ដោយ ថា កិត្យា
2016-02-26
RFA

ក្រុមកម្មកររោងចក្រ ក្លូប័ល អាប់ភើរែល (Global Apparel Limited) ដែលមានទីតាំងនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ប្រមូលផ្ដុំគ្នាតវ៉ាមុខក្រសួងការងារ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Tha Kitya
![]()
ក្រុមកម្មកររោងចក្រ ក្លូប័ល អាប់ភើរែល (Global Apparel Limited) ដែលមានទីតាំងនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានបំបែកគ្នាផ្អាកតវ៉ានៅបន្ទាប់ពីភាគីក្រុមហ៊ុនយល់ព្រមផ្ដល់ដំណោះស្រាយមួយចំនួន បន្ទាប់ពីពួកគេចេញតវ៉ា ៣ថ្ងៃ។ ការប្រជុំស្វែងរកដំណោះស្រាយនេះ ធ្វើនៅក្រសួងការងារ នៅទី២៦ ខែកុម្ភៈ ដោយមានភាគីក្រុមហ៊ុន និងសហជីព តំណាងកម្មករ ក្រោមការសម្របសម្រួលរបស់មន្ត្រីក្រសួងការងារ។
ក្រោយជួបចរចាគ្នាអស់ជាច្រើនម៉ោង មន្ត្រីសម្ព័ន្ធសហជីពកម្ពុជា លោក ចន ធាង អះអាងថា ថ្វីបើកម្មករទាមទារលក្ខខណ្ឌការងារ ១២ចំណុច ប៉ុន្តែជាលទ្ធផលក្រោយចរចា គឺសម្រេចបានតែពីរចំណុចសំខាន់ៗប៉ុណ្ណោះ គឺក្រុមហ៊ុនឯកភាពទទួលយកកម្មករទាំង ៨៧នាក់ ឲ្យបានចូលធ្វើការវិញ។
ចំណែកថ្ងៃធ្វើកូដកម្មនោះ គឺក្រុមហ៊ុនរក្សាប្រាក់រង្វាន់ការងារទៀតទាត់ ឬលុយព្រីមនៅដដែល ប៉ុន្តែកាត់ប្រាក់លើកទឹកចិត្ត និងកាត់ប្រាក់ឈ្នួលថ្ងៃធ្វើកូដកម្មចំនួនមួយថ្ងៃកន្លះ។
មន្ត្រីសហជីពរូបនេះបញ្ជាក់ថា ក្រុមកម្មករយល់ព្រមទទួលយកលទ្ធផលចរចានេះ ហើយយល់ព្រមចូលធ្វើការងារវិញទាំងអស់ នៅថ្ងៃទី២៧ ខែកុម្ភៈ ចំពោះលក្ខខណ្ឌការងារនៅសេសសល់ នឹងលើកទៅចរចានៅពេលក្រោយ៖ «»។
ការជួបប្រជុំស្វែងរកដំណោះស្រាយនេះ គឺបន្ទាប់ពីក្រុមកម្មករ ក្លូប័ល អាប់ភើរែល ប្រមាណជាង ១០០នាក់ បានឡើងមកតវ៉ានៅមុខក្រសួងការងារ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ហើយជាច្រើនរយនាក់ផ្សេងទៀតបានឈរតវ៉ាបិទផ្លូវនៅមុខក្រុមហ៊ុន ដើម្បីកុំឲ្យក្រុមហ៊ុនដឹកអីវ៉ាន់ចេញចូល។
ក្រុមកម្មកររោងចក្រ ក្លូប័ល អាប់ភើរែល បានធ្វើកូដកម្មអហិង្សា ៣ថ្ងៃហើយ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ១២ចំណុច រួមមានស្នើឲ្យក្រុមហ៊ុនទទួលយកកម្មករចំនួន ៨៧នាក់ ដែលក្រុមហ៊ុនបានបញ្ឈប់កាលពីពេលថ្មីៗនេះ និងស្នើឲ្យជួសជុលបន្ទប់ទឹកឲ្យមានអនាម័យ ជួយជួលឡានដឹកកម្មករ ព្រមទាំងក្រុមហ៊ុនត្រូវសហការដោះស្រាយជាមួយកម្មករពេលមានបញ្ហា ដោយគ្មានការរើសអើង។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការពន្យល់ពីភាគីក្រុមហ៊ុនបានទេ ថ្ងៃទី២៦ ខែកុម្ភៈ។
ទោះបីជាទទួលបានលទ្ធផលខ្លះក្ដី កម្មការិនី ថល ធា រៀបរាប់ថា ក្រុមហ៊ុនហាក់មិនទាន់មានការអនុវត្តឲ្យបានល្អតាមច្បាប់ការងារនៅឡើយ ដូចជាករណីបញ្ឈប់កម្មករតាមអំពើចិត្ត។ កម្មការិនីរូបនេះចង់ឲ្យក្រុមហ៊ុនផ្ដល់លក្ខខណ្ឌការងារមួយចំនួនទៀត ដើម្បីជួយសម្រួលបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៖ «»។
ទោះយ៉ាងណាក៏ដោយ ក្រោយទទួលបានដំណោះស្រាយខ្លះ គឺក្រុមកម្មករបានបំបែកគ្នាផ្អាកតវ៉ា ហើយប្រកាសថា ប្រសិនបើលក្ខខណ្ឌការងារសេសសល់មួយចំនួនទៀតនៅតែមិនមានដំណោះស្រាយ គឺក្រុមកម្មករនឹងបន្តប្រមូលផ្ដុំគ្នាធ្វើកូដកម្មអហិង្សាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កម្មកររោងចក្រនៅសង្កាត់កំបូលផ្អាកតវ៉ាក្រោយមានដំណោះស្រាយ
2016-02-26
វីដេអូ វិទ្យុអាស៊ីសេរី
អត្ថបទដែលទាក់ទង
- ពលរដ្ឋតវ៉ាឲ្យក្រុមហ៊ុនស្រាបៀរអង្គរដកភាគហ៊ុនចេញពីគម្រោងសាងសង់ទំនប់ដនសាហុង
- អ្នកមានជម្លោះដីធ្លីតវ៉ាឲ្យសាលារាជធានីពន្លឿនការដោះស្រាយ
- កម្មកររោងចក្រសេរីតវ៉ាលើកទី១១នៅមុខក្រសួងការងារទាមទារដោះលែងតំណាងសហជីព
- ពលរដ្ឋប្រមាណ៣០០នាក់ទាមទារដោះលែងអតីតអ្នកបើកបរឡានក្រុមហ៊ុនកាពីតូលពីរនាក់
- កម្មកររោងចក្រអ៊ែដ្យាយល៍ ស្វេតថឺស្នើក្រសួងការងារដោះស្រាយតាមការសន្យា
- កម្មកររោងចក្រសេរីមកពីខេត្តកំពង់ស្ពឺតវ៉ានៅខាងមុខក្រសួងការងារ
- ពលរដ្ឋខ្មែរ-អាមេរិកាំងធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
- ក្រសួងការបរទេសណែនាំឲ្យក្រុមអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿបើកតូបលក់វិញ
- កម្មកររោងចក្រនៅកំពង់ស្ពឺតវ៉ាសុំកិច្ចអន្តរាគមន៍ពីរដ្ឋសភា