Thu, 11 February 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ជ្រែកចំហាយក្លិន បញ្ច្រាសជំហរសាមីខ្លួននាង ខៀវ សានសាណា ពិធីការិនីកូនពីរ ថា វេលាដឹកដៃសង្សារអូស្ត្រាលីចូលរោងការបំពេញលក្ខខណ្ឌប្រពៃណី ជាប្តីប្រពន្ធ នៅមិនទាន់អាចកំណត់នោះ ក៏មានព័ត៌មានបង្ហើរមកថា អាពាហ៍ពិពាហ៍ សានសាណា និងសង្សារថ្មីនឹងលេចរូបរាងក្នុងពេលឆាប់ៗ ដោយនាងក៏បានកក់សណ្ឋាគារ អាំងទែរកុងទីណង់តាល់ ជាកន្លែងទទួលភ្ញៀវក្នុងចំនួនអ្នកសិល្បៈច្រើនលើសលប់។
បើទោះនៅមិនមានព័ត៌មានលាតត្រដាងពីអវសានស្នេហ៍ទីមួយ ជាមួយនឹងម្ចាស់តំណក់ឈាមកូនប្រុសស្រីពីរគ្រាប់ ជាមន្ត្រីបម្រើការនៅអង្គការណាតូ ជនជាតិ កាណាដា បានចែកផ្លូវគ្នាដោយមូលហេតុអ្វី និងពិតជាបានលែងលះគ្នាដាច់ស្រេចផ្តាច់ចម្ងល់មហាជន តែបន្ថែមពីដំណើរវេចបង្វេចស្ពាយកូនមកស្រវាអាជីពដើមលើទឹកដីកំណើត មិនបានប៉ុន្មាន អ្នកនាង សានសាណា ក៏បង្ហាញពីសម្ព័ន្ធស្នេហាទី ២ ជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Herbalife Cambodia លោក Seraj Sutton ជាមួយភាពស្និទ្ធស្នាលបណ្តើរគ្នា បង្អួតភ្នែកមហាជន មិនឃ្លាតគ្នាមួយជំហាន។
មានពេលខ្លះនាងថែមទាំងហៅ បុរសអូស្ត្រាលីនោះថាប្តីៗពេញមាត់នៅចំពោះមុខមហាជន ទាំងមិនទាន់រៀបចំពិធីប្រពៃណី និងសូម្បីតែភ្ជាប់ពាក្យក៏គ្មានផងនោះ។យ៉ាងណារាល់សំណួរស្នើសុំបង្ហើបពីគម្រោងដឹកដៃម្ចាស់ស្នេហ៍ទី ២ ចូលរោងការបំពេញលក្ខខណ្ឌប្រពៃណីខ្មែរពេលណានោះ ពិធីការិនីកូនពីរ មានកំណើតពីទឹកដីស្រុកកំពង់ត្របែក ខេត្តព្រៃវែង អ្នកនាង ខៀវ សានសាណា តែងឆ្លើយបដិសេធថា រឿងជីវិតផ្ទាល់ខ្លួនមិននិយាយទេ។
ដូចគ្នានឹងព័ត៌មានកំពុងតែសាយភាពរឿងដឹកដៃសង្សារទី ២ ចូលរោងការ ជាមួយព័ត៌មានថា បានកក់សណ្ឋាគាររួចហើយនោះ ក៏ពិធីការិនីកូនពីររូបនេះ បដិសេធបរិយាយនោះដែរ។ ទន្ទឹមនឹងចម្លើយបដិសេធបិទសំណួរអ្នកព័ត៌មាននេះ បែរជាថ្មីៗមានការទម្លាយថា ជីវិតស្នេហាទី ២ របស់ពិធីការិនីកូនពីរនាង ខៀវ សានសាណា ជាមួយលោក Seraj Sutton ទំនងនឹងមិនដើរលើភាពបិទបាំងទៀតទេ។
ជាមួយគ្នានេះ មានប្រភពក្នុងចង្កោមសិល្បៈបង្ហើបថា ពេលនេះ ពិធីការិនីថ្គាមខ្លា រាងតូចល្អិត ខៀវ សានសាណា កំពុងតែស្វះស្វែងរត់រកកក់សម្អាងការ និងសណ្ឋាគារ សម្រាប់ថ្ងៃដឹកដៃលោក Seraj Sutton ម្ចាស់ស្នេហ៍ទី ២ ចូល រោងការបញ្ចប់ការរងសម្ពាធរិះគន់តាមប្រពៃណី។
បន្ថែមពីការបង្ហើបថា ក្នុងការពិចារណារបស់អ្នកនាង ខៀវ សានសាណា សណ្ឋាគារ អាំងទែរកុងទីណង់តាល់ ជាជម្រើសចុងក្រោយសម្រាប់ទីតាំងរៀបអាពាហ៍ពិពាហ៍ បន្ទាប់ពីនាងដើរសិក្សាតម្លៃនោះ ប្រភពពីអ្នកសិល្បៈដដែល ក៏បានបង្ហើបផងដែរថា៖ «សានសាណា គ្រោង បោះសំបុត្រអញ្ជើញភ្ញៀវភាគច្រើនជាអ្នកសិល្បៈ និងអ្នកស្រឡាញ់រាប់អានគ្នាស្និទ្ធៗ។ តែចំណែកថ្ងៃការពិតនោះក៏មិនទាន់ដឹងច្បាស់ដែរ»៕

