សាក្សីជំនាញថា​ខ្មែរ​ក្រហម​ប្រើឧបាយកលបោសសម្អាត​ខ្មែរ​ឥស្លាម​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃពុធ ទី10 កុម្ភៈ 2016, 10:59 AM
http://vodhotnews.com

សាក្សីជំនាញនិងជាអ្នកវិភាគទិន្នន័យរបស់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម លោក អ៊ីសា អូស្មាន (រូបភាពដោយសាលាក្តីខ្មែរក្រហម​)

សាក្សីជំនាញនិងជាអ្នកវិភាគទិន្នន័យរបស់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម លោក អ៊ីសា អូស្មា​ន  បានអះអាងថាខ្មែរ​ក្រហមចាត់ទុក​ខ្មែរ​ឥស្លាម​ជាសត្រូវនិង​ព្យាយាម​បោសសម្អាត​ពួកគេ​ ដោយប្រើឧបាយកលឲ្យ​ខ្មែរ​ឥស្លាម​​​ត្រឡប់ទៅ​តំបន់ខ្លួនរស់នៅវិញនិងសម្លាប់មិនរើសមុខ។​

លោក អ៊ីសា អូស្មាន ជាអ្នកនិពន្ធសៀវភៅអូកូពះឬយុត្ដិធម៌ដែល​បោះពុម្ពនៅឆ្នាំ២០០២និងសៀវភៅមួយក្បាលយទៀត​ឈ្មោះ​ការបះបោររបស់ជនជាតិចាម បោះពុម្ពនៅឆ្នាំ២០០៦ ដោយមជ្ឈមណ្ឌលឯកសារ​កម្ពុជា។

ក្នុងសវនាការ​នៅព្រឹកថ្ងៃ​ពុធ​នេះ​នេះ លោក​បាន​ថ្លែង​ថា​ក្នុ​ង​ឆ្នាំ​១៩៧៧និង​១៩៧៨ ជនជាតិ​ខ្មែរនិងខ្មែរឥស្លាម​បាន​​រស់នៅឡូក​ឡំគ្នា ដែលធ្វើ​ឲ្យ​ខ្មែរក្រហម​ពិបាក​កំណត់អត្តសញ្ញាណ។ លោក​បន្ត​ថា​​ខ្មែរក្រហមក៏​​បាន​ប្រើ”ឧបាយកល”មួយ​ដោយ​ប្រកាស​​​ឲ្យ​ខ្មែរឥស្លាម​ត្រឡប់ទៅរស់​នៅ​តំបន់របស់ខ្លួនវិញ ហើយ​ខ្មែរក្រហម​ក៏ចាប់ផ្តើម​សម្លាប់មិនរើសមុខនៅពេល​ពួកគេ​​ត្រ​​ឡប់ទៅតំបន់​ដែល​គេរស់នៅ។ ​លោក​បញ្ជាក់បន្ថែម​ថា​ខ្មែរក្រហមបាន​សម្លាប់​​ខ្មែរ​ឥស្លាមទាំងអស់ដោយ​មិន​រើសមុខ ដោយ​ពុំមាន​ស្រង់ឈ្មោះ។ ​

លោក​បញ្ជាក់​ថា៖ “​ខ្ញុំក៏នៅមានចម្ងល់​ ចម្ងល់មិនចេះចប់ ពួកគេលែង​ប្រតិបត្តិសាសនា លែងតតាំងហើយ…ហេតុអ្វីនៅតែយក​ទៅសម្លាប់មិនរើសមុខបែបនេះ”។ លោក​បន្ត​ថា​បើ​តាមការស្រាវជ្រាវរបស់​លោក ខ្មែរ​ឥស្លាម​ចន្លោះពី​៤០ទៅ​៥០ម៉ឺននាក់​​ត្រូវ​បានសម្លាប់នៅក្នុងសម័យខ្មែរក្រហម។ លោកបញ្ជាក់​ថា​ក្រោយពីបញ្ចប់របបខ្មែរក្រហមនៅខែមករា ឆ្នាំ​១៩៧៩ ខ្មែរ​ឥស្លាម​នៅសល់មាន​ប្រមា​ណ២០ម៉ឺននាក់។

កាលពីម្សិលមិញ លោក អ៊ីសា អូស្មាន បាន​លើក​ឡើង​ថា​ខ្មែរឥស្លាមបានព្យាយាមបះបោរធំៗចំនួនពីរដងប្រឆាំងនឹងខ្មែរក្រហម ករណី​ទាមទារឲ្យខ្មែរឥស្លាមលុបបំបាត់ការប្រតិបត្តិសាសនារបស់ពួកគេ។ លោកបានលើកឡើងថានៅឆ្នាំ១៩៧៣ មានការបះបោរតូចមួយនៅភូមិទ្រា ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំ១៩៧៥ មានការបះបោរធំៗពីរនៅក្នុងស្រុកក្រូចឆ្មារគឺក្នុងភូមិកោះផលនិងភូមិស្វាយឃ្លាំង​​។ លោកមិនអាចចាំកាលបរិច្ឆេតច្បាស់នោះទេ។ លោកបញ្ជាក់ថាខ្មែរឥស្លាមនៅភូមិស្វាយឃ្លាំងមិនសូវចេញមុខប្រឆាំង​នឹង​ខ្មែរក្រហមនោះទេ។​

