អ្នក​ដែល​រក្សា​ការ​ចងចាំ​របស់​ប្រទេស​កម្ពុជា

លោក យិន នាន ប្រកាស​ចូល​និវត្តន៍​ក្រោយ​ពេល​ដែល​បំពេញ​ការងារ​នៅ​សារមន្ទីរ​ទួលស្លែង​អស់​ពេល ៣៤ ឆ្នាំ។ រូបថត SCOTT ROTZOLL

លោក យិន នាន ប្រកាស​ចូល​និវត្តន៍​ក្រោយ​ពេល​ដែល​បំពេញ​ការងារ​នៅ​សារមន្ទីរ​ទួលស្លែង​អស់​ពេល ៣៤ ឆ្នាំ។ រូបថត SCOTT ROTZOLL



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អក្សរ​ដៃ​​របស់​លោក​ យិន នាន ​គឺជា​កូដ​ដែល​ដោះ​សោ​បណ្ណាសារ​ប្រល័យ​ពូជសាសន៍​ដ៏​សំខាន់​បំផុត​ចំនួន​ពីរ​របស់​​​កម្ពុជា។ នៅ​ឯ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) លោក​បាន​ជួយ​ប្រមូល​​ឯកសារ​ខ្មែរ​ក្រហម​​ចំនួន ៦ សែន​ច្បាប់​ហើយ​បញ្ចូល​បណ្ណាសារ​​ជា​ក្រដាស​ដ៏ផុយ​ស្រួយ​នោះ​ទៅ​លើ​មីក្រូហ្វីល​។

នៅឯ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​លោក​បាន​ឈរ​ជាមួយ​នឹង​ក្រុម​គ្រួសារ​​ជនរងគ្រោះ​ខណៈ​ដែល​ពួកគេ​កំពុង​​​រក​មើល​​រូបថត​សាច់ញាតិ​ដែល​បាន​បាត់បង់​ជីវិត​។ លោក​បាន​ជួយ​ជីក​រុក​រក​រណ្តៅ​កប់​សព​រួម​បាន​ធ្វើការ​សម្ភាស​ដែល​រក​ឃើញ​ថា​អ្នកទោស ១៧៩ នាក់​រួច​ផុត​ពី​ក្តី​ស្លាប់​នៅ​គុក​ទួលស្លែង​ហើយ​លោក​ជា​សមាជិក​នៃ​ក្រុម​បាល់ទះ​ដែល​ធ្លាប់​ហ្វឹកហាត់​ក្នុង​បរិវេណ​គុក​ចាស់​នេះ។

ប៉ុន្តែ​ឥឡូវ​នេះ​បន្ទាប់ពី​បាន​បម្រើការ​អស់​ពេល ៣៤ ​ឆ្នាំ​មក​ហើយ​លោក នាន ដែល​មាន​អាយុ ៥៦ ឆ្នាំ​បាន​ប្រកាស​​ចូល​និវត្តន៍​។ ​ការ​ប្រកាស​បាន​ធ្វើ​ឲ្យ​​​មនុស្ស​ស្គាល់​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ជាពិសេស​លោក ឆាំង យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។

លោក ឆាំង យុ អង្គុយ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ដើម​ខែ​មីនា​នេះ​បាន​និយាយ​ថា៖ «បុគ្គល​អ្នក​ស្រាវជ្រាវ​អតីត​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​គាត់​បាន​ធ្វើការ​ជាមួយ​មនុស្ស​គ្រប់​​ប្រភេទ​នៅ​លើ​ពិភពលោក​ហើយ​យើង​​មិន​ដែល​ផ្ញើ​ប័ណ្ណ​អរគុណ​ដល់​គាត់​ទេ​។ ខ្ញុំ​​ចង់​យំ​នៅ​ពេល​​ខ្ញុំ​គិត​អំពី​រឿង​នេះ។ គាត់​តែងតែ​ញញឹម​គាត់​មិន​ដែល​ត្អូញត្អែរ​ទេ»។

