ដោយ ហ៊ុំ ចំរើន
2016-02-25
RFA

ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមូលផ្ដុំគ្នាមុខសាលាដំបូងខេត្តនេះ ដើម្បីការពារតំណាងរបស់ខ្លួនដែលតុលាការកំពុងសាកសួរ កាលពីព្រឹកថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៦។ RFA/Hum Chamroeun
![]()
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅពីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ ៨០នាក់ នៅព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ លើកគ្នាទៅការពារតំណាងរបស់ពួកគាត់ចំនួន ៣នាក់ នៅមុខសាលាដំបូងខេត្តបាត់ដំបង ដែលបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តុលាការ។
អ្នកទាំងបីដែលចូលខ្លួនតុលាការ ទី១ លោក ឌឹម អាន អាយុ ៥២ឆ្នាំ ទី២ លោក សេត វរ អាយុ ៤៩ឆ្នាំ និងលោកស្រី ឡាយ សារ៉េត អាយុ ៥៧ឆ្នាំ រស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
តំណាងពលរដ្ឋម្នាក់គឺលោកស្រី មឿន ពៅ ប្រាប់វិទ្យុអាស៊ីសេរី នៅមុខសាលាដំបូងខេត្តបាត់ដំបង ថា មូលហេតុដែលពួកគាត់ប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងនេះ ដោយសារខ្លាចតុលាការចាប់តំណាងរបស់ខ្លួនដាក់ពន្ធនាគារ ដោយគ្មានកំហុស៖ «ពួកខ្ញុំឡើងមកតវ៉ាមុខតុលាការជាច្រើនដងណាស់ហើយ នៅតែតុលាការកោះហៅតំណាងពួកខ្ញុំមកទៀត។រាល់ថ្ងៃនេះពួកយើងខ្ញុំជួបការលំបាកជាខ្លាំង ប៉ុន្តែតុលាការ និងអាជ្ញាធរពាក់ព័ន្ធពុំបាន ដោះស្រាយ និងរកយុត្តិធម៌ឲ្យនោះទេ»។
ដីកាកោះចុះហត្ថលេខាដោយលោក តូច សុភ័ក្ដី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី២៧ ខែមករា កោះហៅអ្នកទាំងបី ដើម្បីសាកសួរអំពីដំណើររឿងធ្វើឲ្យខូចខាតព្រំដី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងព្រះរាជអាជ្ញារងអមសាលាខេត្តបាត់ដំបង គឺលោក តូច សុភ័ក្ដី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ ខែកុម្ភៈ។
ទោះជាយ៉ាងណាអ្នកស្រុកអះអាងថា តុលាការកោះហៅតាមពាក្យបណ្ដឹង លោក ចាន់ សុវណ្ណ ប្រជាពលរដ្ឋរស់នៅភូមិជាមួយគ្នា ដោយចោទប្រកាន់អ្នកទាំង ៣នាក់ថា រំលោភព្រំដីជាងមួយហិកតារនៅចំណុចភូមិធុង ឃុំបឹងប្រាំ។ អ្នកទាំងបីត្រូវបានតុលាការអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសាកសួរជាង ២ម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើប្ដឹងក្រុមហ៊ុនពីរនៅខេត្តមណ្ឌលគិរី
- តុលាការសន្យាបើកសវនាការសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍លើគ្រួសារក្រីក្រនៅចុងខែមីនា
- ពលរដ្ឋមួយគ្រួសារនៅស្រុកស្ទោងបារម្ភខ្លាចបាក់ស្រុតដីចម្ការដោយសារអាជីវកម្មបូមខ្សាច់
- ពលរដ្ឋ៥៤៦គ្រួសារនៅក្រចេះប្ដឹងឧកញ៉ាពីររូបពីបទកាប់រានដីព្រៃសាធារណៈ
- ពលរដ្ឋខកចិត្តនឹងក្រុមហ៊ុន ING ដែលមិនព្រមផ្ដល់ព័ត៌មានពីគម្រោងអភិវឌ្ឍន៍ក្រុងរណប
- សហគមន៍ព្រៃឈើក្នុងខេត្តឧត្តរមានជ័យបារម្ភរឿងអាជ្ញាធររំលោភយកដីព្រៃ
- តុលាការសម្រេចផ្ដន្ទាទោសបុរសគំរាមសម្លាប់លោកសុខ ទូច ឲ្យជាប់ឃុំ៦ខែ
- ពលរដ្ឋប្រមាណ៣០០នាក់ទាមទារដោះលែងអតីតអ្នកបើកបរឡានក្រុមហ៊ុនកាពីតូលពីរនាក់
- អតីតមន្ត្រីប៉ូលិសម្នាក់រិះគន់តុលាការខេត្តកំពង់ឆ្នាំងថាកាត់ក្ដីលម្អៀង