
វិចិត្រករ សុវណ្ណ វិបុល កំពុងផ្ចិតផ្ចង់ធ្វើចម្លាក់ស្ពាន់ ដែលជាជំនាញមិនសូវមានអ្នកចេះច្រើននោះទេ។ Scott Rotzoll
Wed, 10 February 2016
Vandy Muong
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: នៅលើធ្នើរឈើក្នុងបន្ទប់ស្ទូឌីយោរបស់លោក សុវណ្ណ វិបុល ធូបមួយដុំទើរក្បែរវិទ្យុកញ្ចាស់ និងរូបភាពព្រះពុទ្ធមួយផ្ទាំង ដែលឆ្លាក់ពីស្ពាន់លោហៈ។ វិចិត្រករវ័យ ៣៣ ឆ្នាំ អង្គុយលើកៅអី ភ្នែករំពៃមើលរូបចម្លាក់ដែលមិនទាន់រួចរាល់ ខណៈដៃកំពុងតែមមាញឹក។
លោក បាននិយាយថា៖ «ចម្លាក់ស្ពាន់ដែលខ្ញុំចូលចិត្ដគឺចម្លាក់ព្រះពុទ្ធរូប ពីព្រោះវាពិបាកឆ្លាក់។ ខ្ញុំត្រូវចំណាយពេលកាត់វា ៣ ថ្ងៃ»។វិចិត្រករចម្លាក់លោហៈរូបនេះបាននិយាយទៀតថា៖ «ខ្ញុំគិតថា គ្មាននរណាអាចឆ្លាក់វាលើស្ពាន់ឡើយ»។
ជាក់ស្ដែង លោក វិបុល មិនគិតថា នៅរាជធានីភ្នំពេញមានជាងចម្លាក់ស្ពាន់ច្រើននោះទេ។ មុនពេលចាប់អាជីពជាវិចិត្រករចម្លាក់នេះ លោកធ្លាប់មានបទពិសោធការងារជាច្រើន ដូចជា បុគ្គលិកនៅផ្សារទំនើបឡាក់គី និងជាជាងគំនូរ។
លោកគួរតែអាចបន្ដអាជីពលើជំនាញចាស់ដោយចាប់យកការគូរគំនូរលើក្រដាសលក់ប្រកួតប្រជែងជាមួយជាងគំនូរនៅតាមវិថីសិល្បៈក្នុងរាជធានីភ្នំពេញ ដែលពួកគេភាគច្រើនមានការសិក្សាជំនាញត្រឹមត្រូវ។ ប៉ុន្ដែលោក វិបុល ចាប់អារម្មណ៍ខ្លាំងលើការច្នៃប្រឌិតអ្វីប្លែកៗ ហើយលោកក៏បានអានសៀវភៅបង្រៀនអំពីចម្លាក់ស្ពាន់។
លោកបានឲ្យដឹងថា៖ «ខ្ញុំចាប់អារម្មណ៍លេងស្ទីលចម្លាក់ថ្មីៗ។ នៅពេលខ្ញុំទៅទស្សនានៅសារមន្ទីរ ពិព័រណ៍ និងតំបន់ប្រវត្ដិសាស្ដ្រ ខ្ញុំបានឃើញចម្លាក់ជាច្រើនផលិតពីថ្ម និងក្រដាស តែគ្មានស្ពាន់នោះទេ»។
តាំងពីឆ្នាំ ២០១៤ លោក វិបុល បានលក់ចម្លាក់ស្នាដៃរបស់ខ្លួនចំនួនប្រមាណ ១០០ ផ្ទាំង ភាគច្រើននៅហាងមិត្ដភក្ដិ អ៊ីសូលីត (Insolite) លើវិថី លេខ ១៧៨។ លោកអាចលក់ចម្លាក់ស្ពាន់ផ្ទាំងធំក្នុងតម្លៃពី ១០០ ដុល្លាររហូតដល់ ៤៥០ ដុល្លារ។
ស្នាដៃសិល្បៈរបស់លោកមានដាក់លក់នៅក្នុងប្រទេសកម្ពុជា បារាំង អូស្ដ្រាលី និងអាមេរិកផងដែរ។ ក្រៅពីចម្លាក់ព្រះពុទ្ធរូប លោកឆ្លាក់រូបផ្សេងៗទៀត ដូចជា ផ្កាបុរាណ ប្រាសាទអង្គរវត្ដ និងបាយ័ន ព្រមទាំងសត្វនាំសំណាង ដូចជា ដំរី ក្នុងសន្លឹកស្ពាន់ផងដែរ។
លោក សុវណ្ណ វិបុលចង់បង្ហាញស្នាដៃទាំងនោះលើឆាកអន្ដរជាតិ។ វិចិត្រករចម្លាក់ស្ពាន់រូបនេះបានលើកឡើងថា៖ «អ្វីដែលខ្ញុំរំពឹងខ្លាំងបំផុតនោះគឺភ្ញៀវបរទេសដែលអាចទិញផលិតផលរបស់ខ្ញុំ។ មែន ភ្ញៀវខ្មែរចូលចិត្ដចម្លាក់របស់ខ្ញុំ តែពេលខ្លះពួកគេពិបាកលៃលកទិញណាស់»។ តម្លៃថ្លៃគួរសមនៃស្នាដៃសិល្បៈនេះក៏អាស្រ័យលើសម្ភារប្រើប្រាស់របស់លោក វិបុល និងការចំណាយពេលវេលាផ្ចិតផ្ចង់ច្រើន។
លោកសង្ឃឹមថា ថ្ងៃមុខនឹងបង្កើតពិព័រណ៍ស្នាដៃផ្ទាល់ខ្លួន និងមានឱកាសបានជួបវិចិត្រករដទៃ ព្រមទាំងម្ចាស់ឧបត្ថម្ភ។ លោកចង់ចែករំលែកស្នាដៃ និងបច្ចេកទេសចម្លាក់ស្ពាន់។ លោកបានបញ្ជាក់ថា៖ «មិនមានអ្នកដឹងអំពីភាពជោគជ័យចំពោះអាជីពនេះឡើយ»៕
