ដោយ សេក បណ្ឌិត
2016-02-24
RFA

ពលរដ្ឋទៅតេស្ដឈាមរកមេរោគអេដស៍ នៅផ្ទះពលរដ្ឋ ក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/ RFA/Sireymuny
![]()
ក្រសួងសុខាភិបាល ប្រកាសលទ្ធផលអង្កេតជាផ្លូវការនៃការផ្ទុះជំងឺអេដស៍ នៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
សេចក្ដីប្រកាសព័ត៌មានរួមគ្នា កាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ជាក់ថា លទ្ធផលជាផ្លូវការគឺអ្នកផ្ទុកមេរោគអេដស៍មានចំនួនតែ ៤នាក់ទេ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តឈាមជិត ៣០០នាក់។
សេចក្ដីរាយការណ៍បឋមមិនជាផ្លូវការរបស់អាជ្ញាធរទាក់ទិន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ថា ក្រុមគ្រូពេទ្យបានធ្វើតេស្តឈាមប្រជាពលរដ្ឋជិត ៣០០នាក់ ក្នុងនោះមាន ១៤នាក់ អាចមានផ្ទុកមេរោគអេដស៍។
ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ពន្យល់ប្រាប់ពីការថយចុះពីចំនួន ១៤នាក់ មកនៅត្រឹម ៤នាក់វិញនេះ ដោយសារមានក្រុមការងារធ្វើតេស្តឈាមបន្ទាន់ផ្សេងៗគ្នាក្រោយទទួលបានព័ត៌មានស្តីពីការផ្ទុះឡើងមេរោគអេដស៍នៅឃុំសំបួរមាស នោះ ហើយទទួលបានលទ្ធផលផ្សេងៗគ្នា។ ប៉ុន្តែក្រោយការចុះអង្កេត ការធ្វើតេស្តឈាម និងការផ្ទៀងផ្ទាត់នូវលទ្ធផលនោះឡើងវិញដោយមជ្ឈមណ្ឌលជាតិ អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញនូវលទ្ធផលសរុប គឺរកឃើញតែ ៤នាក់ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត លី ពេញស៊ុន៖ «ពីមុនមករកឃើញ ៩នាក់ក្នុងភូមិ ក្រោយមកមានអង្គការមួយទៅធ្វើតេស្តក្នុងពិធីបុណ្យសពមួយរកឃើញ ៥នាក់ទៀត អ៊ីចឹងបូកទៅមាន ១៤នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ទើបក្រសួងសុខាភិបាល ឲ្យមជ្ឈមណ្ឌលចុះអង្កេតចេញជាលទ្ធផល ៤នាក់ ក្នុងចំណោមអ្នកធ្វើតេសឈាម ២៧៩នាក់ ជាពលរដ្ឋរស់នៅក្នុងភូមិជាច្រើនក្នុងសំបួរមាសនោះ»។
លោកបញ្ជាក់ថា អ្នកដែលផ្ទុកមេរោគអេដស៍ទាំងនោះ មិនមែនទើបឆ្លងថ្មីទេ ហើយក៏មិនមែនជាករណីឆ្លងតាមការប្រើសេវាព្យាបាលជំងឺក្នុងភូមិនោះឡើយ។
ទោះបីយ៉ាងណាក្តី លោកជឿថា នៅក្នុងឃុំសំបួរមាស នៅមានអ្នកផ្ទុកមេរោគអេដស៍ច្រើនទៀត ហើយលោកអំពាវនាវឲ្យពលរដ្ឋទាំងអស់មកធ្វើតេស្តឈាម ដើម្បីឲ្យអស់មន្ទិលក្នុងខ្លួន និងបានទទួលសេវាថែទាំសុខភាព បើសិនមានផ្ទុកមេរោគអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងប្រគល់ការងារធ្វើតេស្តឈាមនេះទៅឲ្យមណ្ឌលសុខភាពឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីធ្វើការងារនេះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋាភិបាលនឹងប្រកាសលទ្ធផលបឋមនៃចំនួនអ្នកផ្ទុកមេរោគអេដស៍នៅមុខកំពូល
- លោក ខៀវ កាញារីទ្ធ រិះគន់គ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យលោកសង្ឃ
- គ្រូពេទ្យបដិសេធការចោទប្រកាន់របស់ពលរដ្ឋដែលថាចម្លងមេរោគអេដស៍នៅភូមិពាម
- ពលរដ្ឋឆ្លងមេរោគអេដស៍នៅស្រុកមុខកំពូលថាសង្ស័យឆ្លងមេរោគមកពីការចាក់ថ្នាំ
- ក្រសួងអប់រំជំរុញឱ្យគ្រូបង្រៀនយកចិត្តទុកដាក់ចំពោះសុខភាពភ្នែកសិស្ស
- ក្រសួងសុខាភិបាលលើកទឹកចិត្តឱ្យវេជ្ជបណ្ឌិតជំនាញផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត
- មន្ត្រីសុខាភិបាល៖ ស្ត្រីអ្នកភូមិរកាម្នាក់ទៀតដែលរស់នៅជាមួយមេរោគអេដស៍បានស្លាប់
- មជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលបានឈាម៣៩៩ប្លោកនៅថ្ងៃសេចក្ដីស្រឡាញ់១៤កុម្ភៈ
- មន្ទីរពេទ្យរុស្ស៊ីប្រកាសពិនិត្យនិងព្យាបាលជំងឺបាតភ្នែកជូនពលរដ្ឋទូទៅដោយឥតគិតថ្លៃ