លោក នាន ជា​បុរស​​​​មិន​សូវ​និយាយ​ច្រើន​ទេ​​។ ដោយ​ចាក់​សោ​បើក​​បន្ទប់​មួយ​នៅ​ជាន់​ខាង​លើ​​នៃ​គុក​ទួលស្លែង​កាលពី​ថ្ងៃ​ទី ១ មីនា​លោក​បាន​បដិសេធ​​មិន​មក​យក​​កៅអី​ទេ​ហើយ​ខំ​អង្គុយ​នៅ​ពី​ក្រោយ​តុ​ក្មេង​ទាំង​មិន​សុខ​ស្រួល។

លោក​មិន​ដែល​ត្រូវ​បាន​គេ​សម្ភាស​​ពី​មុន​មក​ទេ​ហើយ​​ការ​ពិភាក្សា​អំពី​ជីវិត​របស់​គាត់​ក៏​មិន​ធ្លាប់​បាន​ដំណើរការ​ដែរ។ លោក​បាន​បន្ត​ថា៖ «​ខ្ញុំ​រីករាយ​» ​​ចំពោះ​ការ​ដំឡើង​តំណែង​ជា​មន្រ្តី​បណ្ណាសារ​ជាន់​ខ្ពស់​។ ប៉ុន្តែ​លោក នាន ដឹង​ថា​រឿងរ៉ាវ​របស់​គាត់​មិន​ធម្មតា​ទេ។

ការងារ​ដំបូង​របស់​លោក​នៅ​គុក​ទួលស្លែង​គឺជា​អ្នក​បោស​សម្អាត​​ម្នាក់​នៅក្នុង​ឆ្នាំ ១៩៨២ គឺ​បី​ឆ្នាំ​បន្ទាប់​ពី​ខ្មែរ​ក្រហម​ដួលរលំ​ក្រោម​​ដៃ​របស់​​កងកម្លាំង​ដែល​គាំទ្រ​ដោយ​វៀតណាម។

នៅ​ឆ្នាំ ១៩៧៩​ មន្ទីរ​ប្រតិបត្តិការ​ដែល​គេ​ស្គាល់​ថា​មន្ទីរ​ស២១ ត្រូវ​បាន​​គេ​សម្អាត​ហើយ​​​សព​អ្នក​ទោស​ត្រូវ​បាន​បូជា​ដើម្បី​អនាម័យ​ហើយ​​អគារ​​​​​ត្រូវ​បាន​បើក​ឲ្យ​​ភ្ញៀវទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​។

ឯកសារ​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នក​ទោស​ដែល​មាន​តម្លៃ​ និង​ចម្លើយ​សារភាព​ត្រូវ​បាន​គេ​រកឃើញ​រប៉ាត់​រប៉ាយ​នៅ​ទីធ្លា​ដែល​ឯកសារ​ខ្លះ​ត្រូវ​បាន​ដុត​ចោល​ពាក់​កណ្តាល​ដោយ​កម្មាភិបាល​ខ្មែរ​ក្រហម​មុន​ពេល​ពួកគេ​រត់​គេច​ខ្លួន។

លោក នាន មិន​បាន​គិត​​ច្រើន​អំពី​​កន្លែង​ការងារ​ថ្មី​របស់​លោក​ទេ​។ លោក​បាន​រំឭក​កាលពី​ដើម​ខែ​នេះ​ថា៖ «វា​ងងឹត​ហើយ​ធុំ​ក្លិន​ឈាម​ហើយ​ឧបករណ៍​ធ្វើ​ទារុណកម្ម​នៅ​​ទីនោះ​នៅ​ឡើយ​​។ ខ្ញុំ​មាន​អារម្មណ៍​ព្រឺ​សម្បុរ​ពេល​ខ្ញុំ​ដើរ​ចូល​ទៅក្នុង​បន្ទប់​តែ​ម្នាក់​ឯង​»។


