ដោយ៖ លី បេឡា | ថ្ងៃសៅរ៍ ទី9 មករា 2016, 05:23 PM
http://vodhotnews.com
ប្រជាពលរដ្ឋនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ បាននាំគ្នាធ្វើពិធីរំឭកដល់ការឈូសឆាយដីនិងផ្ទះរយៈពេលជាង៨ឆ្នាំមកហើយមិនទាន់មានដំណោះស្រាយនិងសំណង។
បើតាមការឲ្យដឹងពីតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងភូមិឡពាង អ្នកស្រី អ៊ុំ សូភីឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែមករានេះប្រជាពលរដ្ឋជាង២០នាក់ដែលប៉ះពាល់ដោយសារការឈូសឆាយដីតាំងពីឆ្នាំ២០០៨នោះ បានជួបជុំគ្នាធ្វើពិធីបួងសួងរំឭកចំពោះការបាត់បងដី ផ្ទះ និងឧទ្ធិសកុសលដល់អ្នកដែលស្លាប់បាត់បង់ជីវិតដោយសារការតស៊ូទាមទារដីធ្លីកន្លងមក។
អ្នកស្រីបន្ថែមថា៖ “ការធ្វើពិធីព្រឹកនេះដើម្បីឲ្យរដ្ឋាភិបាលបានដឹងពីភាពឈឺចាប់របស់ប្រជាជនដែលត្រូវបានក្រុមហ៊ុន KDC ឈូសឆាយយកដី ផ្ទះដោយគ្មានសំណង និងជំរុញឲ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយសំណងជូនពួកខ្ញុំផងដែរ”។
ប្រជាពលរដ្ឋម្នាក់ទៀតអ្នកស្រី ស៊ុំ ថុន មានប្រសាសន៍ថា ក្រុមហ៊ុនឈូស ឆាយយកផ្ទះអស់មួយខ្នង និង មានដីដំណាំស្វាយ ដូងផ្សេងៗជាច្រើនទៀតរបស់គាត់។ អ្នកស្រីបន្ថែមថា បន្ទាប់ពីមានការឈូសឆាយមកគ្រួសារគាត់មានជីវភាពចុះខ្សោយលំបាកក្នុងការរស់នៅ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ លោក គង់ ចន្ទមុនី បានឲ្យដឹងថា ការឈូសឆាយដីរបស់ប្រជាជននេះ មានរយៈកាលយូរដែលមិនទាន់មានដំណោះស្រាយ ដូច្នេះប្រជាពលរដ្ឋអាចមានសិទ្ធិរបស់គាត់ក្នុងការប្រារព្ធពិធីផ្សេងៗដើម្បីរំឭកដល់ការបាត់បង់ដីនិង ផ្ទះ។ លោកបន្ថែមថា ការធ្វើពិធីរំឭកនេះ ដោយសារប្រជាពលរដ្ឋអស់សង្ឃឹមចំពោះការរងចាំនូវដំណោះស្រាយផ្សេងៗផងដែរ។
គួរបញ្ជាក់ថា ក្នុងជំលោះដីធ្លីនេះប្រជាពលរដ្ឋអះអាងថា ក្រុមហ៊ុនKDC របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រើគ្រឿងចក្រឈូសឆាយដីផ្ទះ និងចម្ការរបស់ប្រជាជនភូមិឡពាងជាច្រើនឆ្នាំមកហើយ ដែលធ្វើឲ្យប្រជាជនរស់នៅជួបការលំបាកសព្វបែបយ៉ាង៕

សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com