រមណីយ​ដ្ឋាន​ទំនប់​ទឹក​ ​អូរមាន ​ដង្ហោយ​ហៅ​ទេសចរ​ទីឆ្ងាយៗ​​

ទំនប់​ថ្ម​បេតុង​រាង​កោង​សង់​ទប់​ទឹកស្ទឹង​ហូរ​តិចៗ​នា​រដូវ​ប្រាំង​ អាច​ឲ្យ​ភ្ញៀវ​ដើរ​កម្សាន្ដបាន​នៅ​តំបន់​ទំនប់អូរមាន​។ ហុង មិនា

ទំនប់​ថ្ម​បេតុង​រាង​កោង​សង់​ទប់​ទឹកស្ទឹង​ហូរ​តិចៗ​នា​រដូវ​ប្រាំង​ អាច​ឲ្យ​ភ្ញៀវ​ដើរ​កម្សាន្ដបាន​នៅ​តំបន់​ទំនប់អូរមាន​។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

កំពង់ធំៈ ដោយ​សារ​មានអំណោយ​ផលល្អ​ផ្នែក​ប្រភពទឹក​ធម្មជាតិ​តំបន់ភ្នំ ទេសភាព​ដ៏​ស្រស់ស្អាត​បែប​ជាស្រុកស្រែ​ និងមាន​ទឹកហូរ​ខួប​ប្រាំងខួប​វស្សានោះ ​ទើប​ធ្វើឲ្យ​ទំនប់ទឹក​ស្រោចស្រព​អូរមាន ដែល​លាក់​ខ្លួន​នៅឯស្រុក​សណ្តាន់​ខេត្ត​កំពង់​ធំ ហាក់​ដូចដង្ហោយ​ហៅ​ភ្ញៀវ​ទេសចរ​ពីចម្ងាយឲ្យ​មកកម្សាន្ត​ដោយ​ក្តីសោមនស្ស។

បន្ទាប់​ពីលោក​អ្នក​បាន​ធ្វើ​ដំណើរកម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្រ្ត វប្បធម៌ និង​ធម្មជាតិ​ប្រាសាទ​សំបូរ​ព្រៃគុក​ហើយ​នោះ សូម​កុំភ្លេច​បង្ហួស​ដំណើរ​ប្រមាណ ៣០ គីឡូម៉ែត្រ​ទៀត​ នឹងទៅ​ដល់​តំបន់​កម្សាន្ត​កែច្នៃ​ទំនប់ទឹកអូរ​មាន​ ស្ថិត​នៅ​ភូមិ​អូរ​មាន ឃុំ​មានជ័យ​ ក្នុងស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ​ ដើម្បី​ចុះ​ទៅងូតទឹក​ដ៏ត្រជាក់​កាយ​រំសាយ​អារម្មណ៍​នឿយហត់។

លោក វណ្ណៈ សោភានិត អភិ​បាល​រង​ស្រុកសណ្តាន់ ​ឲ្យ​ដឹងពីស្ថាន​ភាព​ទូទៅ​នៃ​តំបន់កម្សាន្ត​ទឹកអូរមាន​នេះ​ថា៖ «ទី​នេះគឺ​ជា​គម្រោង​កម្មវិធី​អភិវឌ្ឍន៍ការ​គ្រប់​គ្រង​វិស័យធន​ធាន​ទឹក​ក្រោម​ឥណទាន​ និង​ជា​ជំនួយ​ឥតសំណង​​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)​ ដែលជា​គម្រោងជួស​ជុលស្តារ​ឡើង​វិញនូវ​ប្រព័ន្ធស្រោចស្រព​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ដោយ​សង់ចប់​នៅឆ្នាំ ២០១៥​ ខណៈ​ដើម​ឡើយ​គ្រាន់តែ​ប្រឡាយទឹក​មួយ​តភ្ជាប់ពី​ទឹក​ស្ទឹង​ធម្មជាតិ​នេះ»។

បើទោះ​ពុំទាន់​មានការ​ស្រាវជ្រាវ​ច្បាស់លាស់​ពីប្រភព​ទឹកហូរ​នៃ​ដងស្ទឹង​ធម្មជាតិ​នៅ​ទំនប់​អូរមានចេញ​ពី​ណាមួយ​ក្តី​ ក៏​លោក​ វណ្ណៈ សោភានិត បន្ត​ឲ្យ​ដឹង​ដោយការ​សន្និដ្ឋាន​ថា​៖​ «ទំនប់​ទឹកនេះ​ទំនងជា​មាន​ប្រភព​ទឹកហូរ​ពីតំបន់​ភ្នំ​ដែក ដែល​ស្ថិតនៅក្នុង​ខេត្ត​ព្រះវិហារ​នោះ​ឯង ខណៈ​ទីតាំង​ភូមិសាស្រ្ត​ស្រុក​សណ្តាន់នៅ​ជាប់​នឹង​ស្រុកមួយ​នៃ​ខេត្តព្រះ​វិហារ​»។

