ដោយ លោក អុឹង ប៊ុនថន | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦
http://vodhotnews.com

យុវជនម្នាក់ដែលទើបចេញមុខបង្កើតគណបក្សថ្មីមួយបានឲ្យដឹងថាមន្រ្តីពន្ធនាគារបានរារាំងក្រុមលោកមិនឲ្យចូលជួបសួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិនៅថ្ងៃព្រហស្បតិ៍នេះទេបើទោះជាលោកមានលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃក៏ដោយ។
ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានប្រាប់VODថាលោកបានបំពេញនីតិវិធីតាមក្រសួងមហាផ្ទៃតម្រូវរួចហើយនិងមានលិខិតអនុញ្ញាតពីលោក ស ខេង ដើម្បីបានជួបសួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិទាំង១០រូបនោះ។ ប៉ុន្តែលោកថានៅពេលលោកទៅដល់ពន្ធនាគារព្រឹកនេះបែរជាមន្រ្តីពន្ធនាគារចេញមករារាំងដោយអះអាងថាថ្នាក់លើបានដូរគោលការណ៍ដោយមិនអនុញ្ញាតឲ្យចូលជួបសកម្មជនគណបក្សប្រឆាំងទេ។
លោកថា៖ “ល្ងាចមិញយើងទទួលបានលិខិតអនុញ្ញាតទៀតបានយើងហ៊ានទៅដល់នោះ…យើងទៅដល់ស្រាប់តែមន្រ្តីពន្ធនាគារប្រាប់ថាថ្នាក់ខលមកប្រាប់ដូរគោលការណ៍។ ខ្ញុំថាគោលការណ៍នឹងលិខិតអនុញ្ញាតហ្នឹង ស៊ីញ៉េនឹងដៃលុបនឹងជើង? មន្រ្តីក្រសួងមហាផ្ទៃធ្វើការរបៀបម៉េច?… មានន័យថាចេតនាមន្រ្តីរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនហ្នឹងមានចេតនារាំងស្ទះមិនឲ្យគណបក្សយុវជនចូលរួមដោយហេតុថាពលរដ្ឋអាចគិតថាគណបក្សយុវជនចិត្តទូលាយអាចបោះឲ្យគណបក្សយុវជនពួកគាត់[CPP]ចាញ់ឆ្នោតអាម៉ាស់ក្មេងៗ”។
VODមិនអាចទាក់ទងលោក ស្រ៊ុន លាង ប្រធានមណ្ឌលកែប្រែទី១បានទេ។ ចំណែកលោក គុយ ប៊ុនសន អគ្គនាយកពន្ធនាគារក៏VODមិនអាចទាក់ទងបានដែរ។
ក្នុងលិខិតរបស់ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានអះអាងប្រាប់លោក ស ខេង ថាមូលហេតុដែលលោកចង់ជួបសកម្មជនគណបក្សប្រឆាំងព្រោះថ្នាក់ដឹកនាំគណបក្សថ្មីនេះភាគច្រើនជាយុវជនហើយពួកគេចង់បង្ហាញថាពីកម្លាំងខ្លាំងក្លារបស់យុវជនដោយអះអាងថាដើម្បីស្វែងយល់ពីទឹកចិត្តអ្នកនយោបាយដូចគ្នា។
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង បានស្វាគមន៍ចំពោះគម្រោងជួបសួរសុខទុក្ខសកម្មជនគណបក្សរបស់លោកនេះដោយលោកមិនបារម្ភថាគណបក្សថ្មីនេះអាចស្រូបយកសំឡេងពីគណបក្សសង្រ្គោះជាតិបាននោះទេ។
សូមបញ្ជាក់ថាគណបក្សយុវជនកម្ពុជាទើបតែដាក់ពាក្យសុំបង្កើតគណបក្សថ្មីនេះទៅក្រសួងមហាផ្ទៃហើយលោក ស ខេង ធ្លាប់បានឲ្យដឹងថាក្រសួងគ្រាន់តែទទួលពាក្យសុំបង្កើតគណបក្សនេះតែតម្រូវឲ្យបំពេញលក្ខខណ្ឌមួយចំនួនទៀត៕