លោកបានថ្លែងថា៖ “គេឲ្យបិទវិហារ ក៏នាំគ្នាបិទទៅ។ គេឲ្យកាត់សក់ខ្លី តាមសាសនាឥស្លាម នារីគេអត់ឲ្យកាត់សក់ខ្លី ក៏នាំគ្នាកាត់សក់ទៅ គេឲ្យបើកកុំឲ្យនារីគ្របក្បាល ក៏នាំគ្នាធ្វើតាមទៅ។ នៅតែមានការចាប់យកទៅសម្លាប់នៅមន្ទីរសន្តិសុខ ស្រុកក្រូចឆ្មារ”។ លោកបានឲ្យដឹងទៀតថាខ្មែរឥស្លាមនៅកោះផលមិនអាចទទួលយកបានទេចំពោះការទាមទារឲ្យលុបការ​ប្រតិ​បត្តិសាសនា។ លោកបន្តថាខ្មែរក្រហមបានដាក់ផែនការ៥ខសម្រាប់ការអនុវត្ត ដូចជាឲ្យកាត់សក់ខ្លី ឈប់​ទទូលក្បាល ប្រមូលគម្ពីរដុតចោល ឲ្យប្រជាជនខ្មែរឥស្លាមទាំងអស់នៅកោះផលត្រូវចិញ្ចឹមជ្រូក ហើយត្រូវតែហូបសាច់ជ្រូកនិង ឲ្យឈប់ថ្វាយបង្គុំព្រះ វិហារត្រូវតែបិទទ្វារ ហើយបុរសនិងស្រ្តីជនជាតិចាម ត្រូវតែរៀបការជាមួយជនជាតិដទៃទៀត កុំឲ្យរៀបការជាមួយគ្នា។ លោកបញ្ជាក់ថា៖ “ទាំង៥ខហ្នឹង អ្នកភូមិកោះផលមិនអាចទទួលយកខណាមួយបានទេ”

លោកបន្តថាដោយសារខ្មែរឥស្លាមមិនព្រមអនុវត្តតាម ខ្មែរក្រហមសម្រេចប្រតិបត្តិការវាយកម្ទេច​អ្នកនៅកោះផល។ លោកបញ្ជាក់ថា៖ “ហើយចុងក្រោយគេបញ្ជូនទាហាន ទាហាននេះមិនធម្មតាទេ គឺមានកាំភ្លើងយន្ត កាំភ្លើងធំគ្រប់ប្រភេទ ពីព្រោះកាំភ្លើងតូចមិនអាចបាញ់ទៅដល់កោះផលបានទេ ព្រោះត្រូវឆ្លងទន្លេ អញ្ចឹងគេដាក់នៅត្រើយម្ខាងទន្លេ ដើម្បីបាញ់សម្រុកទៅកោះផល។ សម្រុកហើយគេបញ្ជូនកងទ័ពរបស់គេតាមទូក តាមកាណូត ឆ្លងទៅដល់ទឹកដីកោះផល ប្រយុទ្ធទៅតាមថ្មើរជើង។ ហើយអ្នកភូមិគាត់អត់មានអីទេដូចនៅស្វាយឃ្លាំងដែរ គឺការពារខ្លួនគាត់ គាត់មានតែកាំបិត មានតែដាវ ដុំថ្ម។ ហើយការតតាំងប្រយុទ្ធគ្នាគឺនៅកោះផលនេះរងគ្រោះធ្ងន់ធ្ងរណាស់ ព្រោះគេបាញ់កាំភ្លើងធំ កាំភ្លើងតូចផង ធ្វើឲ្យអ្នកភូមិស្លាប់ៗ លែងរាប់ដឹងចំនួនពិតប្រាកដថាប៉ុន្មានហើយ”។ លោក​បញ្ជាក់ថា​មិនមានអ្នកភូមិណា​ប្រាប់ថា​ខ្មែរឥស្លាមបាន​សម្លាប់​កងទ័ពរបស់ខ្មែរក្រហម ពេល​តតាំង​នឹង​ការបាញ់ផ្លោង​របស់​ខ្មែរក្រហម។​

លោក​បញ្ជាក់ថា​បើតាមសិក្សា​របស់​លោក ការបះបោររបស់ខ្មែរសឥស្លាមគឺ​ដើម្បីទាមទារ​សិទ្ធិសេរីភាពក្នុងការប្រតិបត្តិសាសនា មិនមែនផ្តួលរំលំ​រដ្ឋាភិបាលកម្ពុជា​ប្រជាធិបតេយ្យ​នោះទេ។​  ​

គួរបញ្ជាក់ថាការសាកសួរពីជនជាតិខ្មែរឥស្លាមស្ថិតនៅក្នុងសំណុំរឿង០០២/០២ សំដៅលើការជំនុំជម្រះដំណាក់កាលទីពីរប្រឆាំងនឹង ខៀវ សំផន នឹង នួន ជា។ សំណុំរឿង០០២/០២ពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ ការបោសសម្អាតផ្ទៃក្នុងនិងករណីមួយចំនួនទៀត៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles