ដោយ ប្រាជ្ញ ចេវ
2016-01-10
RFA

អ្នកតាមដានស្ថានការណ៍នយោបាយ និងមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច នៅមិនទាន់ជឿថា គណបក្សប្រឆាំងនឹងប្តូរជំហររបស់ពីការរិះគន់រឿងបុគ្គល ប្តូរមករិះគន់ទស្សនៈនយោបាយវិញនៅឡើយទេ។
ការលើកឡើងបែបនេះ បន្ទាប់ពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថា នៅឆ្នាំ២០១៦ នេះ លោកមិនឆ្លើយ និងមិនឈ្លោះរឿងបុគ្គលជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ប៉ុន្តែលោកនៅតែប្រកួតតែរឿងទស្សនៈនយោបាយប៉ុណ្ណោះ។
ការប្រកាសជំហររបស់គណបក្សប្រឆាំង ធ្វើឲ្យមានការជជែកគ្នាពីអ្នកតាមដាននយោបាយ ទាក់ទងជំហរគណបក្សប្រឆាំងនៅពេលនេះ។ អ្នកតាមដានស្ថានការណ៍នយោបាយថា ប្រសិនបើការសម្រេចចិត្តរបស់គណបក្សសង្គ្រោះជាតិ ក្លាយជាការពិត នឹងក្លាយជាប្រយោជន៍របស់ពលរដ្ឋម្ចាស់ឆ្នោត ព្រោះអ្នកនយោបាយឈ្លោះគ្នារឿងជាតិ ប្រសើរជាងឈ្លោះគ្នារឿងបុគ្គល។
លោក កឹម សុខា បានបញ្ជាក់នៅក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី៨ ខែមករា ថា លោករង់ចាំស្វាគមន៍ប្រកួតទស្សនៈនយោបាយពីគណបក្សគូប្រកួត។ លោកបន្តថា នឹងលើកទឹកចិត្តដល់សកម្មជន និងសមាជិកគណបក្សសង្គ្រោះជាតិ អនុវត្តទស្សនៈមិនឆ្លើយមិនឈ្លោះរឿងបុគ្គលជាមួយថ្នាក់ដឹកនាំជាគូបដិបក្ខនោះទេ ដើម្បីកុំឲ្យគណបក្សនេះរត់តាមស្ថានការណ៍ដែលគណបក្សមួយទៀតបង្កើតព្រឹត្តិការណ៍៖ «គឺខ្ញុំនឹងមិនឆ្លើយមិនឈ្លោះរឿងបុគ្គល បងប្អូនឃើញចម្លែកហើយ គេឈ្លោះអីឈ្លោះទៅ ថាអីថាទៅ ប៉ុន្តែខ្ញុំនឹងចូលរួមប្រកួតតែទស្សនៈនយោបាយ ដើម្បីជាប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជន»។
លោក កឹម សុខា ពីមុនដែលធ្លាប់រិះគន់ លោក ហ៊ុន សែន ឬការដឹកនាំរបស់ លោក ហ៊ុន សែន ឥតសំចៃមាត់នោះ ពេលនេះបានប្រែស្ងប់ស្ងាត់ខ្លះ បន្ទាប់ពីមានបាតុកម្មកាលពីចុងឆ្នាំ២០១៥ នៅកណ្តាលក្រុងភ្នំពេញ ទាមទារទម្លាក់លោកចេញពីអនុប្រធានទី១ រដ្ឋសភា ហើយសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតទម្លាក់ លោក កឹម សុខា ចេញពីក្បាលម៉ាស៊ីនរដ្ឋសភា ស្របពេលតុលាការកម្ពុជា ចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ផងនោះ។
ឥឡូវនេះ លោក កឹម សុខា មិនបញ្ចេញប្រតិកម្មអ្វីទៅលើប្រព័ន្ធផ្សព្វផ្សាយដូចមុនទេ។ ស្រាប់តែពេលនេះ លោកប្រកាសពីការផ្លាស់ប្ដូរនយោបាយរបស់ខ្លួន ដោយមិនរិះគន់បុគ្គល ឬឆ្លងឆ្លើយជាមួយ លោក ហ៊ុន សែន ពីរឿងបុគ្គលដូចកាលពីមុនទៅវិញ។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនទាន់ជឿការអះអាងរបស់ លោក កឹម សុខា នៅឡើយទេ ដោយរង់ចាំមើលការងារអនុវត្តជាក់ស្តែង។ លោកថា ជាទម្លាប់របស់គណបក្សសង្គ្រោះជាតិ កន្លងមក មិនបានបង្ហាញទស្សនៈប្រាកដនិយមលើរឿងអ្វីមួយឡើយ៖ «ខ្ញុំមិនទាន់មានជំនឿថា រង់ចាំមើលអនុវត្តជាមុនសិន ព្រោះបងប្អូនបក្សប្រឆាំង គាត់និយាយផ្សេង អនុវត្តផ្សិង។ ជាក់ស្តែងតើដូចថាអត់ បើដូចថា តើខ្លឹមសារយ៉ាងម៉េចដែរ»។