លោក ឆាំង យុ និង លោក យិន នាន ក្នុង​ពេល​សំណេះ​សំណាល​គ្នា​កន្លង​មក។ រូបថត SCOTT ROTZOLL

លោក ឆាំង យុ និង លោក យិន នាន ក្នុង​ពេល​សំណេះ​សំណាល​គ្នា​កន្លង​មក។ រូបថត SCOTT ROTZOLL

ជំនួស​ប្រាក់​ខែ​លោក​បាន​ទទួល​ជា​អង្ករ ប្រេង ស្ករ និង​បារី។ ការ​ប្រែ​ក្លាយ​ពី​​កម្មករ​ធម្មតា​ទៅ​ជា​អ្នក​ជំនាញ​គឺជា​ដំណើរ​យឺត​យ៉ាវ​មួយ។​ បន្ទាប់​ពី​​រយៈពេល​ប៉ុន្មាន​​​ឆ្នាំ​គាត់​បាន​​ប្រាក់​ខែ​ហើយ​ត្រូវ​បាន​ដំឡើង​តំណែង​ពី​អ្នក​សម្អាត​ទៅ​ជា​អ្នក​យាម។ ពេល​ដែល​វៀតណាម​ចាកចេញ​ពី​​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ១៩៨៩ លោក​ត្រូវ​បាន​គេ​ជួល​ឲ្យ​ទៅ​ធ្វើការ​នៅ​បន្ទប់​បណ្ណាសារ​ និង​ទទួល​បាន​ការ​បណ្តុះបណ្តាល​មួយ​ចំនួន​ពី​ក្រសួង​វប្បធម៌។

គាត់​បាន​ឈប់​សម្រាក​នៅ​ឆ្នាំ ១៩៩៥។ លោក ឆាំង យុ ដែល​នៅ​ក្មេង​នា​ពេល​នោះ និង​ជា​មន្រ្តី​កម្មវិធី​នៃ​កម្មវិធី​អំពើ​ប្រល័យ​ពូជសាសន៍​កម្ពុជា​នៃ​សាកលវិទ្យាល័យ យែល បាន​បញ្ចុះ​បញ្ចូល​នាយកដ្ឋាន​ហិរញ្ញវត្ថុ​របស់​សាកលវិទ្យាល័យ​ឲ្យ​បន្ត​ផ្តល់​ថវិកា​ដល់​ការិយាល័យ​ចុះ​តាម​រក​ឯកសារ​ខ្មែរ​ក្រហម​ដែល​លោក ឆាំង យុ បាន​អះអាង​ថា​ត្រូវ​បាន​គេ​ប្រើ​ជា​ក្រដាស​ខ្ជប់​ចេក​ឆាប​នៅ​ទីផ្សារ​ក្នុង​ស្រុក​។

លោក​ទទួល​បាន​ជំនួយ​ ២៥​ ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ជួល​ជំនួយការ​ហើយ​លោក​បាន​ជ្រើសរើស​យក​លោក នាន​។

វា​ជា​ការ​ចាប់​ផ្តើម​នៃ​អ្វី​ដែល​លោក ឆាំង យុ រៀបរាប់​ថា​ជា​ «​មិត្ដភាព​ពិត​ៗ» ហើយ​​ទំនាក់​ទំនង​ការងារ​ត្រូវ​បាន​ពង្រឹង​នៅ​ឆ្នាំ​បន្ទាប់​នៅ​ពេល​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ក្លាយ​ជា​ស្ថាប័ន​ស្វយ័ត។

លោក ឆាំង យុ បាន​ថ្លែង​ថា៖ «កម្ពុជា​ជា​ប្រទេស​មួយ​​ដែល​​​បំផ្លាញ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ប៉ុន្តែ​តាមរយៈ​ការ​ភ័យ​រន្ធត់​នេះ​យើង​បាន​រកឃើញ​អ្វី​មួយ​»។ មាន​​ចំណុច​ស្រប​គ្នា​ក្នុង​រឿងរ៉ាវ​ជីវិត​របស់​បុរស​ទាំង​ពីរ​។

