ដោយ ប្រាជ្ញ ចេវ
2016-03-11
RFA

អតីតអ្នកបើកឡានឲ្យក្រុមហ៊ុនកាពីតូល នៅខាងមុខសាលាខណ្ឌចំការមន ក្រោយពីត្រូវបានឃាត់ខ្លួនសាកសួររឿងចែកខិត្តប័ណ្ណអំពាវនាវឲ្យពលរដ្ឋផ្អាកប្រើសេវារបស់ក្រុមហ៊ុនកាពីតូល និងរ៉ឺម៉កទេសចរណ៍របស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦។ RFA/Brach Chev
![]()
អតីតអ្នកបើកឡានក្រុមហ៊ុនកាពីតូល (CAPITOL) ចំនួន ៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីចែកខិត្តប័ណ្ណគ្មានកាអនុញ្ញាតដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ មន្ត្រីសង្គមស៊ីវិលហៅការឃាត់ខ្លួននេះថា ខុសនីតិវិធីដ្បិតសមត្ថកិច្ចពុំបានឃាត់អ្នកទាំង ៧នាក់នោះដោយផ្ទាល់ទេ គឺសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា (CCDA) ជាអ្នកឃាត់ខ្លួននៅកន្លែងកើតហេតុ។
អនុប្រធានផ្នែកស៊ើបអង្កេត និងក្រុមមេធាវីនៃសមាគមអាដហុក លោក ណៃ វ៉ង់ដា និយាយថា សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលហាមឃាត់អតីតអ្នកបើកឡានមិនឲ្យចែកខិត្តប័ណ្ណជាសកម្មភាពខុសច្បាប់ ព្រោះពួកគេគ្មានតួនាទី៖ «ការឃាត់ខ្លួននេះមិនត្រូវច្បាប់ទេ គាត់អត់មានសិទ្ធិក្នុងការឃាត់ខ្លួនអ្នកណាម្នាក់ទេ ទោះសកម្មភាពនោះប៉ះពាល់សណ្ដាប់ធ្នាប់ក្ដី គាត់មានតួនាទីកោះហៅសមត្ថកិច្ច»។
អតីតអ្នកបើករថយន្តទាំង ៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅម្ដុំបេនឡានចេនឡា ក្បែរផ្សារដើមគរ កាលពីព្រឹកទី១២ ខែមីនា ខណៈដែរពួកគាត់កំពុងចែកខិត្តប័ណ្ណ ហើយនាំខ្លួនមកសាកសួរនៅសាលាខណ្ឌចំការមន។
សមត្ថកិច្ចខណ្ឌចំការមន មិនអនុញ្ញាតឲ្យក្រុមអតីតអ្នកបើកឡានក្រុមហ៊ុនកាពីតូល ដែលចែកខិត្តប័ណ្ណគូសសញ្ញាខ្វែងលើស្លាកសញ្ញាក្រុមហ៊ុននេះ និងគូសសញ្ញាខ្វែងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ចែកជូនសាធារណជនទេ ដោយចោទថា សកម្មភាពធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងបានបានសុំការអនុញ្ញាត។
នៅលើខិត្តប័ណ្ណរបស់ក្រុមអតីតអ្នកបើកឡាន បង្ហាញពីរូបភាពពួកគេរងរបួសហូរឈាម រូបភាពករណីហិង្សាមុខក្រុមហ៊ុនកាពីតូល និងសរសេរដោយស្នើសុំផ្អាកប្រើប្រាស់សេវាឡានកាពីតូល និងកង់បីរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍។
នាយករដ្ឋបាលសាលាខណ្ឌចំការមន លោក ទុយ ប៊ុនសេរីរ័ត្នមុន្នី ថ្លែងថា សមត្ថកិច្ចឃាត់ខ្លួនអតីតក្រុមអ្នកបើកឡាននេះ ព្រោះសកម្មភាពនេះធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងសិទ្ធិរបស់ភាគីម្ខាងទៀតនៃជម្លោះ៖ «ការចែកខិត្តប័ណ្ណ ត្រូវជូនដឹងមកសាលារាជធានី បើមិនអ៊ីចឹងទេ ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ឬនៅតាមភ្លើងស្ដុប»។
