ដោយ ឡេង ម៉ាលី
2016-02-25
RFA

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «អគារមរតកតេជោ» នាក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Brach Chev
![]()
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យរដ្ឋមន្ត្រីនៃក្រសួងនានា កែទម្រង់ស្ថាប័ន និងផ្ទេរមុខងារស្ថាប័ន ដើម្បីសម្រួលការងារគ្រប់គ្រង និងដោះស្រាយបញ្ហាស្ទួនដែនសមត្ថកិច្ចគ្នា។ លោករិះគន់រដ្ឋមន្ត្រីខ្លះដែលស្រវាយកការងារ និងអំណាចមកឱបទុកមិនធ្វើការ។
ការរិះគន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺធ្វើឡើងក្នុងពេលដែលលោកសម្ពោធដាក់ឲ្យប្រើប្រាស់អគារក្រសួងបរិស្ថានថ្មី និងប្រកាសបើកសន្និបាតបូកសរុបការងារបរិស្ថាន នៅថ្ងៃទី២៥ កុម្ភៈ។
លោកនាយករដ្ឋមន្ត្រី បង្អាប់អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារ៉េត ដែលមិនហ៊ានអារកាត់បញ្ហា ហើយកោតសរសើររដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្មី គឺលោក សាយ សំអាល់ ដែលផ្ដើមការកែទម្រង់៖ «ជាលើកទីមួយក្នុងរយៈពេលជាង ៣០ឆ្នាំនៃការគ្រប់គ្រងរដ្ឋាភិបាល គឺទើបនឹងមានរដ្ឋមន្ត្រីម្នាក់គត់ ដែលបានស្នើសុំប្រគល់តួនាទីទៅឲ្យស្ថាប័នផ្សេង។ ខ្ញុំមិនទាន់ជួបប្រទះនូវរដ្ឋមន្ត្រីណាមួយដែលមុននេះ គឺតែងតែស្រវាឱបទាញយកនូវអំណាចយកមកទុកក្នុងក្រសួងរបស់ខ្លួនជាប់ជានិច្ច។ ប៉ុន្តែរដ្ឋមន្ត្រីរូបនេះ បែរជាធ្វើផ្ទុយពីនេះ គឺបានសេចក្ដីថា ចង់បែងចែកមុខងារឲ្យដាច់។ នេះជាកំណែទម្រង់ដែលខ្ញុំចង់បាន។ ខ្ញុំសុំកោតសរសើរ ហើយសង្ឃឹមថា រដ្ឋមន្ត្រីនានានឹងមិនឱបការងារនេះបន្តទៀតទេ។ ហើយអាកម្មវិធីផ្ទេរមុខងារ និងប្រតិភូកម្មទៅឲ្យថ្នាក់ក្រោមជាតិនោះ ក៏មិននៅស្រមេមស្រមាមដូចសព្វថ្ងៃនេះដែរ»។
ការកែទម្រង់ដែល លោក ហ៊ុន សែន លើកឡើងនៅពេលនេះ ទាក់ទងនឹងស្ថាប័នពីរ គឺក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានដែនសមត្ថកិច្ចស្ទួនគ្នា ឬត្រូវកែសម្រួល។
ទន្ទឹមគ្នានឹងការកែទម្រង់ស្ថាប័ន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ពិចារណាអំពីការផ្លាស់ប្ដូរគណៈរដ្ឋមន្ត្រីនៅក្នុងឆ្នាំ២០១៦ នេះដែរ បន្ទាប់ពីលោកសង្កេតឃើញថា មានរដ្ឋមន្ត្រីមួយចំនួនហាក់ស្ពឹកស្រពន់។ លោកសង្កត់ធ្ងន់ថា លោកនឹងមិនយោគយល់ដល់មន្ត្រីអសកម្មទាំងនោះឡើយ ព្រោះលោកបានទុកពេលឲ្យជាច្រើនឆ្នាំមកហើយ ដើម្បីងូតទឹកឆ្លុះកញ្ចក់ និងងូតទឹកដុសក្អែល។ លើសពីនេះ លោកក៏គ្រោងប្រកាសចំណាត់ថ្នាក់ដល់ក្រសួងលេខ១ និងលេខ២ ទៀតផង ដើម្បីឲ្យពួកគេប្រឹងប្រែងធ្វើការងារ៖ «ខ្ញុំកំពុងតែគិតថា តើខ្ញុំត្រូវដោះដូរគណៈរដ្ឋមន្ត្រីនៅក្នុងឆ្នាំនេះឬទេ? ខ្ញុំកំពុងតែគិត ព្រោះបើទុកម្ល៉ឹងៗមិនកើតទេ។ វាមកពីខ្ញុំ។ អាពាក្យថាគ្នាឯងហ្នឹង អាហ្នឹងគ្រោះថ្នាក់ដល់ខ្លួនឯងទៀត»។