ពួកគេ​មាន​អាយុ​ប្រហាក់​ប្រហែល​គ្នា​លោក ឆាំង យុ គិត​ថា​គាត់​ជា «បង​ប្រុស» ហើយ​​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​បំបែក​ចេញ​ពី​ក្រុម​គ្រួសារ​​ដោយ​ពួក​ខ្មែរ​ក្រហម និង​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​​កងចល័ត​ជីក​​​ប្រឡាយ​​។ បុរស​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​ខេត្ត​បាត់ដំបង​គឺ​លោក ឆាំង យុ ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ចំណែកឯ​លោក នាន ត្រូវ​បាន​បញ្ជូន​បន្ទាប់ពី​គាត់​នៅ​ព្រៃវែង​បាន ​៣ ឆ្នាំ​។

នៅ​ចុង​បញ្ចប់​ផ្លូវ​បាន​បែក​ឆ្ងាយ​ពី​គ្នា។ លោក នាន មិន​ចេះ​អង់គ្លេស និង​បារាំង​ទេ​ហើយ​ការ​ទម្លាក់​គ្រាប់បែក​ដោយ​អាមេរិក​នៅ​ព្រៃវែង​បាន​​បង្អាក់​ការ​អប់រំ​របស់​គាត់​នៅ​មុន​ឆ្នាំ ១៩៧៥។ ​​គាត់​បាន​វិល​មក​ដី​គ្រួសារ​វិញ​រហូត​ទាល់តែ​ពូ​របស់​គាត់​រក​ការងារ​ជា​អ្នក​បោស​សម្អាត​ឲ្យ​គាត់​បាន​នៅ​គុក​ទួលស្លែង។

លោក ឆាំង យុ ដែល​​​បាន​​ធំ​​លូតលាស់​ក្នុង​គ្រួសារ​​វណ្ណៈ​​កណ្តាល​នៅ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ឲ្យ​អង្គការ​អន្ដរជាតិ​នៅ​ក្នុង​រដ្ឋធានី​ភ្នំពេញ និង​បាន​ចំណាយ​ពេលវេលា​នៅ​សហរដ្ឋ​អាមេរិក។ ចំណង់​ចំណូល​ចិត្ត​ និង​បទពិសោធ​​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​​ជំរុញ​ឲ្យ​គាត់​ឡើង​ដល់​​កំពូល។ នៅ​ឆ្នាំ ២០០៧ លោក John Kerry សមាជិក​ព្រឹទ្ធសភា​បាន​ជ្រើសរើស​លោក​​ជា​ឥស្សរជន Time 100 ក្រោម​ប្រភេទ​ «វីរបុរស និង​ជា​អ្នក​ដំបូង​គេ​»។

កិច្ចសហការ​របស់​បុរស​ទាំង​ពីរ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​អ្វី​ដែល​លោក ឆាំង យុ ថា​គឺជា​សមត្ថភាព​ដូច​គ្នា «ក្នុង​ប្រវត្តិសាស្រ្ត​ជា​សិល្បៈ​»។

នៅ​ពេល​ដែល​ធ្វើការ​រួម​គ្នា​ពួកគេ​រក​បណ្ណាសារ​ដោយ​ប្រើ​រូបភាព «ទំព័រ​លឿង​វា​មាន​រូបភាព​ហើយ​ក្រដាស​ពុក​មិនមែន​ផ្អែក​លើ​លេខ​ស៊េរី​ទេ។

លោក ឆាំង យុ បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ធ្វើ​កិច្ចការ​នេះ​ឲ្យ​​គាត់​អស់​រយៈពេល​ ២០ ឆ្នាំ​ហើយ​គាត់​មិន​ដែល​ខក​ខាន​​មិន​បំពេញ​សំណើ​​ណា​មួយ​ឡើយ​»។

