ដោយ ម៉ែន សុធីរ
2016-03-13
RFA

សកម្មភាពគ្រឿងចក្រឈូសឆាយសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីទន្លេសេសានក្រោម២ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥។ RFA/Brach Chev
![]()
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង អះអាងថា ក្រុមហ៊ុនសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម២ បានឈូសឆាយតំបន់ព្រៃសមូហភាពសហគមន៍ ឬព្រៃអ្នកតារកាកាន់ អស់រយៈពេល ៤ថ្ងៃមកហើយគិតមកដល់ថ្ងៃទី១២ ខែមីនា។ សហគមន៍ទាមទារឲ្យអាជ្ញាធរខេត្ត និងតំណាងក្រុមហ៊ុន ផ្តល់ព័ត៌មានជាក់លាក់ស្ដីពីការកំណត់ព្រំប្រទល់ផ្ទៃអាងក្នុងតំបន់ព្រៃសហគមន៍។
សហគមន៍ឃុំស្រែគរ ស្រុកសេសាន នៅថ្ងៃទី១២ មីនា អំពាវនាវឲ្យគណៈកម្មការដោះស្រាយផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោម២ អន្តរាគមន៍បញ្ឈប់ការឈូសឆាយព្រៃសមូហភាពសហគមន៍ ឬព្រៃអ្នកតារកាកាន់ ដោយក្រុមហ៊ុនសម្អាតបាតអាង។
តំណាងពលរដ្ឋ លោកស្រី សារឿន សាខុម បារម្ភថា ព្រៃអ្នកតារកាកាន់ មានដើមឈើធំៗមួយចំនួននៅសេសសល់ចុងក្រោយជាច្រើនហិកតារ ប្រឈមការបាត់បង់ បន្ទាប់ពីក្រុមហ៊ុនសម្អាតបាតអាងយកគ្រឿងចក្រឈូសឆាយក្នុងបរិវេណដីព្រៃសហគមន៍រយៈពេល ៤ថ្ងៃកន្លងមក។ លោកស្រីថា អ្នកភូមិមិនទាន់កំណត់ទំហំផ្ទៃដីនៃការឈូសឆាយរបស់ក្រុមហ៊ុននោះទេ បន្ទាប់ពីសហគមន៍ប្រទះឃើញគ្រឿងចក្ររបស់ក្រុមហ៊ុន បានឈូសឆាយព្រៃសហគមន៍កាលពីថ្ងៃទី៩ មីនា៖ «ក្រុមហ៊ុនបាតអាងឈូសឆាយ។ ខ្ញុំឆ្ងល់ណាស់កន្លែងណាក៏បាតអាងៗ ជុំទិស ទន្លេស្រែពក ចូលមកទន្លេសេសាន សុទ្ធតែបាតអាងទាំងអស់ តាំងពីត្រើយម្ខាងទៅនោះ ក៏បាតអាងទាំងអស់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនសម្អាតបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ លោក អ៊ុំ រ៉េត ដើម្បីសុំការបំភ្លឺករណីនេះបានទេនៅថ្ងៃទី១២ មីនា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
ព្រៃសហគមន៍ឃុំស្រែគរ ឬព្រៃអ្នកតារកាកាន់ ឋិតនៅអមសងខាងផ្លូវចូលការដ្ឋានក្រុមហ៊ុនសម្អាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ មានទំហំជាង ២.៦០០ហិកតារ ជាតំបន់ព្រៃត្រៀមបម្រុងសម្រាប់ការប្រើប្រាស់ជាលក្ខណៈសមូហភាពសហគមន៍ ដែលមិនឋិតក្នុងបរិវេណសម្អាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២។
