ដោយ ជិន ជេដ្ឋា
2016-02-27
RFA

មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ (មន្ទីរពេទ្យបង្អែកសំពៅមាស) ស្ថិតក្រុងពោធិ៍សាត់។ រូបថតខែធ្នូ ២០១៤ (RFA/Chin Chetha)
ក្រុមគ្រូពេទ្យជំនាញវះកាត់ក្រអូមមាត់ និងមាត់ឆែប នៃអង្គការមួយរបស់ប្រទេសបារាំង នឹងសហការជាមួយក្រុមគ្រូពេទ្យខ្មែរ ដើម្បីប្រមូលអ្នកជំងឺមាត់ឆែប ឬក្រអូមមាត់ឆែបវះកាត់នៅចុងខែមេសា ឆ្នាំ២០១៦។ មន្ត្រីសុខាភិបាលកម្ពុជា ស្វាគមន៍ចំពោះបេសកកម្មនេះ បន្ទាប់ពីគ្រូពេទ្យសប្បុរសធម៌អាមេរិក បញ្ចប់ការពិនិត្យ និងព្យាបាលជំងឺនៅខេត្តពោធិ៍សាត់។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហៅមន្ទីរពេទ្យបង្អែកសំពៅមាស ឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ថា បរិវេណនៃមន្ទីរពេទ្យនឹងក្លាយជាទីតាំងទទួលអ្នកជំងឺយ៉ាងច្រើនលើកទី២ សម្រាប់ក្រុមគ្រូពេទ្យបរទេស ពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនពលរដ្ឋខ្មែរមកពីទូទាំងប្រទេស។
ប្រធានមន្ទីរពេទ្យ លោក ច័ន្ទ សុខា មានប្រសាសន៍ថា ក្រោយអ្នកជំងឺ ៤,៧៦៨នាក់ ទទួលបានការព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃក្នុងរយៈពេល ១០ថ្ងៃ របស់ក្រុមគ្រូពេទ្យអាមេរិក-ខ្មែរ ដែលទើបបញ្ចប់វគ្គនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ មកនោះ មានក្រុមគ្រូពេទ្យបារាំង នឹងចូលខ្លួនមកពិគ្រោះ និងវះកាត់ជំងឺមាត់ឆែប និងដុះសាច់វិញម្ដង គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមេសា៖ «ខ្ញុំគិតថា ជំងឺប្រភេទនេះមានភាគរយតិច ហើយយើងឃើញថា មានអង្គការមួយចំនួនកំពុងឈរជើងនៅមន្ទីរពេទ្យជាតិនៅភ្នំពេញ អ៊ីចឹងក៏គេព្យាបាលបណ្ដើរៗដែរ។ អ៊ីចឹងយើងអត់ដឹងថា នឹងមានប៉ុន្មានទេ ប៉ុន្តែយើងនឹងព្យាយាមរកអ្នកជំងឺឲ្យបានច្រើនឲ្យគាត់ (គ្រូពេទ្យបារាំង)»។
លោក ច័ន្ទ សុខា បញ្ជាក់ថា ក្រុមគ្រូពេទ្យនឹងចាប់ផ្ដើមទទួលអ្នកជំងឺពីម៉ោង ៧កន្លះព្រឹក រហូតដល់ម៉ោង ៥ល្ងាច។ អ្នកជំងឺអាចមកពីគ្រប់ខេត្ត-ក្រុង ព្រោះការទទួលវះកាត់មិនកំណត់ចំនួននោះឡើយ។
អ្នកជំងឺម្នាក់រស់នៅរាជធានីភ្នំពេញ គឺលោក សួស្ដី ទិត្យដា ថា លោកចាប់អារម្មណ៍នឹងបេសកកម្មព្យាបាលរបស់ក្រុមគ្រូពេទ្យបរទេស ព្រោះការព្យាបាលមានជំនាញត្រឹមត្រូវ ថ្នាំល្អ និងប្រសិទ្ធភាពខ្ពស់។ សព្វថ្ងៃលោកមានជំងឺជាប់កាយចំនួនបីមុខ គឺជំងឺភ្នែក ត្រចៀក និងជំងឺសាច់ដុះ។
លោកថា លោកនឹងទៅពិគ្រោះ និងវះកាត់ជំងឺដុះសាច់របស់លោកនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ នៅថ្ងៃនោះ៖ «ខ្ញុំឈឺខ្លួនឯង បើខ្ញុំព្យាបាលតាមគ្លីនិកអស់លុយ ហើយខ្ញុំខ្វះលុយលើការវះកាត់ ដល់អ៊ីចឹងខ្ញុំឃើញមានពេទ្យពីអាមេរិក មានប្រសិទ្ធភាពខាងព្យាបាលជំងឺ។ តាំងពី RFA ផ្សាយមកខ្ញុំចាប់អារម្មណ៍ខ្ញុំចេះតែដេញតាម ធ្វើម៉េចឲ្យគាត់មកពីអាមេរិក ដល់នេះ ហើយគាត់ចុះព្យាបាលនៅពោធិ៍សាត់ ខ្ញុំនឹងទៅបណ្ដោយ»។
ប្រជាពលរដ្ឋកម្ពុជាខ្លះ ដែលធ្លាប់ទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យបរទេសឲ្យដឹងថា ពួកគាត់សុខចិត្តស្កាត់ពីទីឆ្ងាយដើម្បីទៅទទួលសេវានេះ ព្រោះការពិនិត្យ និងព្យាបាលរបស់គ្លីនិកឯកជន ឬមន្ទីរពេទ្យរដ្ឋមិនសូវមានប្រសិទ្ធភាព។ ពួកគាត់ចង់ឲ្យមានបេសកកម្មព្យាបាលជំងឺជូនពលរដ្ឋក្រីក្រឲ្យបានញឹកញាប់នៅតាមបណ្ដាខេត្តឆ្ងាយៗ នៃប្រទេសកម្ពុជា។
ទាក់ទងនឹងការលើកឡើងរបស់ក្រុមពលរដ្ឋនេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ លោក ច័ន្ទ សុខា បញ្ជាក់ថា ក្រុមគ្រូពេទ្យបរទេសដែលសហការជាមួយគ្រូពេទ្យខ្មែរបានដាក់កាលវិភាគព្យាបាលពលរដ្ឋក្រីក្រនៅតាមខេត្តនានា ជារៀងរាល់ឆ្នាំ។ ដូចជាក្រុមគ្រូពេទ្យអាម៉េរិកាំង ដែលទើបបញ្ចប់ការងារសប្បុរសធម៌ពីខេត្តពោធិ៍សាត់ ទៅនេះ នៅឆ្នាំក្រោយនឹងធ្វើនៅខេត្តសៀមរាប ទៀត៕