ការ​អប់រំ​របស់​លោក នាន ផ្នែក​បណ្ណាសារ​ពឹង​ផ្អែក​លើ​ទេពកោសល្យ​ធម្មជាតិ​។​ គាត់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​ក្រៅ​ប្រទេស​ប៉ុន្តែ​គេ​បង្រៀន​ដោយ​ប្រើ​ភាសា​ដែល​លោក​មិន​អាច​យល់។

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​​ទៅ​យក​​​​ម៉ាស៊ីន​មីក្រូហ្វីល​ទុក​ថត​ចម្លង​ឯកសារ​ខ្មែរ​ក្រហម​នៅ​បណ្ណាសារ​។ លោក នាន បាន​​ផ្គុំ និង​ដំណើរការ​ម៉ាស៊ីន​ដោយ​ប្រើ​សៀវភៅ​ណែនាំ​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស។ លោក​បាន​ថ្លែង​ថា៖ «​ខ្ញុំ​​ចូលចិត្ត​ការ​អនុវត្ត​ជា​ជាង​ការ​បង្រៀន»។

បើ​តាម​ Craig Etcheson អ្នក​និពន្ធ​​សៀវភៅ​ «​បន្ទាប់ពី​វាល​ពិឃាត​» បាន​ឲ្យ​ដឹង​ថា​ការ​រួម​ចំណែក​របស់​ នាន ត្រូវ​បាន​​ទទួល​ស្គាល់​ដោយ​អ្នក​ដែល​ធ្វើការ​​ជាមួយ​គាត់​ថា​​ជា​ «​​តួ​អង្គ​សំខាន់​» នៅក្នុង​ការ​អភិរក្ស​ឯកសារ​តាមរយៈ​មីក្រូហ្វីល​។

Theresa de Langis ដែល​កំពុង​ប្រើ​បណ្ណាសារ​នោះ​​ដើម្បី​ធ្វើការ​​ស្រាវ​ជ្រាវ​អំពី​ការ​រៀប​ការ​ទាំង​បង្ខំ​បាន​ថ្លែង​ថា​នៅពេល​លក្ខណ​សម្បត្តិ​របស់​គាត់​ត្រូវ​បាន​លើក​ឡើង​គឺ​វា​បង្ហាញ​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ដោយ​ស្ងៀមស្ងាត់​របស់​គាត់​៖ «​វិញ្ញាណ​ដោយ​ស្ងប់ស្ងាត់​ជាមួយ​នឹង​​ការ​ញញឹម​​ពី​ធម្មជាតិ​នៅ​ក្នុង​ភ្នែក​របស់​គាត់​»​។

«​វា​និយាយ​មិន​ចេញ​​នៅ​ពេល​គាត់​​បង្ហាញ​​ខ្ញុំ​នូវ​ការ​សារភាព​ទាំង​នោះ​ពី​កន្លែង​ទុក​ឯកសារ​សរសេរ​ដោយ​ដៃ​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ​​នៅក្នុង​ដៃ​គាត់​»។

នាន ​គឺជា​មនុស្ស​ខិតខំ​ធ្វើការ​​ក្នុង​ការ​​​បង្ហាញ​អំពី​ការ​ពិត​​នៅ​បណ្ណាសារ​។ នៅពេល​គាត់​បាន​ឃើញ​​​មេគុក​ស‑២១ ឌុច នៅក្នុង​សវនាការ​​ក្នុង​ឆ្នាំ​ ២០០៩​ គាត់​មាន​ឆន្ទៈ​​ធ្វើ​ការងារ​ និង​ពិនិត្យ​រាល់​អ្វីៗ​ទាំង​​អស់​មុន​ពេល​ផ្ញើ​វា​ចេញ។​ គាត់​ពិតជា​រៀបចំ​បាន​យ៉ាង​ល្អ​»។

ប៉ុន្តែ​មាន​ពេលវេលា​ខ្លី​នៅ​ពេល​ឯកសារ​ដែល​ត្រូវ​បាន​ដាក់​លេខ​​យ៉ាង​មាន​របៀប​​បាន​ក្លាយ​ជា​អ្វី​ដែល​លើស​ពី​ការពិត​ជាពិសេស​នៅ​ពេល​គ្រួសារ​ជាច្រើន​បាន​មក​​ស្វែងរក​សាច់ញាតិ​របស់​ខ្លួន។