ទាក់ទងនឹងការកែទម្រង់ស្ថាប័ននេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ហ៊ាង ស្រៀង ថ្លែងថា ជាប្រការល្អនៅពេលដែលការកែទម្រង់នោះធ្វើទៅបាន និងមានប្រសិទ្ធភាព ដើម្បីឲ្យមន្ត្រីទាំងឡាយមានភារកិច្ចទទួលខុសត្រូវច្បាស់លាស់៖ «ការពិតទៅការកែទម្រង់បែបហ្នឹង គួរធ្វើជាយូរមកហើយ មិនមែនមកដល់ថ្ងៃហ្នឹងទេ ពីព្រោះមានមន្ត្រីមួយចំនួនគាត់មានតួនាទីធ្វើការនៅក្រសួងដល់ទៅពីរបី ហើយបើកប្រាក់ខែពីរបីកន្លែង ហើយដល់អ៊ីចឹង ការងារគ្មានប្រសិទ្ធភាពទេ»។
លោកបន្តថា ប្រសាសន៍របស់ លោក ហ៊ុន សែន មិនមែនជារឿងថ្មីទេ។ ឧទាហរណ៍ ការបង្ក្រាបការកាប់ឈើ៖ «រឿងកណ្ដាប់ដៃដែក រឿងតុលាការអីជារឿងដដែលៗ»។
អ្នកឃ្លាំមើលបញ្ហាសង្គម លោក មាស នី បន្ទរថា ការកាប់ និងដឹកឈើ គឺពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធខ្លះ ដែលអាជ្ញាធរមូលដ្ឋានមិនអាចអន្តរាគមន៍បាន៖ «រឿងឈើនេះអ្នកនៅខាងក្រោមត្រឹមឃុំត្រឹមភូមិអី គ្មាននរណាហ៊ានប៉ះទេ ហើយកុំទៅបន្ទោសគាត់ថា គាត់មេឃុំមេភូមិមិនការពារ គឺគាត់គ្រវីក្បាលគ្រប់តែគ្នាហ្នឹង។ គាត់ថាគាត់បានត្រឹមតែឈរមើលទេ ហើយអ្នកដែលចាប់នោះទៀត គ្មានអ្នកណាហ៊ានប៉ះពាល់បានទេ ដូចជាខ្ញុំបានឃើញនៅតំបន់សមុទ្រឈើក៏អ៊ីចឹងដែរ។ សមុទ្រឈើឲ្យតែម៉ោង ៨ ឬ ៩ ឡានដឹកចេញពីសមុទ្រឈើចេញមកចូលរតនគិរី តែម្ដង។ ប៉ុន្តែអ្នកភូមិនៅតាមដងផ្លូវ បានត្រឹមតែឈរសម្លឹងឡានគេហ្នឹង»។
ការកែទម្រង់ស្ថាប័នពីរនៅពេលនេះ គឺលោក ហ៊ុន សែន បង្គាប់ឲ្យក្រសួងបរិស្ថាន ផ្ទេររាល់គម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្មឲ្យទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកគ្រប់គ្រងបន្ត ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវផ្ទេរតំបន់អភិរក្ស តំបន់ការពារ និងតំបន់បម្រុងទុកទាំងអស់ឲ្យទៅក្រសួងបរិស្ថាន ជាអ្នកគ្រប់គ្រងវិញ។ លោកក៏ចង់ឲ្យមានការប្ដូរឈ្មោះក្រសួងបរិស្ថាន ទៅជាក្រសួងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីឆ្លើយតបនឹងវិសាលភាពការងារ និងស្របតាមនិន្នាការក្នុងតំបន់អាស៊ាន និងពិភពលោក។ លោកឲ្យគិតគូរការកែទម្រង់ស្ថាប័ន ការកែសម្រួល និងផ្ទេរមុខងារស្ថាប័ន និងធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ ដើម្បីសម្រួលដល់ការងារគ្រប់គ្រងរបស់ក្រសួង ស្ថាប័នមួយចំនួន និងដោះស្រាយបញ្ហាស្ទួនដែនសមត្ថកិច្ចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យបក្សយុវជនកម្ពុជាជួបសកម្មជនបក្សប្រឆាំងនៅគុកព្រៃស
- សង្គមស៊ីវិលនិងបក្សប្រឆាំងព្រួយបារម្ភពីរបៀបនៃទំនាក់ទំនងរវាងកម្ពុជា-វៀតណាម
- មេបញ្ជាការកងទ័ពជើងទឹកកម្ពុជារំពឹងថាចិននឹងផ្ដល់នាវាចម្បាំង២គ្រឿង
- ខុមហ្វ្រែលបង្ហាញលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល
- អ្នកតាមដាននយោបាយស្នើរដ្ឋាភិបាលឲ្យប្រុងប្រយ័ត្នពីទំនាក់ទំនងកម្ពុជា-ថៃ
- លោក ហ៊ុន សែន រិះគន់គណបក្សប្រឆាំងថាស៊ីពែគណបក្សប្រជាជនកម្ពុជា
- គណបក្សទាំងពីរនៅតែបន្តខ្វែងគំនិតគ្នាលើគោលនយោបាយ
- “ការដំឡើងឋានន្តរសក្ដិដល់មន្ត្រីរដ្ឋាភិបាលខ្លះជាការលើកទឹកចិត្តអ្នកបម្រើបក្ស”
- លទ្ធផលនៃជំនួបរវាងមន្ត្រីបក្សប្រជាជននិងបក្សសង្គ្រោះជាតិ