​មន្ត្រី​អន្តរក្រសួង​នឹង​ជួបពិភាក្សា​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាច​រណ៍​​

ដោយ៖​ លី បេឡា​​ | ថ្ងៃអាទិត្យ ទី10 មករា 2016, 05:05 PM
http://vodhotnews.com

​ក្រសួង​មហាផ្ទៃ​បានឲ្យដឹងថា ​ក្រុមការងារ​អន្តរក្រសួ​ង​នឹង​ជួប​គ្នា​ពិភាក្សា​លើ​ការធ្វើ​វិសោធនកម្មនៃ​មាត្រា​មួយចំនួន​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មករា​នេះ​ អគ្គស្នងការ​រងនគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ លោក ហ៊ឹម យ៉ាន បានឲ្យដឹង​ថា​ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ក្រុមការងារ​អន្តរក្រសួង​ដែល​មាន​ក្រសួង​សាធារណការ ក្រសួងមហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង ឧស្សាហកម្ម និង ក្រសួង​សេដ្ឋកិច្ច នឹង​ជួប​ពិភាក្សា​គ្នា​លើ​ការធ្វើ​វិសោធនកម្ម មាត្រា​មួយចំនួន​នៃ​ច្បាប់ចរាច​រណ៍​។​

​លោក ហ៊ឹម យ៉ាន បន្ថែម​ថា ​ក្រុមការងារ​អន្តរក្រសួង​បាន​ធ្វើ​សេចក្ដីព្រាង​នៃ​វិសោធនកម្ម​មាត្រា​មួយចំនួន​នោះ​រួចរាល់​ហើយ​ដូចជា​ ទាក់ទង​នឹង​បណ្ណ​បើកបរ​ម៉ូតូ​កំលាំង​ក្រោម ១២៥​សេ​សេ និង​មាត្រា​សំខាន់​ផ្សេងៗ​ទៀត​ដែល​ត្រូវធ្វើ​ជា​បន្ទាន់​។​

ការបង្កើត​ក្រុម​ការងារ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ​ធ្វើឡើង​បន្ទាប់​នាយករដ្ឋមន្ត្រី​ប្រកាស​ជា​បន្តបន្ទាប់​ចំពោះ​ការកែប្រែ​នូវ​ចំណុច​មួយចំនួន​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ដូចជា ​ការប្រកាស​លុបចោល​ការធ្វើ​ប័ណ្ណបើកបរ​សម្រាប់​ម៉ូតូ​ចាប់ពី ១២៥​សេ​សេ​ចុះក្រោម និង​ការប្រកាស​ឲ្យ​កាត់​ឈ្មោះជា​ម្ចាស់​កម្មសិទ្ធិ​ដោយ​មិន​បាច់​មាន​ការបញ្ជាក់​ពី​ម្ចាស់​ដើម​ផងដែរ៕

សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

What Next?

Recent Articles