ទោះជា​យ៉ាងណា​ក្តី​ចាប់តាំង​ពីចុង​ឆ្នាំ ២០១៥ មកទំនប់​ទឹក​អូរ​មាន បាន​ក្លាយ​ខ្លួន​ជា​ទីកម្សាន្ត​ទឹក​មួយ​ដ៏ពេញ​និយម​ពី​សំណាក់​ភ្ញៀវទេសចរនៅ​​ក្នុងតំបន់​នា​រដូវកាល​បុណ្យប្រពៃណី​ជាតិធំៗ​ បើទោះ​ភ្ញៀវទេសចរ​នៅ​ទីឆ្ងាយៗ​នៅ​មិនទាន់ស្គាល់​ច្រើនក្តី​។


ទេសភាព​ទឹកស្ទឹង​ធម្មជាតិ​អម​ដោយ​ដើម​ឈើដុះ​ជ្រោង​នៅ​ទំនប់​អូរមាន​។  ហុង មិនា

ទេសភាព​ទឹកស្ទឹង​ធម្មជាតិ​អម​ដោយ​ដើម​ឈើដុះ​ជ្រោង​នៅ​ទំនប់​អូរមាន​។ ហុង មិនា

អ្នកស្រី​ អៀន គុណ ​ជា​អ្នកភូមិ និង​អ្នកលក់​អាហារ​ និង​ភេសជ្ជៈ​នៅតំបន់​ទំនប់​ទឹកអូរមាន​ ​បាន​បង្ហើប​ឲ្យដឹង​ថា៖ «នៅទី​នេះ​ពេលថ្ងៃបុណ្យ​ដូច​ជា​បុណ្យ​អុំទូក​ អក​អំបុក សំពះ​ព្រះខែ បុណ្យចូល​ឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌជា​ដើម​នោះ សម្បូរភ្ញៀវ​មក​កម្សាន្ត​ខ្លាំង​ណាស់ សឹង​តែ​រកក​ន្លែងឈរជើង​គ្មានទេ​។ តែ​ភាគ​ច្រើននោះ​គឺ​ជា​ភ្ញៀវ​នៅក្នុង​ស្រុក​សណ្តាន់​នេះ និង​មកពី​ក្រុង​កំពង់ធំ​ប៉ុណ្ណោះ»។

លោក វណ្ណៈ សោភានិត ក៏​បញ្ជាក់ថា៖ «នៅ​ថ្ងៃ​បុណ្យ​អុំទូក ឬ​ភ្ជុំបិណ្ឌ តំបន់ទំនប់​អូរមាន​នេះ មាន​ការរៀបចំ​ពិធី​ប្រណាំង​ទូក [ប្រភេទទូក​នេសាទ​អ្នកភូមិ​ដែល​មានគ្នា​ចំនួន ៧ ឬ ៨ នាក់អុំ​] ប្រមាណ​ជាង ១០ គូ ដើម្បី​ចែក​ការ​កម្សាន្ត​ទៅ​ដល់​បងប្អូន​ខ្មែរដែល​មក​កម្សាន្ដ្តទីនេះ​»។

លោក​អភិបាល​រង​ស្រុកសណ្តាន់​ ក៏​បាន​បង្ហើប​ឲ្យដឹង​ដែរ​លើ​គម្រោង​ពិភាក្សា​ជាមួយ​នឹង​មន្ទីរទេសចរណ៍​ខេត្ត​ ដើម្បីពង្រីក​បន្ថែម​នូវ​ចំណុច​ទាក់ទាញ​ទេសចរ​នៅ​តំបន់​ទំនប់អូរមាន​នេះ​ឲ្យ​មាន​កំណើន​ទេសចរ​ទាំងជិត​ និងឆ្ងាយ​មកកម្សាន្ត​ជា​ប្រចាំ​​ដូចជា​ការរៀបចំ​ឲ្យមាន​ការធ្វើ​ក្យូស​ប្រក់ស្លឹក​សម្រាប់អង្គុយ​ទទួលទាន​អាហារ​ និង​កម្សាន្ត​ទេសភាព​ទឹក​ធម្មជាតិ។

លោកបន្ថែម​ថា​៖ «ទេសភាព​នៅទីនេះ​ស្អាត​ណាស់ ជាពិសេស​ពេលរសៀលជ្រេ ​ជាមួយ​នឹង​ពន្លឺ​ព្រះអាទិត្យ​រៀបលិច​ ចែងចាំង​ពន្លឺ​ពណ៌មាស​លើ​ផ្ទៃទឹក​ទំនប់ និង​ស្ទឹង​ ខណៈបច្ចុប្បន្ន​យើង​ក៏កំពុង​អំពាវនាវ​រកដៃ​គូ​អភិវឌ្ឍន៍ផ្នែក​ទេសចរណ៍​ទៀត​ផងដែរ»៕​

What Next?

Recent Articles