លោក​បាន​រំឭក​អំពី​រឿង​ខ្លី​មួយ​ជាមួយ​នឹង​អារម្មណ៍​​រំជួល​ចិត្ត​ដ៏កម្រ​មាន​៖ ឪពុក​ម្តាយ​ដែល​​មក​មើល​ឯកសារ​កូន​ប្រុស​របស់​ខ្លួន​ដែល​បាន​ស្លាប់​នៅ​ក្នុង​​គុក​ទួលស្លែង​បាន​ដឹង​ថា​បុរស​ដែល​​សម្លាប់​កូន​របស់​គាត់​គឺជា​មិត្តភក្តិ​​។ ​នាន បាន​ផ្តល់​ឲ្យ​ពួកគេ​នូវ​​រូបថត​ចម្លង​​ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​​ពិធី​បុណ្យ​​​​ដល់​កូន​របស់​ខ្លួន​តាម​ប្រពៃណី​។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ឥឡូវ​នេះ​ នាន ​បាន​និង​កំពុង​ព្យាយាម​សរសេរ​សៀវភៅ​មួយ​។ វា​នឹង​ជា​ផ្នែក​នៃ​ប្រវត្តិសាស្រ្ត​ និង​ជា​ផ្នែក​នៃ​សៀវភៅ​​ផ្ទាល់​ខ្លួន​អំពី​សម័យកាល​របស់​ នាន ​នៅ​បណ្ណាសារ​។ ដំបូន្មាន​របស់ លោក ឆាំង យុ គឺ​ថា​សូម​អាន​​ការ​បកប្រែ​ភាសា​ខ្មែរ​​នៃ​សំឡេង​​របស់ David Chandler ​ពី​ស‑២១ និង​ «​​សរសេរ​អ្វី​​ដែល​មិន​​នៅ​ក្នុង​វា​»។

អ្វី​ដែល​សរសេរ​នោះ​​មាន​ន័យ​គឺ​ថា​ជា​ញឹកញាប់​គឺ​ខ្មោច​ពាក្យ​ចចាម​អារ៉ាម​ដូចជា សន្តិសុខ កាល​ពី​មួយ​សតវត្សរ៍​មុន​ស្លាប់​​ដោយសារ​គាំ​បេះដូង​បន្ទាប់ពី​យល់​សប្តិ​ឃើញ​​ព្រលឹង​​នៅ​​កន្លែង​ធ្វើ​ទារុណកម្ម​ចាស់​ជាមួយ​មិត្តភក្តិ​បី​នាក់​។

មួយ​ថ្ងៃ​បន្ទាប់ពី​យើង​ជួប​គ្នា​នៅ​ទួលស្លែង នាន ​​បាន​ទៅ​ការិយាល័យ​របស់​លោក ឆាំង យុ នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam) ​ដោយ​មិន​បាន​គ្រោង​ទុក​​នៅ​ពេល​ម៉ោង​ឈប់​សម្រាក​បាយ​ថ្ងៃ​ត្រង់​របស់​គាត់​។ ​គាត់​បាន​សើច​នៅពេល​លោក​ យុ បាន​ព្យាយាម​​សួរ​គាត់​ថា​ «​​តើ​អ្នក​សោក​ស្តាយ​​​​នឹង​ការ​ធ្វើ​ការងារ​នេះ​​ឬ​អត់​នៅពេល​អ្នក​មិន​ទទួល​បាន​ប្រាក់​ខែ​ច្រើន​?»​ «​​ហេតុ​អ្វី​បាន​ជា​អ្នក​នឹង​​ចូល​និវត្តន៍? ​តើ​អ្នក​ទន្ទឹង​រង់ចាំ​អ្វី​នៅពេល​អ្នក​ទៅ​ដល់​កន្លែង​ការងារ​?»។

