
ក្មេងៗនៅសហគមន៍ក្រីក្រខាំនំប៉័ងដែល ក្រុមហ៊ុន Bread Talk ចែកឲ្យ។ ហេង ជីវ័ន
Sat, 27 February 2016
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ នំប៉័ង Bread Talk ចំនួន ២ ១០០ ដុំ និងសម្ភារៈសិក្សាមួយចំនួន ត្រូវបានក្រុមហ៊ុននំប៉័ង Bread Talk នាំយកនូវអំណោយមនុស្សធម៌ដល់ក្មេងៗរៀននៅមណ្ឌលសហគមន៍ក្រីក្រសាខាទី ៥ របស់អង្គការមូលនិធិកុមារកម្ពុជា (CCF) ស្ថិតនៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៃបរិវេណតំបន់គំនរចាក់សម្រាមស្ទឹងមានជ័យចាស់ជាង ១០០០ នាក់ និងចាស់ៗរស់នៅក្បែរមណ្ឌលចំនួន ៣០ នាក់ កាលពីរសៀលថ្ងៃសុក្រទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦។
ដោយសារចង់ចូលរួមកិច្ចការមនុស្សធម៌ក្នុងសង្គម ដែលជាការជួយសម្រាលទុក្ខលំបាកខ្លះៗទៅដល់កុមារក្រីក្រ រៀននៅមណ្ឌលសហគមន៍ក្រីក្រសាខាទី ៥ របស់អង្គការមូលនិធិកុមារកម្ពុជា និងចង់ឲ្យពួកគេមានសាកភ្លក្សរសជាតិនំប៉័ង Bread Talk ដែលឈ្ងុយឆ្ងាញ់ជាងធម្មតានោះផងដែរ។
អ្នកស្រី ឃុន ស្រីអូន ជាជំនួយការនាយកប្រតិបត្តិក្រុមហ៊ុននំប៉័ង Bread Talk បានឲ្យដឹងពីគោលបំណងនៃការកម្មចែកអំណោយមនុស្សធម៌នេះថា៖ «យើងចូលរួមធ្វអំពើល្អក្នុងសង្គមជាមួយជនក្រីក្រ ជាពិសេសជាមួយកុមារខ្សត់ខ្សោយ កំព្រា និងចាស់ៗក្រីក្រ។ ដូច្នេះហើយទើប ថ្ងៃនេះ យើងក៏មកមណ្ឌលសហគមន៍ក្រីក្រសាខាទី ៥ របស់អង្គការមូលនិធិកុមារកម្ពុជាម្តងទៀត ដោយយើងធ្លាប់មកទីនេះរួមម្តងហើយ ខណៈវាជាលើកកិច្ចការមនុស្សធម៌លើកទី ៣ ផងដែររបស់ក្រុមហ៊ុន»។

បុគ្គលិក ក្រុមហ៊ុន Bread Talk លើកនំប៉័ងមកចែកឲ្យក្មេងសហគមន៍ក្រីក្រ។ ហេង ជីវ័ន
គេឃើញអំណោយមនុស្សធម៌នោះរួមមានសម្ភារៈសិក្សាមួយសម្រាប់ដោយមានសៀវភៅសរសេរ ប៊ិច ខ្មៅដៃ និងកញ្ចប់អាហាររួមមាននំប៉័ង Bread Talk រួមទាំងភេសជ្ជៈទឹកសុទ្ធ ទឹកផ្លែកញ្ចប់ សម្រាប់ចែកជូនដល់កុមារដែលមានចំនួន ១ ០០០ នាក់ ខណៈសម្រាប់ចាស់ៗក្រីក្ររស់នៅក្បែរមណ្ឌលចំនួន ៣០ រូបបានទទួលកញ្ចប់អំណោយដែលមានសារ៉ុង ថវិកា និងមាននំប៉័ង Bread Talk និងភេសជ្ជៈ។
អ្នកស្រី ឃុន ស្រីអូន បានបន្តថា៖«នេះជាទឹកចិត្តបន្តិចបន្តួចរបស់ក្រុមហ៊ុនយើង ដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់ ក្តីអាណិតអាសូរ និងផ្តល់ក្តីសង្ឃឹមដល់ពួកគាត់»។
លោក ងយ ហេន ប្រធាន មណ្ឌលសហគមន៍ក្រីក្រសាខាទី៥ បានឲ្យដឹងពីប្រវត្តិ និងចំនួនសិស្សនៅទីនេះថា៖ «មណ្ឌលសហគមន៍ក្រីក្រសាខាទី ៥ នេះបង្កើតឡើងនៅឆ្នាំ២០០៧ ដែលជាសាខាមួយរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) ដោយមានគោលដៅជួយដល់កុមារកំព្រា និងកុមារក្រីក្រឪពុកម្តាយជួបការលំបាកដែលរស់នៅផ្តុំនឹងគំនរសម្រាមស្ទឹងមានជ័យ និងឪពុកម្តាយមានរបរជាអ្នករើសអេតចាយនៅលើគំនរសម្រាមដោយឥតគិតថ្លៃ។ មណ្ឌលយើងទទូលកុមារឲ្យចូលរៀនចាប់ពីទារកដ្ឋានដល់ថ្នាក់ទី ១២ ឯណោះ តែសម្រាប់ថ្នាក់ទី ១២ នៅមណ្ឌល យើងផ្តោតតែលើភាសាអង់គ្លេសទេ។ សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦ នេះ យើងមានសិស្សសរុបទាំងអស់ចំនួនជាង ១ ៥០០ នាក់»។
គួរបញ្ជាក់ថា ក្រុមហ៊ុននំប៉័ង Bread Talk បច្ចុប្បន្នមានសាខាបម្រើសេវាកម្មលើអហារសម្រន់នេះចំនួន បី កន្លែងនៅក្នុងរាជធានីភ្នំពេញ ដោយសារទទួលបានការពេញនិយមពីអតិថិជននោះ ក្រុមហ៊ុនក៏នឹងពង្រីកសាខាថ្មីផងដែរខណៈអ្នកស្រី ឃុន ស្រអូន បង្ហើបថា៖«នៅខែ ឧសភា ឆ្នាំ ២០១៦ ខាងមុននេះ ក្រុមហ៊ុននឹងបើកបន្ថែមសាខាទី ៤ របស់ខ្លួនដើម្បីបម្រើសេវាកម្មនំប៉័ង Bread Talk ដល់អតិថិជន»៕