Mon, 11 January 2016
នៀម ឆេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សាលារាជធានីបានទទួលស្គាល់ថា ដីនៅក្នុងតំបន់បឹងត្របែកដែលរដ្ឋាភិបាលគ្រោងទុកធ្វើជាអាងស្តុកទឹកសម្អុយនោះត្រូវបានឈ្មួញរំលោភយកអស់ជាច្រើន ខណៈអាជ្ញាធរគ្រោងជម្លៀសពលរដ្ឋនៅក្នុងតំបន់នោះចេញ។
លោក ប៉ា សុជាតិវង្ស កាលពីថ្ងៃទី ៨ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា «អាងស្តុកទឹកបឹងត្របែកខាងជើងមានទំហំ ៨ ហិកតា និងខាងត្បូង ១៨ ហិកតាពេលនេះត្រូវបានក្រុមឈ្មួញរំលោភយកអស់មួយចំនួនឯមួយចំនួនដែលនៅសល់ត្រូវបានគេអង្កន់ចែកគ្នាថែមទៀត»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថានៅពេលនេះសាលារាជធានីមានវិធានការបន្ទាន់ពីរគឺទប់ស្កាត់មិនឲ្យមានការលក់ដូរដីនៅតំបន់នោះបន្តទៀតទេខណៈសាលារាជធានីកំពុងរកវិធានការក្នុងការចូលទៅកាយដីបឹងនោះ។
លោក អុំ កែវ ពលរដ្ឋរស់នៅក្នុងតំបន់បឹងត្របែកខាងត្បូងបានឲ្យដឹងថាមានអគារធំៗប្រហែល ៨ ត្រូវបានសាងសង់ឡើងនៅក្នុងតំបន់ហាមឃាត់នៅបឹងត្របែកខាងត្បូងដូចជាសណ្ឋាគារខ្ពស់ៗ និងក្លិបហាត់ប្រាណ។
លោកថា៖ «ខាងលិចគឺចាប់តាំងពីផ្លូវ ៩០ ផ្លូវ ៩២ ផ្លូវ ៩៦ គេសង់បានច្រើនពីព្រោះគេមិនមានស្ទះប្រឡាយ។ តំបន់ទាំងនោះស្ថិតក្នុងតំបន់ហាមឃាត់ជាប់សារាចរ ០៣ ដែរ»។
លោកបានបញ្ជាក់ថា បឹងត្របែកខាងជើងដែលរដ្ឋរក្សាទុកទំហំ ៨ ហិកតាឥឡូវត្រូវបានគេចាក់ដីពេញស្ទើរអស់ និងរៀបធ្វើជាភូមិគ្រឹះប្រណីតៗ។
ប្រធានសហគមន៍បឹងត្របែកលោក ឃុត ប៊ុន ដែលអះអាងថាបានរស់នៅក្នុងតំបន់នោះតាំងពីសម័យរដ្ឋកម្ពុជាថ្លែងថាលោកមិនមានប្លង់រឹង ឬទន់ទេក៏ប៉ុន្តែមានលិខិតជាច្រើនដែលអាចបញ្ជាក់ថាលោកជាម្ចាស់រស់នៅលើដីនោះជាយូរមកហើយ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថាពលរដ្ឋដែលបានរស់នៅក្នុងតំបន់នោះសុទ្ធតែគ្មានប្លង់កម្មសិទ្ធិទាំងអស់ហើយសាលារាជធានីនឹងមានវិធានការគឺ «យើងនឹងជជែកជាមួយពលរដ្ឋថានឹងត្រូវបង់តម្លៃណាមួយហើយគាត់អាចចេញពីទីនោះបាន»៕
Contact author: នៀម ឆេង
