ដោយ សូត សុខប្រាថ្នា
2016-02-25
RFA

ផែនទីខេត្តកំពង់ធំ។ hoto: RFA
អាជ្ញាធរខេត្តកំពង់ធំ នឹងអប់រំប្រជាពលរដ្ឋអំពីការប្រើប្រាស់អណ្ដូងទឹកឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់កើតឡើង។ ការលើកឡើងបែបនេះ ក្រោយពេលពលរដ្ឋពីរនាក់នៅស្រុកកំពង់ស្វាយ បានស្លាប់ភ្លាមៗ ដោយថប់ដង្ហើមកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ នៅពេលពួកគេចុះស្ដារអណ្ដូង។
ក្រោយពេលមានហេតុការណ៍អាក្រក់កើតឡើងចំពោះប្រជាពលរដ្ឋពីរនាក់នោះ ស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ សំអាន បញ្ជាក់ថា លោកនឹងពង្រឹងការផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋអំពីបញ្ហានានា ជុំវិញការប្រើប្រាស់អណ្ដូងទឹកប្រភេទអណ្ដូងខ្នោះ ឬអណ្ដូងលូ ឱ្យបានត្រឹមត្រូវ។
លោកមានប្រសាសន៍បន្តថា ដោយសារប្រជាពលរដ្ឋមួយចំនួនមិនសូវយល់ដឹងអំពីបញ្ហាទាំងនេះ ទើបបណ្ដាលឱ្យពួកគេងាយរងគ្រោះ៖ «ឥឡូវនេះ យើងគ្រាន់តែមានគោលការណ៍ដើម្បីផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋឱ្យគាត់ដឹងពីការងារចុះស្តាទឹកអណ្ដូង ឬចុះអីហ្នឹង»។
កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ បុរសពីរនាក់នៅភូមិថ្នល់បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ បានស្លាប់នៅក្នុងអណ្ដូងទឹក។ អ្នកដឹងហេតុការណ៍អោយដឹងថា បុរសម្នាក់បានចុះទៅស្ដារអណ្ដូងទឹករបស់ខ្លួននៅពេលថប់ដង្ហើម បុរសរូបនោះក៏ស្រែកឱ្យអ្នកជិតខាងជួយ។ បន្ទាប់ពីឮសំឡេងស្រែកអោយជួយ បុរសម្នាក់ទៀតបានចុះទៅជួយ ហើយបណ្ដាលឱ្យស្លាប់ទាំងពីរនាក់តែម្ដង។
អធិការនគរបាលស្រុកកំពង់ស្វាយ លោក ផេង ឈុនគ័រ ឱ្យដឹងថា ក្រោយពេលកើតហេតុសមត្ថកិច្ចរួមនឹងមន្ត្រីជំនាញចុះពិនិត្យសាកសពពលរដ្ឋទាំងពីរនាក់ គឺសន្និដ្ឋានថា មូលហេតុបណ្ដាលឱ្យពួកគេស្លាប់ ដោយសារនៅក្នុងអណ្ដូងទឹកដែលមានជម្រៅប្រមាណ ១០ម៉ែត្រនោះ មិនមានខ្យល់អុកស៊ីហ្សែនសម្រាប់ដកដង្ហើម៖ «ខាងសមត្ថកិច្ចយើងតែមានការផ្សព្វផ្សាយរហូតអំពីការចុះស្ដារអណ្ដូងអីហ្នឹង ក៏មាននិយាយដែរ»។
លោកបន្តថា នេះជាលើកទី១ សម្រាប់ប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយ។ យ៉ាងណាសមត្ថកិច្ចមូលដ្ឋាននឹងយកចិត្តទុកដាក់អប់រំដល់ប្រជាពលរដ្ឋបន្ថែមទៀត។
នៅប្រទេសកម្ពុជា ករណីពលរដ្ឋស្លាប់នៅក្នុងអណ្ដូងទឹក មិនមែនជារឿងថ្មីនោះឡើយ ពីព្រោះហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅខេត្តមួយចំនួនដូចជាខេត្តសៀមរាប ខេត្តក្រចេះ ជាដើម។ មូលហេតុដូចៗគ្នាដែលបណ្ដាលឱ្យពលរដ្ឋទាំងនោះស្លាប់ គឺដោយសារតែនៅក្នុងអណ្ដូងមិនមានខ្យល់ដកដង្ហើម។
ទាក់ទងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា អាជ្ញាធរនៅមិនទាន់មានដំណោះស្រាយប្រសើរណាមួយចំពោះបញ្ហានេះនៅឡើយ។ ពោល គឺការអប់រំប្រជាពលរដ្ឋនៅតាមជនបទពីវិធីការពារ ឬរបៀបប្រើប្រាស់អណ្ដូងទឹកនៅមិនទាន់បានគ្រប់គ្រាន់។ បន្ថែមពីនេះ សូម្បីតែជួយឱ្យពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ក៏មិនទាន់មានដែរ។ បញ្ហានេះ ទើបធ្វើឱ្យប្រជាពលរដ្ឋនៅតែជាអ្នករងគ្រោះថ្នាក់ដដែល។
លោក យង់ គិមអេង៖ «មិនគ្រប់គ្រាន់ទេ ការផ្សព្វផ្សាយកន្លងមក គ្រាន់តែផ្សព្វផ្សាយថា គ្រោះថ្នាក់ ប៉ុន្តែអ្វីដែលជាដំណោះស្រាយដែលអាជ្ញាធរអាចជួយពួកគាត់អត់មាន»។
លោកបន្តថា ប្រសិនបើរាជរដ្ឋាភិបាលប្រាប់ពីវិធីការពារ រួមនឹងដំណោះស្រាយជូនពលរដ្ឋឱ្យបានទូលំទូលាយ គឺអាចបញ្ចៀសមិនឱ្យមានជនរងគ្រោះបន្តទៀត ហើយក៏បង្ហាញថា អាជ្ញាធរបានទទួលខុសត្រូវ ឬយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាជនបានពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនិងសង្គមស៊ីវិលនៅខេត្តកំពង់ធំស្នើឲ្យអាជ្ញាធរពង្រឹងសន្តិសុខសុវត្ថិភាពបន្ថែមទៀត
- អាជីវករផ្ទេរនិងដូរប្រាក់នៅខេត្តបាត់ដំបងព្រួយបារម្ភខ្លាចចោរប្លន់យកទ្រព្យសម្បត្តិ
- កងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ហាញរបាយការណ៍បូកសរុបការងារឆ្នាំ២០១៥
- រដ្ឋាភិបាលកម្ពុជាជំរុញឲ្យប្រទេសកូរ៉េខាងជើងលុបបំបាត់អាវុធនុយក្លេអ៊ែរ
- សង្គមស៊ីវិលថាពលរដ្ឋនៅតែបារម្ភពីបញ្ហាអសន្តិសុខ
- ពលរដ្ឋនិងសង្គមស៊ីវិលស្នើពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពក្នុងឆ្នាំថ្មី
- លោក ស ខេង ជំរុញឲ្យអភិបាលថ្មីខេត្តស្ទឹងត្រែងទប់ស្កាត់បទល្មើសព្រៃឈើនិងចោរកម្ម
- សមត្ថកិច្ចអះអាងថាបានកំណត់មុខសញ្ញាជនល្មើសឆក់ប្លន់ដើម្បីឈានដល់ការបង្ក្រាប
- មន្ត្រីសិទ្ធិមនុស្សបារម្ភបញ្ហាអសន្តិសុខរបស់ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