ខណៈការបោះឆ្នោតឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០១៧ ខាងមុខ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ផ្តើមពង្រឹងជើងក្រោមរបស់ខ្លួន។ គណបក្សកាន់អំណាច ធ្វើសមាជរយៈពេលពីរថ្ងៃ ដោយមានសមាជិកទូទាំងប្រទេសចូលរួម។ ចំណែកគណបក្សប្រឆាំង ចាប់ផ្តើមចុះមូលដ្ឋាននៅតាមបណ្តាខេត្តនានា។
អ្នកតាមដានស្ថានការណ៍នយោបាយ និងជាប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ ស្វាគមន៍ការលើកឡើងបែបនេះរបស់ប្រមុខគណបក្សប្រឆាំង។ លោកថា លោកចង់ឃើញអ្នកនយោបាយឈ្លោះគ្នាបញ្ហាជាតិ ជាជាងរឿងបុគ្គល។ ទោះបែបនេះក្តី លោក អ៊ូ វីរៈ មិនទាន់ជឿថា តើ លោក សម រង្ស៊ី អាចកែចរិតរបស់ខ្លួនពីការមិនរិះគន់រឿងបុគ្គល មករិះគន់រឿងគោលនយោបាយជាតិដែរយ៉ាងណា?៖ «ខ្ញុំមើលទៅចរិត លោក សម រង្ស៊ី ប្រហែលនៅតែជជែករឿងបុគ្គលដូច លោក ហ៊ុន សែន ដែរ។ ចឹងបានខ្ញុំថា ដូចជាពិបាកដែរចំពោះគណបក្សសង្គ្រោះជាតិ ចឹងតើជាក់ស្តែងដូច លោក កឹម សុខា ប្រសាសន៍បែបហ្នឹង តើ លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ធ្វើបានអត់?»។
ជំហរថ្មីរបស់ប្រមុខគណបក្សប្រឆាំងនៅពេលនេះ ដោយហេតុថា គណបក្សប្រឆាំងនឹងយកពេលវេលាទៅរៀបចំខ្លួន ដើម្បីធ្វើឲ្យការផ្លាស់ប្ដូរជាវិជ្ជមាននាពេលខាងមុខ ដោយអះអាងពីការប្រើយុទ្ធសាស្ត្រថ្មីចំនួន៣។ យុទ្ធសាស្ត្រថ្មីទាំងបីនោះ គឺរៀបចំខ្លួនទៅបោះឆ្នោត រៀបចំខ្លួនដើម្បីដណ្តើមជ័យជម្នះក្នុងការបោះឆ្នោត និងជំហានទី៣ គឺរៀបចំខ្លួនទៅដឹកនាំប្រទេស ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោតនៅឆ្នាំ២០១៨ នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណបក្សប្រជាជនកម្ពុជាពិនិត្យចំណុចខ្វះខាតដើម្បីសម្រេចជោគជ័យក្នុងការបោះឆ្នោត
- គ.ជ.ប នឹងជ្រើសរើសអគ្គលេខាធិការនិងអគ្គលេខាធិការរងនៅថ្ងៃទី១៥ មករា
- អឺរ៉ានៅតែបារម្ភអំពីដំណើរការជ្រើសរើសបេក្ខជនតំណែងអគ្គលេខាធិការនៃគ.ជ.ប
- លោក សម រង្ស៊ី ចាត់ទុកថ្ងៃ៧មករាថាជាឆាកល្ខោនដែលវៀតណាមរៀបចំ
- សង្គមស៊ីវិលប្រតិកម្មនឹងនាយករដ្ឋមន្ត្រីដែលរិះគន់ថាមានអ្នកប្រើស្លាកសិទ្ធិមនុស្សក្លែងក្លាយ
- ទស្សនៈរបស់យុវជនមួយចំនួនចំពោះថ្ងៃ៧មករារបស់គណបក្សប្រជាជនកម្ពុជា
- លោក ហ៊ុន សែន ប្រែចិត្តពីការកំណត់សញ្ជាតិមួយរបស់បក្សនយោបាយទៅសញ្ជាតិច្រើន
- អ្នកជំនាញជំរុញឲ្យពលរដ្ឋត្រូវសិក្សាប្រវត្តិសាស្ត្រដើម្បីកុំឲ្យអ្នកនយោបាយអាចបំភ្លៃបាន
- លោក សម រង្ស៊ី៖ កម្ពុជា បាត់បង់ដែនសមុទ្រអស់ទំហំ៦ម៉ឺនគីឡូម៉ែត្រក្រឡា