អតីតអ្នកបើកឡានក្រុមហ៊ុនកាពីតូល ម្នាក់ លោក វណ្ណា រ៉ន ឲ្យក្រោយធ្វើកិច្ចសន្យាថា ពេលក្រុមធ្វើសកម្មភាពចែកខិត្តប័ណ្ណដែលមានគ្នាជិត ២០នាក់ មានសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ជិត ១០០នាក់ ឡោមព័ទ្ធឃាត់ខ្លួនក្រុមលោក។ ប៉ុន្តែពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បែរជាឃាត់ខ្លួនតែក្រុមរបស់លោក។ លោកថា ក្រុមរបស់លោកនៅតែបន្តធ្វើសកម្មភាពតវ៉ាបន្តទៀត ទោះមានការហាមឃាត់ពីអាជ្ញាធរពេលនេះ៖ «អត់ចង់មានមតិអីច្រើន ប៉ុន្តែគ្រាន់តែថា អយុត្តិធម៌ដែលភាគីមានបញ្ហា ប៉ុន្តែគាត់ហៅតែខ្ញុំមកសាកសួរ»។
ប្រធានសណ្ដាប់ធ្នាប់ខណ្ឌចំការមន លោក អ៊ីវ ថាវី ឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនក្រុមអតីតអ្នកបើកឡាន ព្រោះមិនចង់ឲ្យមានករណីហិង្សាកើតឡើង។
អនុប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ហង្ស វៃ ដែលអះអាងថា ជាអ្នកឃាត់ខ្លួនអតីតអ្នកបើកឡានប្រគល់អោយសមត្ថកិច្ច ឲ្យវិទ្យុអាស៊ីសេរី ដឹងថា សកម្មភាពទាំងនេះគឺជាទង្វើធ្វើឲ្យសាធារណជនយល់ខុសលើសមាគមរបស់លោក៖ «អ៊ីចឹងនៅពេលប្រជាពលរដ្ឋគាត់ឃើញសញ្ញាខ្វែងនៅលើសញ្ញាសមាគមខ្ញុំ អ្នកណាហ៊ានជិះ»។
កាលពីថ្ងៃទី៦ ខែកុម្ភៈ សមត្ថកិច្ចខណ្ឌ៧មករា បានចាប់ខ្លួនអតីតអ្នកបើកបររថយន្តឱ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល ២នាក់ ខណៈមានផ្ទុះករណីហិង្សាមួយ ស្របគ្នានៃការតវ៉ានៅមុខក្រុមហ៊ុន ក្បែរផ្សារអូរឫស្សី ដែលប៉ះទង្គិចជាមួយសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងមិនទាន់បានដោះលែងនៅឡើយទេ។
អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល ជាង ៤០នាក់ ត្រូវថៅកែបញ្ឈប់ពីការងារជាង ៤ខែមកហើយ ដោយចោទប្រកាន់ថា ពួកគេបង្កើតសហជីព និងចោទពីបទរំលោភកិច្ចសន្យាការងារជាមួយក្រុមហ៊ុន រំលោភបទបញ្ជាផ្ទៃក្នុងដែលបានលួចកិបកេងទ្រព្យសម្បត្តិក្រុមហ៊ុន និងរំលោភច្បាប់ការងារ។ ប៉ុន្តែអតីតអ្នកបើកឡានទាំងនោះ តែងតែតវ៉ាប្រឆាំងការបញ្ឈប់នេះ។
បន្ទាប់ពីអតីតក្រុមអ្នកបើកឡានយល់ព្រមធ្វើកិច្ចសន្យាថា ឈប់ចែកខិត្តប័ណ្ណ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ សមត្ថកិច្ចខណ្ឌចំការមន អនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅខេត្តក្រចេះជាង៤០នាក់តវ៉ាទាមទាររថយន្តកែច្នៃដែលសមត្ថកិច្ចឃាត់ទុក
- ពលរដ្ឋខ្មែរ-អាមេរិកាំងគ្រោងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
- អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿព្រមានបិទច្រកទ្វារព្រំដែនប៉ោយប៉ែត
- កម្មកររោងចក្រមួយនៅខេត្តកណ្ដាលទាមទារប្រាក់អតីតភាពក្រោយរោងចក្រដូរឈ្មោះ
- ព្រះសង្ឃនិងពលរដ្ឋនៅក្រុងបាត់ដំបងទាមទារឲ្យអាជ្ញាធរបញ្ឈប់សិប្បកម្មផលិតទឹកកក
- ពលរដ្ឋ៣០គ្រួសារនៅខេត្តពោធិ៍សាត់តវ៉ាទាមទារដី
- តំណាងអាជីវករនិងពលរដ្ឋមានវិវាទដីនៅខេត្តព្រះសីហនុដាក់ញត្តិជូនលោក ហ៊ុន សែន
- ពលរដ្ឋតវ៉ាឲ្យក្រុមហ៊ុនស្រាបៀរអង្គរដកភាគហ៊ុនចេញពីគម្រោងសាងសង់ទំនប់ដនសាហុង
- កម្មកររោងចក្រនៅសង្កាត់កំបូលផ្អាកតវ៉ាក្រោយមានដំណោះស្រាយមួយចំនួន