
តារាសម្ដែង និងពិធីការិនី សុខ សោម៉ាវត្តី។ វុទ្ធី
Fri, 26 February 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ខណៈមន្ទិលចំណងជីវិតអាពាហ៍ពិពាហ៍ផ្សំតំណក់ឈាមប្រសូតបានកូនស្រីមួយគ្រាប់ដ៏គួរឲ្យក្នាញ់ ជាមួយស្វាមី ឈ្មោះទូច ដាណារ៉ា កូនប្រុសអតីតមេប៉ូលិសក្រុងភ្នំពេញ ល្បីថាជួបរឿងរង្គោះរង្គើ និងមានព័ត៌មានសាយភាយគូស្វាមីភរិយាមួយគូនេះរស់នៅដំបូលផ្សេងគ្នានោះ អ្នកនាង សុខ សោម៉ាវត្តី ក៏បង្ហាញឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ជាមួយសម្ដីត្អញត្អែរពីការរកគូស្នេហ៍ ប្រៀបដូចការរើសទ្រនាប់ជើងឲ្យត្រូវ និងស័ក្តិសមទំហំជើង។
នៅលើគណនីហ្វេសប៊ុក មិនដែលមានបង្ហោះរូបថតថ្មីជុំគ្នាស្វាមី និងកូន បើទោះជាក្នុងដំណើរនាំកូនស្រីទៅដើរកម្សាន្តតាមទីរមណីយដ្ឋាន ឬក៏ក្នុងគ្រាទទួលទានអាហារទាំងក្នុង និងក្រៅផ្ទះក៏គ្មានរូបថតជុំគ្រួសារតូចនេះដែរនោះ តារាសម្តែង និងពិធីការិនី នាង សុខ សោម៉ាវត្តី រមែងបកស្រាយមន្ទិលរង្គោះរង្គើស្នេហាជាមួយស្វាមី ដោយប្រាប់ព័ត៌មានផ្ទាល់មាត់ ត្រឹមតែពាក្យខ្លីថា៖ «ជីវិតប្តីប្រពន្ធខ្ញុំ នៅរួមរស់ជុំគ្នាធម្មតា មិនដូចពាក្យគេល្បីទេ»។
បន្តពីសារចំអកពេលវេលាថា «ពេលខ្លះ ការកុហកខ្លួនឯង ក៏អាចធ្វើឲ្យយើងមានសេចក្ដីសុខជាជាងទទួលយកការពិត» នោះ ពិធីការិនីកូនមួយកំពុងរួតរឹតដោយព័ត៌មានបែកបាក់ស្វាមី ក៏បានបង្ហាញសារបរិយាយ បង្កប់ន័យជ្រៅៗក្នុងជីវិតថា៖ «នារីជាច្រើនចង់បានបុរសដែលមានលុយឡាន ក្រុមហ៊ុន ហ៊ឺហា និងលុយចាយមិនអស់មកធ្វើជាស្វាមី តែបុរសទាំងនោះ ភាគច្រើនមានអាយុលើសពី ៣៥ ឆ្នាំ ព្រមទាំងមានភរិយា និងកូនហើយដែរ»។
អ្នកនាង សុខ សោម៉ាវត្តី ក៏បន្ថែមនូវសារប្រៀបធៀបការជ្រើសរើសជីវិតគូដើម្បីទទួលបានក្តីសុខស្រួលទៅថ្ងៃអនាគតថា៖ «រកគូស្នេហ៍ដែលស័ក្តិសមម្នាក់ ប្រៀបដូចជាការរកស្បែកជើងដែលត្រូវលេខ ស្បែកជើង មិនមែនត្រឹមតែឃើញម៉ូដស្អាត ហើយពេញចិត្តតែម្យ៉ាងហើយយកមកពាក់នោះទេ គឺចាំបាច់ត្រូវតែរកស្បែកជើងដែលមានលេខត្រូវនឹងជើងទៀត នោះទើបអាចទទួលសេចក្តីសុខជាមួយនឹងអ្វីដែលបានជ្រើសរើសពិតប្រាកដ។ បើរកមិនទាន់បានគឺមានន័យថានៅតែដើរជើងទទេដូចមុន ព្រោះម្នាក់ៗច្បាស់ណាស់នឹងមិនសុខចិត្តពាក់ស្បែកជើងខុសលេខជើងនោះទេ»។
នាងបន្តថា៖ «ពេលដែលពាក់ហើយក្រៅតែពីចិត្តខ្លួនឯងគិតថា ខ្លួនស្អាតល្អឡូយ ជាមួយនឹងម៉ូដស្បែកជើងនោះហើយ គឺត្រូវនៅទ្រាំឈឺដោយសារតែស្បែកជើងស៊ីជើង ប្រឹងទ្រាំដើរទាំងឈឺ ដើរទៅឆ្ងាយដូចគេមិនបាន..»។
ក្នុងនោះនាងក៏បានប្រៀបធៀបថា៖ «មនុស្សយើងគ្រប់គ្នាកើតមកជើងទទេ ស្លាប់ទៅវិញក៏ជើងទទេ គ្មានហេតុផលអ្វីដែលត្រូវទ្រាំឈឺជាមួយស្បែកជើងដែលខុសលេខនោះទេ ដូចនេះយើងគ្រប់គ្នាសុទ្ធតែអាចមានសេចក្តីសុខដោយខ្លួនឯងបាន ទោះមានគូ ឬគ្មានគូក្តី» ។
មជ្ឈដ្ឋានជាច្រើនបាននាំគ្នាដាក់ការសង្ស័យថា៖ «អ្វីដែល សុខ សោម៉ាវតី លើកឡើងនេះ អាចថាជាការបង្ហាញការខកចិត្តនៃជីវិតខ្លួននាង ពិសេសជ្រើសរើសគូជីវិតខ្លួន ដែលរួតរឹតនឹងព័ត៌មានបែកបាក់រាល់ថ្ងៃនេះ»៕