ករណីនេះដែរ មេឃុំស្រែគរ និងជាសមាជិកគណៈកម្មការដោះស្រាយផលប៉ះពាល់ លោក សៀក មេគង្គ និយាយថា កន្លងទៅ ក្រុមហ៊ុនបានកំណត់ព្រំប្រទល់ឈូសឆាយដើម្បីសម្អាតបាតអាង ប៉ុន្តែមិនទាន់ចូលរួមពីសហគមន៍ឡើយ។ លោកអះអាងថា អាជ្ញាធរឃុំ នឹងពាំនាំការព្រួយបារម្ភរបស់សហគមន៍ ស្នើទៅអាជ្ញាធរស្រុក ដើម្បីសម្របសម្រួលបញ្ហានេះ។ លោកទទួលស្គាល់ថា ក្រុមហ៊ុនសម្អាតបាតអាង និងអាជ្ញាធរ មិនផ្តល់ព័ត៌មានស្ដីពីការបែងចែកតំបន់ដែលត្រូវទឹកលិច និងតំបន់ដែលត្រូវឈូសឆាយជាក់លាក់ជូនសហគមន៍ជ្រាបនៅឡើយទេ៖ «ខ្ញុំកំពុងព្យាយាមនិយាយតទៀត គ្រាន់តែថាពួកគាត់ចង់ដឹងជាក់លាក់ពីអាជ្ញាធរពាក់ព័ន្ធហ្នឹងថា តំបន់បាតអាងត្រឹមណាៗ គាត់ចង់ដឹងប៉ុណ្ណឹង»។
ទីប្រឹក្សានៃអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន កត់សម្គាល់ថា ក្រុមហ៊ុនសម្អាតបាតអាងទំនប់វារីអគ្គិសនី មិនទាន់កំណត់ព្រំប្រទល់តំបន់ព្រៃត្រូវសម្អាតជាក់លាក់ ជាដើមចមបង្កឲ្យបាត់បង់ដីព្រៃសហគមន៍ និងដីព្រៃនៅតំបន់ផ្សេងទៀត។ លោកថា ប្រសិនបើក្រុមហ៊ុនឈូសឆាយដីព្រៃសហគមន៍ គណៈកម្មការដោះស្រាយផលប៉ះពាល់គួរតែចេញលិខិតបទដ្ឋាន ស្នើមកសហគមន៍ និងកោះប្រជុំដកហូតដីសហគមន៍វិញមានទំហំប៉ុណ្ណាឲ្យប្រាកដ ដើម្បីងាយស្រួលសហគមន៍អភិរក្សព្រៃសហគមន៍តំបន់ណាដែលមិនប៉ះពាល់៖ «កម្ពស់របស់វាហ្នឹងវាមានកម្ពស់ប៉ុន្មានដល់ត្រឹមណា? វាឡើងដល់ត្រឹមណាទឹកហ្នឹង។ យើងកំណត់ការឈូសឆាយឲ្យបានជាក់លាក់ទៅ។ អត់បានធ្វើចឹង សហគមន៍នៅតែមន្ទិល»។
គោលនយោបាយផ្តល់សំណងផលប៉ះពាល់ប្រជាពលរដ្ឋឃុំស្រែគរ ឋិតក្នុងគម្រោងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋានទៅតាំងទីលំនៅកន្លែងថ្មី ក្រៅពីសំណងផ្ទះសម្បែង ដីលំនៅឋាន ផលដំណាំ រាជរដ្ឋាភិបាលសម្រេចផ្តល់ដីកសិកម្មជាកម្មសិទ្ធិជូនអ្នកភូមិក្នុងមួយគ្រួសារ ៥ហិកតារដូចៗគ្នា។ រហូតទល់បច្ចុប្បន្ន ប្រជាពលរដ្ឋ ២៥០គ្រួសារក្នុងចំណោមអ្នកភូមិសរុបចំនួន ៥៧០គ្រួសារ មិនទាន់យល់ព្រមទទួលយកសំណងនោះនៅឡើយ ព្រោះពលរដ្ឋទាមទារបង្កើតផែនការដោះស្រាយផលប៉ះពាល់ដោយខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋអះអាងថាអភិបាលរងខេត្តក្រចេះដឹកនាំកម្លាំងឈូសបំផ្លាញផ្ទះអ្នកភូមិប្រម៉ា២ខ្នង
- ពលរដ្ឋមកពីស្រុកភ្នំស្រួចដាក់ញត្តិសុំអន្តរាគមន៍ឲ្យដោះលែងអ្នកភូមិ២នាក់
- តំណាងពលរដ្ឋនៅក្រចេះរកអន្តរាគមន៍រឿងអាជ្ញាធរចាប់ខ្លួនអ្នកភូមិ៤នាក់
- សង្គមស៊ីវិលស្នើឲ្យអាជ្ញាធរខេត្តព្រះសីហនុបំភ្លឺរឿងឈូសឆាយដីព្រៃនៅព្រៃនប់
- ពលរដ្ឋខណ្ឌជ្រោយចង្វារជំរុញឲ្យស្ថាប័នចំនួនបីជួយបញ្ចប់ជម្លោះដីជាមួយក្រុមហ៊ុន OCIC
- អ្នកបឹងកក់៧គ្រួសារប្ដឹងអភិបាលក្រុងភ្នំពេញទៅអង្គភាពប្រឆាំងអំពើពុករលួយ
- ពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តត្បូងឃ្មុំនាំគ្នាបង្ហោះសារទៅហ្វេសប៊ុកនាយករដ្ឋមន្ត្រី
- ពលរដ្ឋប្ដឹងទៅសាលាខេត្តបន្ទាយមានជ័យឲ្យជួយទប់ស្កាត់អាជ្ញាធរមូលដ្ឋានលក់ដីទំនាស់
- ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងបន្តស្នើឲ្យបង្ហាញព័ត៌មានពីគម្រោងសង់ផ្លូវល្បឿនលឿន