ចម្លើយ​របស់​ នាន គឺ​ស្ងៀមស្ងាត់​​ និង​ខ្លី​។ ​គាត់​ស្រឡាញ់​ការងារ​របស់​គាត់​ហើយ​នេះ​ជា​ចម្លើយ​​ដែល​ធ្វើ​ឲ្យ​លោក ឆាំង យុ ​សើច។

នៅពេល​ នាន និយាយ​ថា​គាត់​មិន​បារម្ភ​អំពី​ការ​ចូល​និវត្តន៍​ដោយសារ​​អ្នក​​​បណ្ណាសារ​ថ្មី​​មាន​វ័យ​ក្មេង​ជាង និង​មាន​ការ​អប់រំ​ពី​សាកល​វិទ្យាល័យ​ និង​​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នៅ​​វៀតណាម​អស់​រយៈពេល​មួយ​ខែ​ដើម្បី​ឲ្យ​ធ្វើ​ការងារ​បាន​ល្អ​លោក​ យុ បាន​ប្រាប់​គាត់​ថា​៖ ​«​អ្នក​មាន​ការ​បណ្តុះបណ្តាល​អស់​រយៈពេល​ ៣៤ ​ឆ្នាំ​!»។

នៅក្នុង​អារម្មណ៍​គិត​ដោយ​ស្ងាត់ៗ​លោក យុ បាន​ពន្យល់​ថា​៖ «​​បច្ចេកវិទ្យា​មិន​អាច​ជំនួស​ប្រវត្តិសាស្រ្ត​បាន​ទេ​។ យើង​គិត​ថា​ការ​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ឌីជីថល​នឹង​បម្រើ​អត្ថប្រយោជន៍​របស់​យើង​ប៉ុន្តែ​​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ប្រវត្តិសាស្រ្ត​នៅ​តែ​ជា​ការ​ប្រាប់​អំពី​សាច់​រឿង។

សម្រាប់​ខ្ញុំ​បុរស​នេះ​គឺជា​ប្រវត្តិសាស្រ្ត​»។

លោក​បាន​ថ្លែង​ថា​៖ «​គាត់​ដូចជា​នាគ​ក្បាល​ ៧ ​​​ដែល​ការពារ​ព្រះពុទ្ធ​»។ នាន សើច​ចំពោះ​ការ​ប្រៀប​ធៀប​នេះ​។ ​គាត់​បាន​ថ្លែង​ថា​ការងារ​របស់​គាត់​ធ្វើ​ឲ្យ​គាត់​រីករាយ​ប៉ុន្តែ​គាត់​ចង់​ផ្តោត​ទៅ​លើ​សៀវភៅ​របស់​គាត់​។ ចៅ​ទី​មួយ​របស់​គាត់​ទើប​តែ​បាន​កើត​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​គាត់​ចាស់​។

គាត់​និយាយ​ជាមួយ​នឹង​​ការ​ញញឹម​ថា​៖ «​​មិត្តភក្តិ​ទាំងអស់​របស់​ខ្ញុំ​បាន​ចូលនិវត្តន៍​អស់​ហើយ ហើយ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​ឥឡូវ​នេះ​ដល់​ពេល​ខ្ញុំ​ចូល​និវត្តន៍​ហើយ​»៕TK/PS


Contact authors: Vandy Muong and Harriet Fitch Little

What Next?

Recent Articles

One Response to "អ្នក​ដែល​រក្សា​ការ​ចងចាំ​របស់​ប្រទេស​កម្ពុជា"

  1. Judge says:

    សូមសរសើរដល់ការតស៊ូជីវិត ពិត និង បុព្វហេតុនៃការតស៊ូនេះ។
    វិរៈភាព មិនកើតឡើងពី អំនួត។ បើ ត្រូវខ្សែ តែខុសគំនិតក្តី គាត់នឹងក្លាយជា បណ្ឌិត បណ្ឌិត យិន នាន មិនខាន។ មោទនភាពនឹងការពិត ជាសុឆន្ទៈ។
    សំនៀង