ដោយ៖ លី បេឡា | ថ្ងៃអាទិត្យ ទី10 មករា 2016
http://vodhotnews.com
ប្រជាពលរដ្ឋ៤៣៥គ្រួសារ មកពីសហគមន៍៨ផ្សេងៗគ្នា នៅសង្កាត់ស្ទឹងមានជ័យ ដែលមានផ្ទះរស់នៅតាមមាត់ប្រឡាយស្ទឹងមានជ័យសំដែងការព្រួបារម្ភ ខ្លាចអាជ្ញាធរបណ្តេញពួកគេចេញក្រោមរូបភាពអភិវឌ្ឍន៍។
សហគមន៍ទាំងនោះរួមមាន សហគមន៍ស្ទឹងប្រាក់មានជ័យ សាមគ្គីមានជ័យថ្មី ស្ត្រីអភិវឌ្ឍន៍ សហគមន៍សន្សំប្រាក់ និង សហគមន៍ស្ត្រីសាមគ្គីមានជ័យជាដើម។
នៅក្នុងពិធីសំអាតបរិស្ថានចំណុចគល់ស្ពានស្ទឹងមានជ័យនៅព្រឹកថ្ងៃទី ១០ ខែមករា ដែលមានការចូលរួមពីចៅសង្កាត់ និងប្រជាសហគមន៍ដែលរស់នៅភូមិមានជ័យនិង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យជាង ៥០នាក់នោះ ពលរដ្ឋលើកឡើងថា ពួកគាត់មានការព្រួយបារម្ភចំពោះការបណ្ដេញចេញដើម្បីធ្វើការអភិវឌ្ឍ។
តំណាងសហគមន៍សាមគ្គីមានជ័យថ្មី និង ជាក្រុមព្រឹក្សាតំណាងសហគមន័ទាំង៨ លោក ស៊ុំ សាវិន មានប្រសាសន៍ថា ប្រជាពលរដ្ឋសហគមន៍ធ្លាប់ទទួលដំណឹងពីការអភិវឌ្ឍនៅតាមប្រឡាយនៅរាជធានីភ្នំពេញ ហើយពួកគាត់រស់នៅតាមប្រឡាយស្ទឹងមានជ័យមានការបារម្ភចំពោះការបណ្ដេញចេញ។
លោក ស៊ុំ សាវិន បន្ថែមថា៖ “ក្នុងការរើសសំរាមនេះដើម្បីធ្វើជាកាដូជូនអភិបាលរាជធានីភ្នំពេញ ហើយសុំគាត់មកវិញនូវការជួបពិភាក្សាអំពីគម្រោងនៃការអភិវឌ្ឍនៅនឹងកន្លែងរបស់ប្រជាពលរដ្ឋ និង ចង់ដឹងជាក់លាក់មកវិញអំពីការអភិវឌ្ឍរបស់សាលារាជធានីផងដែរ”។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឌុល ញឿន មកពីសហគមន៍សន្សំប្រាក់ដើម្បីអភិវឌ្ឍន៍មានប្រសាសន៍ថា អ្នកស្រីសុំឲ្យសាលារាជធានីអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការអភិវឌ្ឍនៅនឹងកន្លែង។ អ្នកស្រី បន្ថែមថា គ្រួសារអ្នកស្រីរស់នៅទីនោះជាយូរណាស់មកហើយ ហើយអ្នកស្រីមិនចង់ធ្វើការផ្លាស់ប្ដូរទៅកន្លែងផ្សេងនោះទេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកមិនទាន់ឆ្លើយតបទៅនឹងបញ្ហានេះបាននៅឡើយទេ ដោយសារតែលោកមិនទាន់ទទួលបានព័ត៌មានពីការអភិវឌ្ឍន៍នៅតំបន់នោះនៅឡើយ។
យ៉ាងណាប្រជាពលរដ្ឋអះអាងថា ពួកគាត់បានដាក់លិខិតទៅកាន់សាលារាជធានីតាមរយៈការិយាល័យអភិវឌ្ឍន៍សហគមន៍ក្រីក្រក្នុងទីក្រុង និង ធ្វើការសាកសួរចំនួន៤ដងរួចហើយ នៅតែមិនទាន់ទទួលបានការឆ្លើយពីការណាត់ជួបពិភាក្សានៅឡើយ៕



សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com