹងថា ចាប់ពី​ថ្ងៃ​ទី ១ ខែ​មីនា តទៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នឹង​ធ្វើ​ការពិន័យ លើ​រថយន្ត​គ្រប់​ប្រភេទ​នៅ​តាម ផ្លូវថ្នល់ បើ​មិន​មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ឬ​មាន​វិញ្ញាបនបត្រ​ដែល​អស់ សុពលភាព​។​

​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ក្រសួងមហាផ្ទៃ​ប្រកាស​ផ្អាក​ការផាកពិន័យ​បណ្តោះអាសន្ន​លើ​រថយន្ត​ដែល​មិនទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ដោយ​អះអាងថា ទុក​ពេល​មួយ​រយៈ​ឲ្យ​ម្ចាស់​រថយន្ត​ទៅ​ធ្វើ​ការត្រួតពិនិត្យ​បច្ចេកទេស និង​បំពេញ​ឯកសារ​បន្ថែមទៀត​ដើម្បី​ឲ្យស្រប​តាម​ច្បាប់​កំណត់​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណៈ​ឲ្យដឹង​ទៀតថា ប្រជាពលរដ្ឋ​រាប់ពាន់នាក់​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​បច្ចេកទេស​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន នៅតាម​រាជ ធា​នី​/​ខេត្ត​ច្រើន​ដែល​បណ្តាល​ឲ្យមាន​ការកក​ស្ទះ ខាតបង់​ពេលវេលា ថវិកា និង​ការចំណាយ​ប្រាក់​បន្ថែម ពី​ម្ចាស់​រថយន្ត​លើសពី​ការកំណត់​ក្នុង​តារាង​។ 

​ដើម្បី​កែលម្អ​ស្ថានភាព​ខាងលើ​ឲ្យ​ប្រសើរ​ឡើង​នាយកដ្ឋាន​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ​ក៏​បាន​ចេញ​នូវ​អនុសាសន៍​សំខាន់ ៣​ចំនុច​ដូចជា ស្នើ​ឲ្យ​ម្ចាស់​រថយន្ត​មក​ដាក់​ពាក្យ​ស្នើ​សុំ​ជា​មុន​នៅតាម​មណ្ឌល​ត្រួតពិនិត្យ ការស្នើ​ឲ្យ​បង់ប្រាក់​សេវា​តាម​តម្លៃ​ដែល​បាន​កំណត់​ដែល​បាន​បិទ​ផ្សាយ និង​ការទាក់ទង​ផ្ដល់​ព័ត៌មាន​តាម​លេខ​ទូរ​សព្ទ​ដែល​បង្ហាញ​នៅ​តាម​ការិយាល័យ​ត្រួតពិនិត្យ ចំពោះ​ការទាមទា​តម្លៃ បន្ថែម ការ​មិន​ចេញ​បង្កាន់ដៃ​បង់ប្រាក់។ ​

សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

What Next?

Recent Articles